អន្តរជាតិ
ចិន ប្រហារជីវិត​អតីត​មេក្រុម​ហ៊ុន​រដ្ឋ​ម្នាក់​ដែល​ត្រូវ​កាត់ទោស​ពីបទ​ពុករលួយ និង​ទ្វេ​ពន្ធភាព
30, Jan 2021 , 1:59 pm        
រូបភាព
លោក Lai Xiaomin ត្រូវប្រហារជីវិតក្រោយត្រូវបានកាត់ទោសពីបទពុករលួយ និងទ្វេពន្ធភាព។ រូបថត AFP
លោក Lai Xiaomin ត្រូវប្រហារជីវិតក្រោយត្រូវបានកាត់ទោសពីបទពុករលួយ និងទ្វេពន្ធភាព។ រូបថត AFP
​អាជ្ញាធរ​ចិន នៅ​ថ្ងៃទី​២៩ ខែមករា បាន​កាត់ទោស​ប្រហា​ជីវិត​អតីត​មេក្រុម​ហ៊ុន​រដ្ឋ​ម្នាក់​ដែល​ត្រូវ​កាត់ទោស​ពីបទ​ពុករលួយ ស៊ីសំណូក និង​រស់នៅ​ជាមួយ​ប្រពន្ធ​លួចលាក់​បំពាន​ច្បាប់​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន​រដ្ឋ​ចិន CCTV ។​

 
​លោក Lai Xiaomin អតីត​ប្រធាន​ក្រុមហ៊ុន Huarong ដែលជា​ក្រុមហ៊ុន​រដ្ឋ​ទទួលបន្ទុក​ចាត់ចែង​ទ្រព្យសម្បត្តិ ត្រូវបាន​ប្រហារ​ដោយ​តុលាការក្រុង​ធាន​ជីន​។ ក្នុង​សវនាការ​នៅ​ដើម​ខែម​ករានេះ លោក​ត្រូវ​ចោទថា ទទួល​សំណូក​២៦០​លាន​ដុល្លារ​ក្រោម​ទម្រង់​ជា​អំពើពុករលួយ​ផ្សេង​។ លោក​ក៏ត្រូវ​រកឃើញថា មាន​កំហុស​ពីបទ​ទ្វេ​ពន្ធភាព​ដោយ​រស់នៅ​ជាមួយ​ស្ត្រី​ម្នាក់​ក្រៅ​ចំណងអាពាហ៍ពិពាហ៍​ស្របច្បាប់ និង​មានកូន​មិន​ស្របច្បាប់​ផង​។​
 
​បើតាម​ទូរទស្សន៍​រដ្ឋ​ចិន CCTV តុលាការ​កំពូល​ចិន ដែល​បាន​ត្រួតពិនិត្យ និង​ផ្ដល់​ភ្លើង​បៃតង​ដល់​ការប្រហារជីវិត​ផង លើកឡើងថា ទឹកប្រាក់​សំណូក​ដែល​ទទួល​ដោយ​លោក Lai Xiaomin មាន​ទំហំ​ធំ​ណាស់ បទឧក្រិដ្ឋ​ក៏​ធ្ងន់ធ្ងរ ហើយ​ផលប៉ះពាល់​ផ្នែក​សង្គម ក៏​ធ្ងន់ធ្ងរ​ដែរ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន មិនបាន​បញ្ជាក់​ពី​វិធី​ប្រហារជីវិត​លើ​លោក Lai ឡើយ តែ​លោក​ត្រូវបាន​អនុញ្ញាតឱ្យ​សាច់ញាតិ​ដែរ​មិន​ត្រូវបាន​ប្រហារជីវិត​។​
 
​ជាការ​កត់សម្គាល់ ក្នុង​តុលាការ​ចិន អត្រា​នៃ​ការ​មានទោស​មាន​ដល់​៩៩​ភាគរយ​ឯណោះ ហើយ​ទោស​ប្រហា​ជីវិត​វិញ កម្រ​ត្រូវបាន​បដិសេធ​ណាស់ ដែលជា​ធ្វើឱ្យ​ចិន​ស្ថិត​លើ​កំពូល​តារាង​ប្រទេស​ដែល​ប្រហារជីវិត​អ្នកទោស​ច្រើនជាងគេ​។ អ្នកទោស​មិនតិចជាង​ខ្ទង់ពាន់​នាក់​ឡើយ​ដែល​ត្រូវ​ប្រហារជីវិត​រាល់​ឆ្នាំ​។ ចំនួន​ទោស​ប្រហារជីវិត​ដែល​ត្រូវបាន​អនុវត្ត​កន្លងមក ត្រូវ​ចាត់ទុកជា​ការណ៍​សម្ងាត់​របស់​រដ្ឋ​ទៀតផង​។​
 
​ជីវិត​របស់លោក Lai បាន​ធ្លាក់ចុះ​មួយ​រំពេច​នៅ​ឆ្នាំ​២០១៨ ពេល​លោក​ត្រូវ​ដាក់ឱ្យ​ស្ថិតក្រោម​ការស៊ើបអង្កេត​ពាក់ព័ន្ធ​អំពើពុករលួយ ហើយ​ត្រូវ​បណ្ដេញ​ពី​តំណែង និង​តួនាទី​ក្នុង​បក្ស​កុម្មុយនីស្ត​ចិន​។ លោក​ក៏ត្រូវ​ចោទថា ប្រើប្រាស់​តួនាទី​របស់ខ្លួន​ដើម្បី​កេង​យកប្រាក់​៣.៨​លាន​ដុល្លារ​ចន្លោះ​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៨ ផងដែរ​។​
 
​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​នៅ​ចិន​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង ធ្វើឱ្យ​មន្ត្រី​ជាច្រើន​អស់តំណែង និង​ខ្លះ​ដល់​ថ្នាក់​អស់​ជីវិត​។ សូម្បី​អតីតមន្ត្រី​ថ្នាក់​កំពូល​ដូចជា​លោក ចូ​វ យ៉ុង​ខាង ក៏​មិន​រួច​ផុតពី​កណ្ដាប់ដៃ​ដែក​របស់លោក ស៊ី ដែល​ប្ដេជ្ញាចិត្ត​បោសសម្អាត​អំពើពុករលួយ​ទាំង​លើ​មន្ត្រី​ខ្លា និង​មន្ត្រី​រុយ​៕ 
 
 
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com