COVID-19
ជាតិ
COVID-19៖ វិជ្ជមាន២៩នាក់ទៀត និងសះស្បើយ៣៤នាក់
24, Mar 2021 , 10:08 am        
រូបភាព
ការយកសំណាកទៅធ្វើតេស្តកន្លងមកនៅខេត្តសៀមរាប។ រូបថត Mey Sokharith
ការយកសំណាកទៅធ្វើតេស្តកន្លងមកនៅខេត្តសៀមរាប។ រូបថត Mey Sokharith
ករណីវិជ្ជមានកូវីដ-១៩ ចំនួន២៩នាក់ទៀត ត្រូវបានប្រកាសនៅថ្ងៃពុធ ទី២៤ ខែមីនា នេះ ដែលក្នុងនោះមាន២៧នាក់ ស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយភាគច្រើននៅភ្នំពេញ។ ខណៈត្បូងឃ្មុំជាខេត្តទី១៣ដែលមានករណីសហគមន៍នេះ ។ បើតាមក្រសួងសុខាភិបាល អ្នកជាសះស្បើយមាន៣៤បន្ថែមទៀតផងដែរ។



២ករណី​នាំចូល មាន ១នាក់ជាបុរសឥណ្ឌូណេស៊ីអាយុ៣០​ឆ្នាំ អាសយដ្ឋានស្នាក់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលធ្វើដំណើរពីប្រទេសខ្លួន​មកដល់កម្ពុជានៅថ្ងៃទី២២ ខែមីនា រីឯ១នាក់ទៀត ជាស្ត្រីជន​ជាតិហ្វីលីពីន​អាយុ៤៧​ឆ្នាំ អាសយដ្ឋាននៅ​សង្កាត់ស្លាក្រាម​ ខេត្ត​សៀមរាប ដែលមកដល់កម្ពុជានៅថ្ងៃទី២២ ខែមីនា ដូចគ្នា។

២៧ករណីទៀតជាករណីសហគមន៍​២០កុម្ភៈ ដោយ២២នាក់​ស្ថិតនៅ​ក្នុងរាជធានីភ្នំពេញ ដោយភាគច្រើនជាជនជាតិខ្មែរ ក្រៅពីនេះ មាន​បុរសនីហ្សេរីយ៉ា១នាក់ និង​បុរសអាមេរិក១នាក់។ ករណីនៅភ្នំពេញមាន​នៅ​សង្កាត់ចាក់អង្រែ, សង្កាត់ព្រៃសរ, សង្កាត់ទូលទំពូង, សង្កាត់ព្រែកឯក, សង្កាត់ព្រែកកំពឹស, សង្កាត់ភ្នំពេញថ្មី, សង្កាត់ស្រះចក, សង្កាត់បឹងសាឡាង, សង្កាត់កាកាប១, សង្កាត់បឹងធំ, សង្កាត់ផ្សារដើមថ្កូវ ជាដើម។

៣នាក់​ករណីនៅ​កោះកុង ជាបុរសចិនទាំង៣នាក់ មានអាសយដ្ឋាននៅ​ភូមិកូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ។ នៅព្រៃវែង​មាន១ករណី ដោយអ្នកជំងឺជាកុមារីអាយុ៣ឆ្នាំពីស្រុកល្វាឯម ខេត្តកណ្តាល។ រី​ឯករណីដំបូងនៅត្បូងឃ្មុំ ជាបុរសអាយុ៤២ឆ្នាំ អាសយដ្ឋាននៅភូមិចំការគរ ឃុំដារ ស្រុកមេមត់។

ស្របពេលជាមួយគ្នា អ្នកជំងឺ​៣៤នាក់ទៀតបានជាសះស្បើយ ក្នុងនោះ​៣៣នាក់ស្ថិតក្នុងសហគមន៍ដោយ៨នាក់ចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៤នាក់ពីមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល ១៥នាក់ពីសណ្ឋាគារ The Great Duke និង​៦នាក់ពីមជ្ឈមណ្ឌល​ប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុប១៨១៧នាក់ ក្នុងនោះ១២៩៣នាក់ស្ថិតក្នុងសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយសរុបមាន១០៣៣នាក់ និងស្លាប់មាន៥នាក់។ ករណីសហគមន៍២០កុម្ភៈ មាននៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង កោះកុង កំពង់ធំ សៀមរាប កំពង់ចាម តាកែវ ស្វាយរៀង បាត់ដំបង កែប និងត្បូងឃ្មុំ។ មនុស្ស៧៧៧នាក់ ទៀតកំពុងបន្តសម្រាកព្យាបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com