កីឡាអន្តរជាតិ
អន្តរជាតិ
Sir Alex Ferguson តាមផ្តល់កម្លាំងចិត្ត Man Utd សម្រាប់ជំនួបជាមួយ Villarreal យប់នេះ
26, May 2021 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
Sir Alex Ferguson បានជិះយន្តហោះជាមួយក្រុម Manchester United ក្នុងដំណើរទៅកាន់ក្រុង Gdansk សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ជាមួយ Villarreal នាម៉ោង២យប់នេះ។ នេះជាការលើកទឹកចិត្តដ៏ធំមួយរបស់និមិត្តរូបបីសាចក្រហម ចំពោះក្រុមលោក Ole Gunnar Solskjaer ដែលជាកូនសិស្សរបស់ខ្លួន ខណៈដែលគ្រូបង្វឹក Villarreal លោក Unai Emery ព្យាយាមឈ្នះពានលំដាប់ទីពីរតំបន់អឺរ៉ុបនេះ បន្ថែមទៀត។


 
លោក Ole Gunnar Solskjaer បានដឹកនាំ Manchester United ទៅកាន់ក្រុង Gdansk ប្រទេសប៉ូឡូញ កាលពីល្ងាចថ្ងៃចន្ទ ដែលក្រៅពីកីឡាករ និងបុគ្គលិក Sir Alex Ferguson អតីតអ្នកចាត់ការទូទៅក៏មានវត្តមាននៅលើយន្តហោះនោះផងដែរ។ ជ័យជម្នះមួយប្រកួតចុងក្រោយនឹងអាចសាងកេរ្តិ៍ឈ្មោះរបស់លោក Solskjaer ដើម្បីរំលឹកដល់ស្មារតីឆ្នាំ១៩៩៩ ក្រោមការដឹកនាំរបស់ Sir Alex។ 
 
នាការប្រកួតនៅ Camp Nou កាលណោះ Bayern Munich នាំមុខ១គ្រាប់នៅដើមតង់ ហើយ Man Utd តាមពីក្រោយ២គ្រាប់នៅនាទីបន្ថែម ដោយគ្រាប់ទី២សម្រាប់បានដោយ Solskjaer ដែលនាំឲ្យបិសាចក្រហមឈ្នះពាន Champions League។
 
ទោះបីជាយ៉ាងណាក៏ដោយ ក្តីសុបិននេះ ក៏មិនងាយស្រួលសម្រេចនោះដែរ ព្រោះថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Uni Emery មានកំណត់ត្រាដ៏គួរឲ្យកត់សម្គាល់នៅ Europa League។ លោកបាននាំ Sevilla ឈ្នះពាន៣រដូវកាលជាប់គ្នា (២០១៤, ២០១៥, ២០១៦) និងនាំ Arsenal ឈានទៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៩។ ក្រោយទម្លាក់ Arsenal ដែលជាអតីតក្លិបរបស់ខ្លួន លោក Emery រំពឹងផ្តល់មេរៀនដ៏ខកចិត្តមួយបន្ថែមទៀតសម្រាប់ក្រុមអង់គ្លេស ដើម្បីជួយ Villarreal ឈ្នះពានលំដាប់ទីពីរអឺរ៉ុបនេះជាលើកដំបូង៕
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com