កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ អ្នកគាំទ្រ Man City និង Chelsea វាយប្រតប់គ្នាមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រមកដល់
29, May 2021 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ

ដោយ៖ជា យូគៀង

អ្នកគាំទ្រក្រុមមេឃខៀវ Manchester City និងក្រុមតោខៀវ Chelsea បានវាយប្រតាយប្រតប់គ្នានៅមុខកីឡដ្ឋាន Estadio Do Dragao របស់ក្លិបបាល់ទាត់ ​FC Porto មុននឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឈានចូលមកដល់។ អ្នកគាំទ្រជាច្រើននាក់បានមកដល់ទឹកដីប្រទេសព័រទុយហ្គាលរួចជាស្រេច សម្រាប់ការប្រកួតដ៏ធំមួយនេះ រវាងក្រុមយក្សរបស់ប្រទេសអង់គ្លេសទាំងពីរ។



រឿងហេតុដែលកើតឡើងគឺបណ្តាលមកក្រុមអ្នកគាំទ្រខ្លះនៃក្រុមទាំងពីរ បានល្មើសទៅនឹងវិធានការសុខាភិបាលក្នុងការទប់ស្តាត់កូវីដ-១៩ របស់ប្រទេសព័រទុយហ្គាល ដោយពួកគេបានចេញក្រៅសណ្ឋាគាដែលស្នាក់នៅ ដើម្បីជួបជុំក្នុងចំណោមមនុស្សច្រើន ហើយទំនងជាមានការឌឺដងពាក្យសម្ដី ទើបបង្កជាការប្រតាយប្រតប់គ្នា នៅតាមទីសាធារណៈដែលបង្កជាភាពអសន្តិសុខ។ អ្នកគាំទ្រខ្លះ មិនបានដឹងពីបម្រាមហាមឃាត់ ដោយមិនឲ្យមានការផឹកស្រានៅតាមហាង បានត្រឹមម៉ោង ១០:៣០ នាទីយប់ ដើម្បីទប់ស្កាត់កូវីដ-១៩ នៅក្នុងប្រទេសព័រទុយហ្គាល់។

ក្រុមមន្រ្តីប៉ូលីសដែលនៅទីក្រុង Porto បានមកបង្រ្កាប់ដល់ក្រុមអ្នកគាំទ្រទាំងនោះ ដោយឲ្យពួកគេវិលត្រលប់ទៅកាន់សណ្ឋាគារបស់ពួកគេវិញ ដោយមិនតម្រូវឲ្យក្រុមអ្នកគាំទ្រ នៅជួបជុំក្នុងចំណោមមនុស្សច្រើនឡើយ។ ក្រុមអ្នកគាំទ្រខ្លះបានប្រតាយប្រតប់មកលើក្រុមមន្រ្តីប៉ូលីសវិញផងដែរ។

នៅក្នុងអំឡុងការបង្រ្កាប់នោះមានសាក្សីម្នាក់បាននិយាយថា៖«វាជារឿងតូចតាចនោះទេ អ្នកខ្លះគេចង់ផឹកស្រាឬ ភេសជ្ជៈផ្សេងៗ ប៉ុន្តែប៉ូលីសបានមកដេញឲ្យពួកគេត្រលប់ទៅសណ្ឋាគាវិញ។ វាមិនមានបញ្ហាអ្វីនោះទេរវាងអ្នកគាំទ្រ Man City រួមទាំងអ្នកគាំទ្រ Chelsea»៕





© រក្សាសិទ្ធិដោយ thmeythmey.com