អន្តរជាតិ
ប្រមុខ WHO ថា ដល់ពេលត្រូវពិភាក្សាលើសន្ធិសញ្ញាស្ដីពីជំងឺឆ្លងសកលហើយ
01, Jun 2021 , 3:39 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖ ជា ពេជ្រដាឡែន
 
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) Tedros Adhanom Ghebreyesus នៅថ្ងៃទី៣១ ខែឧសភា អំពាវនាវឱ្យប្រទេសទាំងអស់ ចាប់ផ្តើមពិភាក្សាលើសន្ធិសញ្ញាអន្តរជាតិមួយស្តីពីជំងឺឆ្លងសកលដើម្បីជំរុញឱ្យមានការត្រៀមខ្លួនសម្រាប់ជំងឺរាលដាលណាមួយនៅថ្ងៃខាងមុខ និងការបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ការបង្កើតសន្ធិសញ្ញាថ្មីនេះ ត្រូវបានលោក Tedros ចាត់ទុកជាផ្នែកមួយនៃកំណែទម្រង់ WHO ដែលជារឿងចាំបាច់មួយ។

 
 
ថ្លែងក្នុងមហាសន្និបាតសុខាភិបាលពិភបលោកនៅថ្ងៃទី៣១ ខែឧសភា ប្រមុខ WHO លោក Tedros Adhanom Ghebreyesus អះអាងថា សា្ថប័នរបស់លោក ជួបប្រទះបញ្ហាប្រឈមដ៏ធំក្នុងការរក្សាការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងត្រូវការហិរញ្ញវត្ថុប្រកបដោយចីរភាព និងបត់បែនបាន។ លោក Tedros ក៏លើកឡើងពីភាពចាំបាច់ក្នុងការបង្កើតសន្ធិសញ្ញាអន្តរជាតិដើម្បីពង្រឹងការឆ្លើយតបជំងឺឆ្លងជាសកលផងដែរ។
 
រដ្ឋមន្រ្តីសុខាភិបាលប្រទេសសមាជិក WHO នឹងជួបគ្នាជាថ្មីនៅខែវិច្ឆិកាខាងមុខ ដើម្បីជជែកពីគម្រោងបង្កើតសន្ធិសញ្ញានេះ។ យ៉ាណាមិញ ការឈានដល់សន្ធិសញ្ញាអន្តរជាតិមួយ ទំនងជាត្រូវដើរលើផ្លូវ វែងឆ្ងាយទៅមុខទៀតក្នុងការតាក់តែង និងការអនុម័តសន្ធិសញ្ញានោះ។ ជាក់ស្ដែង អនុសញ្ញាក្របខណ្ឌ WHO ស្តីពីការត្រួតពិនិត្យថ្នាំជក់ដែលជាសន្ធិសញ្ញាសុខភាពលើកដំបូងរបស់ ពិភពលោក ត្រូវចរចា៤ឆ្នាំឯណោះ ទើបចេញជារូបរាងនៅឆ្នាំ២០០៣។
 
«អនុសាសន៍មួយដែលខ្ញុំជឿថា នឹងអាចពង្រឹងទាំង WHO និងសន្តិសុខសុខភាពពិភពលោកបាន ច្រើនបំផុតនោះ គឺសន្ធិសញ្ញាស្តីពីការត្រៀមបង្ការ និងការឆ្លើយតបជំងឺឆ្លង។» លោក Tedros បញ្ជាក់បែបនេះនាកិច្ចប្រជុំដដែល។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្រ្តីអូស្រ្តាលី បានថ្លែងក្នុង សន្និបាតដដែលថា សន្ធិសញ្ញាពិតជាមានសារសំខាន់ក្នុងការពង្រឹងសមត្ថភាពប្រទេសលើពិភពលោក និងផ្ដល់សិទ្ធិអំណាច និងសមត្ថភាពបន្ថែមដល់ WHO ក្នុងការទប់ទល់ជំងឺឆ្លងនៅថ្ងៃខាងមុខ ។ 
 
ចំណែកឯលោក Frank Tressler Zamorano ឯកអគ្គរដ្ឋទូតស៊ីលី ដែលថ្លែងតំណាងឱ្យប្រទេស៦០ អះអាងថា សន្ធិសញ្ញាស្តីពីជំងឺឆ្លងនឹងជួយបានច្រើនក្នុងការដោះស្រាយវិបត្តិពិភពលោក។ លោកក៏ បានអំពាវនាវឱ្យអ្នកជំនាញចូលរួមរៀបចំកែទម្រង់ប្រព័ន្ធ WHO ឡើងវិញផងដែរ៕
 
 
 
 
 
 
 
 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com