កីឡាអន្តរជាតិ
អន្តរជាតិ
Ancelotti ថា Ramos, Bale, Hazard ជាកីឡាករសំខាន់ដែល Real Madrid មិនអាចខ្វះបាន
03, Jun 2021 , 9:29 pm        
រូបភាព
ដោយ៖ជា យូគៀង 

លោក Carlos Ancelotti ដែលទើបទទួលបានតំណែងគ្រូបង្វឹកក្រុមអធិរាជស Real Madrid ជាលើកទីពីរ បានធ្វើសន្និសីទសារព័ត៌មានជាលើកដំបូងនាថ្ងៃទី២ខែមិថុនា។ លោក Ancelotti បាននិយាយផ្តោតទៅលើកីឡករសំខាន់ៗដែលលោកត្រូវការសម្រាប់រដូវកាលថ្មីខាងមុខ ជាពិសេសអំពីអនាគតរបស់ខ្សែការពារ Sergio Ramos ។


នាសន្និសីទសារព័ត៌មានលើកដំបូងលោក Ancelotti ត្រូវបានចោទសួរនៅសំណួរជាច្រើនពាក់ព័ន្ធនិងកីឡាករសំខាន់បីរូបរួមមានខ្សែការពារ Sergio Ramos ខ្សែបម្រើ Eden Hazard ព្រមទាំងខ្សែប្រយុទ្ធ Gareth Bale ដែលនឹងត្រូវត្រលប់ចូលរួមជាមួយ Real Madrid នារដូវកាលក្រោយវិញ។ 
 
«ខ្ញុំមិនអាចស្រមៃបានទេនៅពេល Real Madrid គ្មាន Ramos ព្រោះរូបគេជាកីឡាករដ៏សំខាន់សម្រាប់ក្លិបមួយនេះ ហើយខ្ញុំក៏មិនអាចស្រមៃបាននៅថ្ងៃដែល Real Madrid គ្មាន Carlos Ancelotti ដូចគ្នា។ លោក Ancelotti បានបន្ថែមទៀតថា វាពិតជាច្បាស់លាស់ណាស់ដែល Ramos ជាកីឡាករសំខាន់បំផុតសម្រាប់ក្លិប និងជាគ្រឿងដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់ក្លិបនេះទាំងមូល។ 
 
ទាក់ទង Hazard វិញ លោក Ancelloti អះអាងថា រូបគេ ជាកីឡាករកំពូលមួយរូបក្នុងពិភពបាល់ទាត់មួយនេះ។ លោកសង្ឃឹមថា កីឡាករបែលហ្ស៊ិកដែលញាំញីដោយរបួសរូបនេះ អាចបង្ហាញនៅទម្រង់លេងមួយដ៏ល្អបំផុតសម្រាប់ក្រុមទាំងមូល។ 
 
ចំណែកកីឡាករខ្សែប្រយុទ្ធ Gareth Bale ដែលនឹងត្រឡប់ពីអង់គ្លេសវិញ លោក Ancelotti ក៏បាននិយាយដែរ លោកស្គាល់រូបគេច្បាស់លាស់ខ្លាំងណាស់ ហើយ Bale ជាកីឡាករម្នាក់មិនអាចខ្វះបាន។ លោកអះអាងទៀតថា ទោះបីមិនសូវបានលេងច្រើននៅក្នុង Premier League ក្ដី Bale រកគ្រាប់បាល់បានច្រើន ព្រោះជាកីឡាករម្នាក់ដែរមានគុណភាពដល់ក្រុម។
 
មកដល់ពេលនេះ ខ្សែការពារ Ramos មិនទាន់បានបន្តកុងត្រាជាមួយនឹង Real Madrid ឡើយ ខណៈរូបគេនឹងត្រូវផុតកុងត្រាជាកីឡាកររបស់ក្លិប Real Madrid នាថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២១ ខាងមុខ៕
 

Tag:
 Euro2020
© រក្សាសិទ្ធិដោយ thmeythmey.com