អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសម៉ាល់ឌីវ ជាប់ឆ្នោតជាប្រធានមហាសន្និបាត UN
08, Jun 2021 , 9:59 pm        
រូបភាព
លោក Abdulla Shahid រដ្ឋមន្រ្តីការបរទេសម៉ា់ល់ឌីវ។ រូបភាព៖ Xinhua
លោក Abdulla Shahid រដ្ឋមន្រ្តីការបរទេសម៉ា់ល់ឌីវ។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេសម៉ាល់ឌីវ លោក Abdulla Shahid បានជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) សម្រាប់អាណត្តិឆ្នាំ២០២១ ដល់ ២០២២។ នេះ គឺជាលើកដំបូង ដែលម៉ាល់ឌីវមានរដ្ឋមន្រ្តីកាន់តំណែងជាប្រធាន UNGA។

 
មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៧ ខែមិថុនា បានរៀបចំការបោះឆ្នោតជាសម្ងាត់មួយ ដើម្បីជ្រើសរើសប្រធានមហាសន្និបាតនៅអាណត្តិ២០២១-២០២២។ ក្នុងការបោះឆ្នោតនោះ លោក Abdulla Shahid រដ្ឋមន្រ្តីការបរទេសម៉ាល់ឌីវ បានយកឈ្នះគូប្រជែង ដែលជាអតីតរដ្ឋមន្រ្តីការបរទេសអាហ្វហ្កាណីស្ថាន លោក Zalmai Rassoul ក្នុងសំឡេងដ៏ច្រើនលើសលុប។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP លោក Shahid បានទទួលសំឡេងគាំទ្រចំនួន ១៤៣ ទល់ ៤៨ សំឡេងរបស់លោក Rassoul ។ ចំណែកសមាជិកចំនួនពីរប្រទេស របស់មហាសន្និបាត បានបោះអនុបវាទ។ ក្នុងការបោះឆ្នោតនេះ អ្នកតំណាងប្រទេសនីមួយៗ ដោយមានពាក់ម៉ាស់ការពារផងនោះ ត្រូវបានហៅឈ្មោះម្តងមួយៗ ដើម្បីឡើងមកបោះឆ្នោត ក្នុងប្រអប់ឈើមួយ។ ការបោះឆ្នោតលើប្រធាន UNGA ត្រូវធ្វើឡើង ក្នុងមួយឆ្នាំម្តង។ 
 
បន្ទាប់ពីជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិទី៧៥ លោក Shahid បានថ្លែងអរគុណ ទៅសមាជិក ដែលបានផ្តល់សេចក្តីទុកចិត្តដល់លោក។ ក្នុងសុន្ទរកថានៅក្នុងមហាសន្និបាត ប្រមុខការទូតម៉ាល់ឌីវរូបនេះ បានសន្យាជួយសង្រ្គោះសេដ្ឋកិច្ច ដែលរងគ្រោះដោយកូវីដ-១៩ និងបរិស្ថានពិភពលោកឡើងវិញ។ មិនតែប៉ុណ្ណោះ លោកក៏បានដាក់ចេញអាទិភាពចំនួន ៥ផងដែរ ដែលទាក់ទិននឹង ការឆ្លើយតបជំងឺកូវីដ-១៩, សមភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, បរិស្ថាន, សិទ្ធិមនុស្ស និងសមភាពយេនឌ័រ។ 
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏បានផ្ញើសារអបអរសាទរ លោក Shahid ផងដែរ និងបានចាត់ទុកមហាសន្និបាត គឺជាស្ថាប័នដ៏សំខាន់មួយ និងជាមូលដ្ឋានរបស់ UN៕
 

Tag:
 ម៉ាល់ឌីវ
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com