អន្តរជាតិ
ក្រុមហ៊ុនជប៉ុនចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបុគ្គលិក ខណៈយុទ្ធនាការរដ្ឋាភិបាលមានល្បឿនយឺត
22, Jun 2021 , 8:29 pm        
រូបភាព
 ដោយៈ ចាន់ ស៊ីណា

ក្រុមហ៊ុនជប៉ុនជាច្រើន នៅថ្ងៃទី២១ ខែមិថុនា បានចាប់ផ្តើមយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបុគ្គលិក កម្មករ និងក្រុមគ្រួសាររបស់ពួកគេដែលមានចំនួនជាង១៣ លាននាក់។ យុទ្ធនាការនេះ ពន្លឿនការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅជប៉ុន ខណៈយុទ្ធនាការរបស់រដ្ឋាភិបាលជប៉ុនមានភាពយឺតយ៉ាវ។

 
បុគ្គលិកម្នាក់ឈ្មោះ Yuka Daimaru ធ្វើក្នុងក្រុមហ៊ុនផលិតស្រាវីស្គី Suntory បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅការិយាល័យរបស់ក្រុមហ៊ុនដែលរៀបចំឱ្យមានគម្លាត អង្គុយតាមវិធានការរដ្ឋាភិបាលជប៉ុន។ 
 
«ខ្ញុំភ័យណាស់ ប៉ុន្តែវាមិនឈឺដូចអ្វីដែលខ្ញុំបានគិតនោះទេ។ ឥឡូវខ្ញុំមិនចាំបាច់បារម្ភច្រើនចំពោះរថភ្លើងដឹកអ្នកដំណើរ ឬកិច្ចប្រជុំទេ»។ នាង Daimaru ប្រាប់ទីភ្នាក់ងារព័ត៌មាន AP បែបនេះ ជាមួយការបង្ហាញអារម្មណ៍ធូរស្រាលក្រោយទទួលបានវ៉ាក់សាំង។ 
 
ក្រុមហ៊ុនផលិតវីស្គីជប៉ុន Suntory គ្រោងនឹងប្រមូលបុគ្គលិក និងកម្មកររបស់ខ្លួនប្រមាណ៥១,៥០០ នាក់ទាំងក្រៅម៉ោង និងពេញម៉ោង ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ។ លោក Daisuke Sen ប្រធានគ្រប់គ្រងធនធានមនុស្សរបស់ Suntory  បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនលោកនឹងបញ្ចប់នៅចុងខែសីហា។
 
ទូទាំងជប៉ុន ក្រុមហ៊ុនប្រហែល៣,៥០០ បានចុះឈ្មោះដើម្បីទទួលវ៉ាក់សាំងឥតគិតថ្លៃ ហើយចំនួននៅបន្តកើនឡើងទៀត។ ក្រសួងសុខាភិបាលជប៉ុនបញ្ជាក់ថា ក្រុមហ៊ុន ឬអង្គការតូចអាចចុះឈ្មោះតាមសមាគមបាន ដែលធ្វើបែបនេះនឹងអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបានគ្រប់គ្នា។ ដើម្បីអាចចុះឈ្មោះបាន ក្រុមហ៊ុនទាំងអស់ ត្រូវមានផែនការផ្ដល់វ៉ាក់សាំងដល់មនុស្សយ៉ាងហោចណាស់១ពាន់នាក់ដែលអាចជាបុគ្គលិកក្រុមហ៊ុន ឬសាច់ញាតិរបស់ពួកគេ។
 
ក្រុមហ៊ុនធំៗផ្សេងទៀតមានក្រុមហ៊ុន Toyota Motor Corp គ្រោងនឹងផ្តល់វ៉ាក់សាំងឱ្យបុគ្គលិកបម្រើការងារនៅការិយាល័យ និងកម្មករដែលធ្វើការនៅឯរោងចក្រដំឡើងគ្រឿងម៉ាស៊ីនចំនួន៨ម៉ឺននាក់។ ចំណែកក្រុមហ៊ុន Fast Retailing ដែលគ្រប់គ្រងម៉ាកសម្លៀកបំពាក់ Uniqlo នឹងប្រមូលមនុស្សដែលធ្វើការក្នុងកក្រុមមហ៊ុនរបស់ខ្លួនប្រមាណ១៨,៥០០នាក់ទាំងអ្នកធ្វើការក្រៅម៉ោង និងពេញម៉ោងដើម្បីចាក់វ៉ាក់សាំងផដែរចាប់ពីថ្ងៃទី១ ខែកក្កដាទៅ។
 
ទន្ទឹមនឹងនេះ ក្រុមហ៊ុនលក់ឥវ៉ាន់តាមអ៊ីនធឺណិត Rakunten បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួនកំពុងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យកម្មករ និងគ្រួសាររបស់ពួកគេចំនួន៦ម៉ឺននាក់។
 
គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រជាជនជប៉ុនប្រមាណ៦ ភាគរយប៉ុណ្ណោះដែលបានទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ បញ្ហាជាច្រើននៅពីក្រោយការយឺតយ៉ាវនេះដូចជាការពឹងផ្អែកទាំងស្រុងលើវ៉ាក់សាំងដែលនាំចូល នីតិវិធីចាក់វ៉ាក់សាំង ផែនការបែងចែកមិនច្បាស់លាស់ និងកង្វះបុគ្គលិកសុខាភិបាលជាដើម៕
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com