អន្តរជាតិ
លោក មូន ចេអ៊ីន មិនទាន់សម្រេចចិត្តចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូនៅឡើយទេ
23, Jun 2021 , 8:29 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ។ រូបថត AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ។ រូបថត AFP
ដោយៈ ចាន់ ស៊ីណា

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅតែមិនទាន់សម្រេចចិត្តនៅឡើយទេ ចំពោះការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្រុងតូក្យូនៅខែកក្កដាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃទី២២ ខែមិថុនា។ កូរ៉េខាងត្បូង និងជប៉ុន មិនសូវល្អឡើយក្នុងរយៈពេលចុងក្រោយ ដោយអ្នកជិតខាងទាំងពីរទាស់គ្នាលើបញ្ហាប្រវត្តិសាស្ត្រ និងជម្លោះពាណិជ្ជកម្ម។

 
លោក Lee Ho-seung មន្ត្រីផ្នែកគោលនយោបាយរបស់លោក មូន ចេអ៊ីន  ប្រាប់វិទ្យុក្នុងស្រុកនៅថ្ងៃទី២២ ខែមិថុនា ថា មិនទាន់មានការសម្រេចអ្វីឡើយចំពោះវត្តមានលោក មូន នៅតូក្យូក្នុងព្រឹត្តិការណ៍អូឡាំពិកដែលចាប់ផ្តើមនៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ 
 
ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅលើកនេះ ត្រូវមើលឃើញថា ជាឱកាសដែលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនជួបគ្នាដើម្បីសម្រាលស្ថានការណ៍ដែលល្អក់កករក្នុងទំនាក់ទំនងទ្វេភាគី។ ទាក់ទងរឿងនេះលោក Lee បានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងស្វែងរកកិច្ចពិភាក្សាជាមួយជប៉ុនដោយគ្មានលក្ខខណ្ឌជាមុនផងដែរ។ នេះបើតាមការផ្សាយរបស់កាសែត Korean Herald ។ 
 
តាមពិតទៅ លោក មូន ត្រូវជួបនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ អំឡុងជំនួបមេដឹកនាំប្រទេសអ្នកមានទាំង៧ នៅក្រុងឡុងដ៍នៅដើមខែមិថុនានេះ។ ប៉ុន្តែខាងជប៉ុនបានលុបចោល ព្រោះមិនមានពេលវេលាគ្រប់គ្រាន់។
 
ទំនាក់ទំនងប្រទេសទាំងពីរកាន់តែតានតឹងឡើងនៅពេលថ្មីៗនេះ  ដោយសារជប៉ុនបានបដិសេដសំណើរបស់កូរ៉េខាងត្បូងលើការដករូបកោះដុកដូចេញពីផែនទីសម្រាប់ព្រឹត្តិការណ៍អូឡាំពិក។ គួរបញ្ជាក់ថា នៅឆ្នាំ ២០១៨ អំឡុងពេលព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅក្រុង Pyeongchang រដ្ឋាភិបាលកូរ៉េខាងត្បូងបានដករូបកូនកោះដុកដូចេញពីផែនទីផ្លូវការរបស់ខ្លួនដើម្បីរក្សានយោបាយ អព្យាក្រឹត្យផងដែរ។
 
ទាក់ទងវត្តមានលោក មូន នៅតូក្យវិញ ប្រភពការទូតមួយបានបញ្ជាក់ដោយមិនបញ្ចេញឈ្មោះថា លោក មូន មិនមានសម្ពាធក្នុងការសម្រចចិត្តភ្លាមៗទេ  លើការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅជប៉ុន ហើយលោកក៏កំពុងពិចារណាពីភាពប្រឈមក្នុងស្ថានភាពនាពេលបច្ចុប្បន្ន ជាពិសេសជំងឺកូវិដ-១៩ និងការទាមទារកោះដុកដូរបស់ជប៉ុន។ 
 
ស្របគ្នានេះផងដែរ ប្រមុខរដ្ឋប្រទេសផ្សេងទៀតមិនទាន់បានបញ្ជាក់ពីការចូលរួមរបស់ពួកគេក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឡើយដែរ។ កាសែតជប៉ុន Yomiuri Shimbun រាយការណ៍ថា ប្រហែលជាមិនមានវត្តមានប្រធានាធិបតី លោក ចូ បៃឌិន ទេ។ សេតវិមានកំពុងពិចារណាក្នុងការបញ្ជូនលោកស្រី Jill Biden ភរិយាលោក បៃឌិន ជាអ្នកចូលរួមជំនួស៕
 
 
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com