អន្តរជាតិ
គណៈរដ្ឋមន្រ្តីថៃ ផ្ដល់ភ្លើងបៃតងគម្រោងទេសចរណ៍កោះភូកេតដោយពុំបាច់ធ្វើចត្តាឡីស័ក
23, Jun 2021 , 2:08 pm        
រូបភាព
ដោយ៖ ឈួ ស៊ាវយីងជាវ
 
រដ្ឋាភិបាលថៃ នៅថ្ងៃទី២២ ខែមិថុនា បានផ្ដល់ភ្លើងបៃតងដល់គម្រោងទេសចរណ៍កោះភូកេត ដោយអ្នកទេសចរណ៍ទាំងអស់មិនបាច់ធ្វើចត្តាឡីស័កឡើយ បើពួកគេទទួលបានការចាក់វ៉ាក់សាំងរួចរាល់។ការសម្រេចបើកទទួលអ្នកទេសចរនេះ ជាជំហានដំបូងដើម្បីឈានទៅរកការស្តារសេដ្ឋកិច្ចឡើងវិញ។

 
ចាប់តាំងពីការរាលដាលជំងឺកូវីដ-១៩ មក ថៃបានចាត់វិធានការយ៉ាងតឹងរ៉ឹងលើការមកដល់របស់ភ្ញៀវទេសចរ។ វិធានការនេះធ្វើឱ្យវិស័យទេសចរណ៏ធ្លាក់យ៉ាងដុនដាបដែលមិនធ្លាប់មានចាប់តាំងវិបត្តិហិរញ្ញវត្ថុអាស៊ីនៅឆ្នាំ១៩៩៧មក។ ការធ្លាក់ចុះវិស័យទេសចរណ៍ដែលមានទំហំប្រមាណ២០ភាគរនៃចំណូលជាតិនៅថៃ ក៏បានជះឥទ្ធិពលដល់វិស័យផ្សេងៗទៀតរួមមាន ភោជនីយដ្ឋាន ការដឹកជញ្ជូន និងវិស័យសេវាកម្ម។
 
ដើម្បីជំរុញសកម្មភាពទេសចរ ថៃក៏ដាក់ចេញគម្រោងឈ្មោះថា «ឆ្នេរខ្សាច់ភូកេត» ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងទាំង២ដូសរួចរាល់  អាចធ្វើដំណើរចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ ដោយដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១ ខែកក្កដាខាងមុខនេះ។ បើគម្រោងនេះជោគជ័យ អាជ្ញាធរថៃក៏គ្រោងអនុវត្តនៅបណ្ដាតំបន់ទេសចរណ៍ផ្សេងទៀតដែរ។ មុនការចាប់ផ្តើមគម្រោងចំនួន៨ថ្ងៃ គណៈរដ្ឋមន្រ្តីថៃ ក៏អនុម័តផែនការនេះជាផ្លូវការ។
 
ដើម្បីធានាគម្រោងចាប់ដំណើរការដោយគ្មានការរំខាននោះ តំបន់ភូកេតត្រូវរក្សាអត្រាឆ្លងទាបក្នុងមួយសប្តាហ៍មិនឱ្យលើសពី៩០នាក់ឡើយ។ អ្នកនាំពាក្យក្រុមការងារដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក Taweesin Visanuyothin និយាយថា អត្រាឆ្លងជំងឺកូវីដ-១៩ នៅភូកេតអាចធានាគម្រោងនេះដំណើរការទៅមុនបាន។
 
គួរបញ្ជាក់ថា កាលពីសប្តាហ៏មុន នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងសុន្ទរកថាតាម ទូរទស្សន៍ពីគម្រោងបើកព្រំដែនរបស់ខ្លួនឡើងវិញក្នុងរយៈពេល១២០ថ្ងៃផងដែរ៕
 
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com