ជាតិ
ក្រសួងមហាផ្ទៃ គ្រោងចំណាយ២០លានដុល្លារ សាងសង់អគារទីស្ដីការថ្មីនៅទីតាំងចាស់ មុនបោះឆ្នោត២០២៣
30, Jun 2021 , 9:59 pm        
រូបភាព
លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​។ (រូបថតបណ្ដាញសង្គមហ្វេសប៊ុក)
លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​។ (រូបថតបណ្ដាញសង្គមហ្វេសប៊ុក)
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ គ្រោងចំណាយ២០លានដុល្លារ សាងសង់អគារទីស្ដីការថ្មីនៅទីតាំងចាស់ ដែលស្ថិត នៅវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារថ្មីនេះ គ្រោងនឹងសាងសង់ចប់ មុនការបោះឆ្នោត ឆ្នាំ២០២៣។

 
លោក កែន សត្ថា រដ្ឋលេខាធិការនៃតីស្ដីការគណៈរដ្ឋមន្រី្ត បានចេញលិខិតយល់ព្រមឲ្យសម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃសាងសង់អគារទីស្ដីការថ្មីលើទីតាំងចាស់បច្ចុប្បន្ន។ លោក កែន សត្ថា បានបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី២៩ មិថុនា ថា ការសាងសង់អគារទីស្ដីការថ្មីនេះ គឺប្រើប្រាស់ថវិកាជាង២០លានដុល្លារ ។ ក្រសួងមហាផ្ទៃ ជាអ្នករ៉ាប់រងចំណាយលើការសាងសង់នេះ។ ប៉ុន្តែបើខ្វះខាតថវិកាសាងសង់បន្ថែមនោះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំតាមគោលការណ៍ដោះស្រាយជាជំហានៗស្របតាមច្បាប់ ដោយខិតខំបន្ថយការចំណាយឲ្យបានទាបបំផុតនូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរនៅអំឡុងពេលកូវីដ-១៩។ 
 
លោក ខៀវ សុភ័គ ថ្លែងប្រាប់សារព័ត៌មានថ្មីតាមទូរស័ព្ទថា មូលហេតុដែលសាងសង់អគារទីស្ដីការថ្មីនេះ ដោយសារតែអគារចាស់ មានសភាពចាស់ទ្រុឌទ្រោម ខណៈក្រុមការងារកាន់តែរីកច្រើនឡើង ទើបត្រូវការអគារធំជាងមុន។ យ៉ាងណាក៏ដោយលោក សុភ័គ មិនដឹងច្បាស់ថា គម្រោងសាងសង់ នឹងចាប់ផ្ដើមពេលណាឡើយ ។ 
 
«អគារចាស់វាចាស់ទ្រុឌទ្រោមខ្លះហើយ វាលិច ហើយអគារនីមួយៗវា៣០ទៅ៤០ឆ្នាំហើយ ហើយកូនកាន់តែច្រើន(សមាជិកនៃក្រុមការងាររបស់ក្រសួង)មានជាង៤ពាន់នាក់...។ យើងគ្រោង(អគារថ្មី)ធ្វើយ៉ាងណាឲ្យហើយមុនបោះឆ្នោតឆ្នាំ២០២៣»។ នេះបើតាមការលើកឡើងរបស់លោក ខៀវ សុភ័គ ដោយបញ្ជាក់បន្ថែមថា ខាងក្រសួងកំពុងពិភាក្សាគ្នា គួរវាយកម្ចេចអគារទីស្ដីការចាស់ចោលឬយ៉ាងណា។ 
 
បើតាមលោក សុភ័គ អគារទីស្ដីការថ្មីនេះ គ្រោងរៀបចំដាក់អគ្គនាយដ្ឋានឲ្យនៅជុំគ្នា ដើម្បីងាយស្រួលបំពេញការងារ។
ចំពោះការចំណាយថវិកាជាង២០លានដុល្លារ សម្រាប់សាងសង់អគារទីស្ដីការក្រសួងថ្មីនេះ លោក មាស នី អ្នកវិភាគសង្គមយល់ថា មិនមែនជាទំហំទឹកប្រាក់ច្រើននោះទេ ព្រោះរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចំណាយ។ បើតាមលោក មាស នី ទឹកប្រាក់ចំណាយនេះ ទំនងជាមិនប្រើប្រាស់ថវិកាជាតិដែរ ដោយសារក្រសួងមហាផ្ទៃ ក៏ទទួលបានប្រាក់ផាកពិន័យបទល្មើសចរាចរណ៍ និងកិច្ចការផ្សេងទៀតច្រើនដែរ។ 
 
«ការសាងសង់អគារថ្មីនេះ ជារឿងចាំបាច់ ព្រោះក្រោយពីការកាត់ដីលក់(ឱ្យអ្នកវិនិយោគ)ជុំវិញហ្នឹងទៅ មានអគារខ្ពស់ដែលចិនបានសង់នៅជុំវិញនោះ បានលុបទៅលើអគារក្រសួងមហាផ្ទៃបាត់ហើយ។ ដូចនេះ បើក្រសួងមិនសាងសង់ថ្មីទេ នឹងត្រូវលិចបាត់ជាមួយអគារខ្ពស់ៗ»។ នេះជាការលើកឡើងរបស់ លោក មាស នី ដោយបានបន្ថែមថា ការសាងសង់អគារនេះ ក៏អាចឆ្លើយតបតម្រូវការ និងបម្រើប្រយោជន៍ដល់ពលរដ្ឋវិញដែរ។ ប៉ុន្តែបើយកថវិកាទៅសាងសង់អគារបក្សនយោបាយ នៅអំឡុងកូវីដ-១៩នេះ ទើបជារឿងមិនសាកសម៕ 
 
 

Tag:
 ទីស្ដីការ
© រក្សាសិទ្ធិដោយ thmeythmey.com