អន្តរជាតិ
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ជាង៧៣ម៉ឺនដូសទៅដល់មីយ៉ាន់ម៉ា
23, Jul 2021 , 12:16 pm        
រូបភាព
យន្តហោះដឹកវ៉ាក់សាំងពីចិនទៅដល់មីយ៉ាន់ម៉ាក្នុងខែឧសភា។ រូបថត Xinhua
យន្តហោះដឹកវ៉ាក់សាំងពីចិនទៅដល់មីយ៉ាន់ម៉ាក្នុងខែឧសភា។ រូបថត Xinhua
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ជាង៧៣ម៉ឺនដូស ត្រូវដឹកទៅដល់មីយ៉ាន់ម៉ា នៅថ្ងៃទី២២ ខែកក្កដា ស្របពេលប្រទេសនេះ កំពុងរងគ្រោះខ្លាំងដោយសាររលកឆ្លងជំងឺកូវីដ-១៩ ។ វ៉ាក់សាំងនេះ នឹងជួយរបបយោធាមីយ៉ាន់ម៉ា ក្នុងការផ្ដល់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួន ដោយបានដាក់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជន ឱ្យបានពាក់កណ្ដាល នៅឆ្នាំ២០២១នេះ។

 
មីយ៉ាន់ម៉ា កំពុងរងគ្រោះដោយរលកឆ្លងជំងឺកូវីដ-១៩ដ៏អាក្រក់ ខណៈពេលដែលភាពច្របូកច្របល់ក្នុង​ប្រទេស កើតក្រោយការធ្វើរដ្ឋប្រហារយោធា នៅតែអូសបន្លាយរហូតដល់បច្ចុប្បន្ន។ រលកជំងឺកូវីដ-១៩ ដ៏អាក្រក់ចុងក្រោយនេះ បានចម្លងទៅមនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ខណៈពេលដែលបុគ្គលិក សុខាភិបាលដែលប្រឆាំងរបបយោធា សម្រេចចិត្តមិនទៅធ្វើការ និងចូលរួមការតវ៉ា។
 
ដើម្បីដោះស្រាយវិបត្តិនេះ របបយោធាមីយ៉ាន់ម៉ា ក៏បានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យប្រជាជនចំនួនពាក់កណ្ដាលក្នុងឆ្នាំ២០២១ និងកំពុងព្យាយាមនាំចូលវ៉ាក់សាំងជាបន្តបន្ទាប់ ដើម្បីសម្រេចគោលដៅផ្ដល់ការចាក់វ៉ាក់សាំង សម្រាប់ប្រជាជនទាំង៥៤លាននាក់តែម្ដង។
 
នៅថ្ងៃទី២២ ខែកក្កដា មីយ៉ាន់ម៉ា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm ចំនួន៧៣ម៉ឺនដូស។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា តែមិនបានបញ្ជាក់ថា ជាការទិញ ឬការបរិច្ចាគឡើយ។
 
កាលពីដើមខែកក្កដា របបយោធាបានអះអាងថា ខ្លួនបានទិញវ៉ាក់សាំងពីចិនចំនួន៤លានដូស ហើយចិននឹងផ្ដល់វ៉ាក់សាំងចំនួន២លានដូសបន្ថែមទៀត ជាជំនួយ​។ ទន្ទឹមនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ប្រមុខរបបយោធាឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានសម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរុស្ស៊ីដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយទៀតរបស់ខ្លួនចំនួន២លានដូស ក៏ប៉ុន្តែមិនបានបញ្ជាក់ថា ជាវ៉ាក់សាំងអ្វីឡើយ។
 
បច្ចុប្បន្ន ការឆ្លងជំងឺកូវីដ-១៩ សរុបមានជាង២៥ម៉ឺនករណី និងអ្នកស្លាប់មានប្រហែល៦ពាន់នាក់ និងប្រជាជនដែលបានចាក់វ៉ាក់សាំងរួច មានប្រមាណ១លាន៧សែន៥ម៉ឺននាក់៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com