COVID-19
អន្តរជាតិ
ហ្វីលីពីន ហាមឃាត់អ្នកដំណើរពីថៃនិងម៉ាឡេស៊ី ដើម្បីទប់ស្កាត់វីរុសទម្រង់ដែលតា
23, Jul 2021 , 4:28 pm        
រូបភាព
អ្នកដំណើរកកស្ទះនៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងក្រុងម៉ានីស។ រូបភាព៖ Reuters
អ្នកដំណើរកកស្ទះនៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងក្រុងម៉ានីស។ រូបភាព៖ Reuters
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២៣ ខែកក្កដា បានប្រកាសថា ហ្វីលីពីននឹង ហាមឃាត់អ្នកដំណើរមកពីថៃ និងម៉ាឡេស៊ី ព្រមទាំងចាត់វិធានការរឹតត្បិត នៅទីក្រុងម៉ានីល ដើម្បីបង្ការការឆ្លងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា។ វិធានការទាំងអស់នេះ បានដាក់ចេញ ស្របពេលហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរាប់ពាន់ករណី។

 
ដើម្បីទប់ស្កាត់វីរុសទម្រង់ដែលតា និងវីរុសដែលបង្កជាជំងឺកូវីដ-១៩ ផ្សេងទៀត ហ្វីលីពីន បានហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួនប្រាំបីរួចហើយដល់ថ្ងៃទី៣១ ខែកក្កដា។ ប្រទេសទាំងនោះរួមមាន ឥណ្ឌា បាគីស្ថាន នេប៉ាល់ បង់ក្លាដែស ស្រីលង្កា អូម៉ង់ អេមីរ៉ាតអារ៉ាប់រួម និង ឥណ្ឌា និងឥណ្ឌូណេស៊ី។
 
មិនតែប៉ុណ្ណោះ ហ្វីលីពីន បានសម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសពីរបន្ថែមទៀត ដូចជាថៃ និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ រហូតដល់ដំណាច់ខែកក្កដា។ «វិធានការនេះត្រូវបានអនុវត្ត ក្នុងការទប់ស្កាត់ការរីកសាយ និងការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួនថ្មីបន្ថែមទៀត នៅក្នុងសហគមន៍ហ្វីលីពីន»។ លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបាននិយាយបែបនេះ។ 
 
ទន្ទឹមនេះ ដើម្បីធានាថា វីរុសទម្រង់ដែលតា មិនរីកសាយក្នុងសហគមន៍បន្ថែមទៀត ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានសម្រេចដាក់តំបន់រដ្ឋធានី ដែលមានតំបន់ទីប្រជុំជនចំនួន១៦ មានប្រជាជនរស់នៅជាង ១៣លាននាក់ និងខេត្តចំនួនបួនទៀត ក្រោមវិធានរឹតត្បិតរហូតដល់ដំណាច់ខែកក្កដា។
 
រដ្ឋាភិបាលក៏បានដាក់ចេញចំណាត់ការឱ្យ បិទក្លិបហាត់ប្រាណ កន្លែងសន្និសីទ និងកន្លែងកម្សាន្ត បិទជិតផ្សេងៗផងដែរ។ បន្ថែមពីនេះកុមារអាយុពី៥ទៅ១៧ឆ្នាំ នឹងមិនត្រូវបានអនុញ្ញាត ឱ្យចាកចេញពីផ្ទះឡើយ។
 
ហ្វីលីពីន មានករណីឆ្លងវីរុសទម្រង់ដែលតាសរុប ចំនួន ៤៧ករណី និងអ្នកស្លាប់មានចំនួន ៣នាក់។ ចំណែកករណីឆ្លងសរុប ហ្វីលីពីនមានចំនួន ១,៥ លានករណី និងអ្នកស្លាប់មានជាង ២ម៉ឺននាក់ ដែលចំនួនទាំងនេះធ្វើឱ្យហ្វីលីពីន ក្លាយជាប្រទេសលំដាប់ទីពីរ ដែលមានចំនួនករណីឆ្លង និងអ្នកស្លាប់ច្រើនជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី៕
 

Tag:
 កូវីដ-១៩
  ថៃ
  ម៉ាឡេស៊ី
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com