COVID-19
ជាតិ
ប្រធានសុខាភិបាលខេត្តព្រះវិហារ៖ ទារិកាអាយុ២ខែម្នាក់ ស្លាប់ដោយសារខ្វះវីតាមីន មិនមែនមកពីកូវីដ-១៩ ទេ
03, Aug 2021 , 4:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ទារិកាអាយុ២ខែម្នាក់ នៅភូមិរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្លាប់ ដោយសារបញ្ហាខ្វះវីតាមីន ។ ទារកដែលស្លាប់នេះ ក៏មានវិជ្ជមានកូវីដ-១៩ ផងដែរ។ នេះបើតាមរដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២ សីហា។


បើតាមរដ្ឋបាលខេត្តព្រះវិហារ មុនស្លាប់ទារកនេះ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៧ កក្កដា ហើយបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមណ្ឌលកម្រិតស្រាល កងពលធំអន្តរាគមន៍លេខ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ក្រោយសម្រាកព្យាបាលប្រមាណ៥ថ្ងៃ ស្រាប់តែទារិការូបនេះ បានបាត់បង់ជីវិត នៅថ្ងៃទី១ សីហា តែម្ដង។
 
លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានថ្មីៗថា ទារិកាអាយុ២ខែដែលបានស្លាប់នេះ គឺដោយសារខ្វះវីតាមីនB1 ដែលប៉ះពាល់ដល់ខួរក្បាលធ្ងន់ធ្ងរ ខណៈមានជំងឺកូវីដ-១៩ដែរ។ 
 
«ទារិកាអាយុ២ខែនោះមានវិជ្ជមានកូវីដ-១៩មែន។ ប៉ុន្តែមិនមែនស្លាប់ដោយសារកូវីដ-១៩នោះទេ។ តាមការពិភាក្សាគ្នាជាមួយគ្រូឯកទេស មន្ទីរសុខាភិបាលខេត្ត គ្រូពេទ្យឯកទេសជំងឺកុមារ និងមន្ទីរពេទ្យកងទ័ពខេត្តគឺសន្និដ្ឋានថាទារិកានោះស្លាប់ដោយសារជំងឺខ្វះវីតាមីនB1កម្រិតធ្ងន់ ហើយប៉ះពាល់ដល់ខួរក្បាល។ ទារិកានោះអត់មានសញ្ញាជំងឺរលាកសួតធ្ងន់ធ្ងរទេ»។ នេះបើតាមប្រធានមន្ទីរសុខាភិបាល។
 
គិតត្រឹមថ្ងៃទី០២ ខែសីហា អ្នកវិជ្ជមានកូវីដ១៩ នៅខេត្តព្រះវិហារ សរុប៦៣០នាក់ (ស្រី២៨៨នាក់ ,កុមារ២២នាក់) និងអ្នកជាសះស្បើយ៣៤៦នាក់ (ស្រី១៥៨ កុមារចំនួន១៣នាក់ )និងស្លាប់ ២នាក់ ។ នេះបើតាមរបាយការណ៍រដ្ឋបាលខេត្តព្រះវិហារ។
 
កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៧៩.០៥១នាក់ ក្នុងនោះ ១១.១៩៥នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៧២.១៤៥នាក់ និងស្លាប់សរុប ១.៤៧១នាក់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com