ជាតិ
កម្ពុជា នឹងបន្តធ្លាក់ភ្លៀងលាយឡំនឹងខ្យល់ មួយសប្ដាហ៍ទៀត
04, Aug 2021 , 7:59 am        
រូបភាព
រូបភាពក្រសួងធនធានទឹក
រូបភាពក្រសួងធនធានទឹក
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា រយៈពេលមួយសប្តាហ៍ពេញកម្ពុជា ទទួលឥទ្ធិពលខ្សោយពីជ្រលងនៃសម្ពាធទាប ITCZ និងមូសុងនិរតីក្នុងល្បឿនពីមធ្យមទៅបង្កួរ។ ស្ថានភាពបែបនេះ អាចធ្វើឱ្យមានភ្លៀងក្នុងកម្រិតតិចទៅបង្កួរ និងមានលាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់។


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៤-១០ ខែសីហា កម្ពុជានៅតែបន្តមានភ្លៀងធ្លាក់ ដោយសារឥទ្ធិពលខ្សោយពីជ្រលងនៃសម្ពោធទាប ITCZ ដែលនៅតែកើតមាន និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា  ប្រទេសឡាវ និងប្រទេសវៀតណាម។
 
អាកាសធាតុបែបនេះ នឹងបណ្ដាខេត្តនៅជាប់តំបន់ទំនាបកណ្តាល និងបណ្ដាខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ ជាមួយគ្នានេះ បណ្ដាខេត្តដទៃទៀត អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់។  ចំពោះបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់។
 
ចំណែកឯ នៅតាមតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងក្នុងកម្រិតមធ្យមទៅបង្គួរ។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀង លាយឡំ ខ្យល់បក់ខ្លាំង នឹងរលកសមុទ្រខ្ពស់ៗ។ ក្រសួងធនធានទឹក បានអំពាវនាវឱ្យ ពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នការពារជាមុនចំពោះគ្រោះថ្នាក់ដែលអាចនឹងកើតឡើងជាយថាហេតុ ដោយសារការប្រែប្រួលអាកាសធាតុនេះ៕
 
 
 
 

Tag:
 អាកាសធាតុ
  សម្ពោធទាប
© រក្សាសិទ្ធិដោយ thmeythmey.com