ជាតិ
សង្គមជាតិ
បុរស២នាក់ ដែលក្លែងខ្លួនជាមន្រី្ត ACU ដើម្បីទារប្រាក់ពីពលរដ្ឋ ត្រូវចាប់បញ្ជូនទៅតុលាការ
15, Aug 2021 , 9:59 pm        
រូបភាព
ជនសង្ស័យទាំង២នាក់ ដែលក្លែងជាមន្រី្តACU។ (រូបពី ACU)
ជនសង្ស័យទាំង២នាក់ ដែលក្លែងជាមន្រី្តACU។ (រូបពី ACU)
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនបុរស២នាក់ ទៅតុលាការ ក្រោយតាមដានឃើញថា ពួកគេ បានក្លែងខ្លួនជាមន្រី្ត ACU ដើម្បីជំរិតទារប្រាក់ពីពលរដ្ឋជាច្រើននាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ ACU ចុះថ្ងៃទី១៤សីហា ឆ្នាំ២០២១។


ACU បានបញ្ជាក់ថា កន្លងមក តែងតែមានព័ត៌មានអំពីមន្រី្តខ្លួន បានជំរិតទារប្រាក់ពីបុគ្គលជាច្រើនតាមទូរស័ព្ទ ដើម្បីជួយបិទបាំងអំពើពុករលលួយរបស់បុគ្គល ដែលពួកគេ ជំរិតទារប្រាក់នោះ។ បន្ទាប់មក អង្គភាព ACU ក៏បានស្រាវជ្រាវឃើញបុគ្គល២រូប។ ជនសង្ស័យទាំង២រូបនោះ មានម្នាក់ជានាយកសាលាបឋមសិក្សា ហ៊ុន សែន ចម្រើនជាតិ និងម្នាក់ទៀតជាអ្នករត់ម៉ូតូឌុប និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១។ 
 
បុរសទាំង២នេះ តែងតែហៅទូរស័ព្ទទៅជនរងគ្រោះថា ខ្លួនជាមន្រី្តអង្គភាព ACU ហើយប្រាប់ជនរងគ្រោះថា បានទទួលពាក្យបណ្ដឹងដែលពាក់ព័ន្ធនឹងជនរងគ្រោះ ប្រសិនបើបញ្ជូនសំណុំរឿងទាំងនោះទៅប្រធានអង្គភាព ជនរងគ្រោះនឹងប្រឈមមុខនឹងផ្លូវច្បាប់នៅតុលាការ ហើយលើសពីនេះ អាចបាត់បង់តួនាទីឬតំណែងទៀតផង។ ដើម្បីដោះស្រាយបញ្ហា ជនសង្ស័យទាំង២ បានឲ្យជនរងគ្រោះវេរប្រាក់ឲ្យខ្លួនប្រមាណ៥០០ដុល្លារទៅ១០០០ដុល្លារ។ ក្នុងនោះជនសង្ស័យម្នាក់ៗ បានទារប្រាក់ពីជនរងគ្រោះបានសម្រេច៤លើក។ 
 
ក្រោយពីក្រុមជំនាញចុះស៊ើបអង្កេត បុរសម្នាក់ជាជនសង្ស័យម្នាក់ ត្រូវឃាត់ខ្លួននៅថ្ងៃទី១០ ខែសីហា និងម្នាក់ទៀត ត្រូវឃាត់ឃ្លួន នៅថ្ងៃទី១២ ខែសីហា ហើយក៏បានបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី១៣ ខែសីហា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ 
 

Tag:
 អំពើពុករលួយ
  ក្លែងខ្លួនជាមន្រ្តី ACU
© រក្សាសិទ្ធិដោយ thmeythmey.com