អន្តរជាតិ
លោក ឌូទើតេ ប្រកាសឈរឈ្មោះសម្រាប់តំណែងអនុប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០២២
25, Aug 2021 , 7:29 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបថត Xinhua
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបថត Xinhua
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី២៤ ខែសីហា ប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងអនុប្រធានាធិបតីក្នុងការបោះឆ្នោតអាណត្តិឆ្នាំ២០២២។ ក្រុមអ្នកប្រឆាំងរិះគន់លោក ឌូទើតេ ថា កំពុងព្យាយាមរក្សាអំណាច និងកេងចំណេញអភ័យឯកសិទ្ធិរបស់តំណែងខ្ពស់លំដាប់ទី២ របស់ប្រទេសដើម្បីចៀសផុតពីការចោទប្រកាន់នានា។

 
«ខ្ញុំនឹងឈរឈ្មោះក្នុងតំណែងជាអនុប្រធានាធិបតី ហើយខ្ញុំនឹងបន្តយុទ្ធនាការរបស់ខ្ញុំ។ បញ្ហាចម្បងទី មួយនោះជាបញ្ហាកុបកម្ម បន្ទាប់មកជាឧក្រិដ្ឋកម្មគ្រឿងញៀន»។ លោក រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងបែបនេះ ក្នុងសុន្ទរកថាមួយនៅថ្ងៃទី២៤ ខែសីហា។ អាណត្តិប្រធានាធិបតី៦ឆ្នាំរបស់លោក ឌូទើតេ នឹងបញ្ចប់នៅឆ្នាំ២០២២ ហើយលោកគ្មានសិទ្ធិឈរឈ្មោះមួយអាណត្តិទៀតឡើយ តែលោកអាចឈរជាបេក្ខជនអនុប្រធានាធិបតីបាន។ 
 
បេក្ខភាពអនុប្រធានាធិបតីរបស់លោក ឌូទើតេ នឹងរំពឹងថា ត្រូវប្រកាសជាផ្លូវការក្នុងមហាសន្និបាតជាតិ របស់គណបក្ស PDP–Laban នៅថ្ងៃទី៨ ខែកញ្ញា។ អំឡុងមហាសន្និបាត គណបក្សនេះ ក៏នឹងតែង តាំងសមាជិកព្រឹទ្ធសភា Christopher Bong Go ឱ្យឈរក្នុងតំណែងជាប្រធានាធិបតីសម្រាប់ការ បោះឆ្នោតឆ្នាំ២០២២។ លោក Go ជាជំនិតរបស់លោក  ឌូទើតេ ជាយូរមកហើយ។
 
ក្រោយការប្រកាសរបស់លោក ឌូទើតេ គណបក្សប្រឆាំង និងអ្នកសង្កេតការណ៍នយោបាយនៅហ្វីលីពីនបានចោទលោក ឌូទើតេ ថា ព្យាយាមរកតំណែងអនុប្រធានាធិបតី ព្រោះលោកនឹងប្រើប្រាស់តំណែង នេះជាច្រកចូលទៅកាន់តំណែងប្រធានាធិបតីវិញ។ ក្រុមអ្នករិះគន់ជឿជាក់ថា លោក ឌូទើតេ នឹង សម្ដែងឈុតនយោបាយមួយដើម្បីយកតំណែងប្រធានាធិបតីមកវិញដោយឱ្យលោក Go ដែលឈ្នះរួច ហើយលាឈប់ពីតំណែងវិញ។ 
 
«នេះពិតជាផ្នែកមួយនៃគម្រោងរបស់លោក ឌូទើតេ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ ទេ ថែមទាំងពង្រីកការគ្រប់គ្រងរដ្ឋាភិបាលទៀតផង»។ សមាជិកសភាគណបក្សប្រឆាំងលោក Carlos Zarate បានរិះគន់ចំៗទៅលោក ឌូទើតេ បែបនេះ។
 
ការស្ទង់មតិកន្លងមកបង្ហាញថា លោក ឌូទើតេ នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំង បើទោះបីជាមានការរិះគន់ចំពោះយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក និងវិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ ក៏ ដោយ។ 
 

Tag:
 ហ្វីលីពីន
  រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com