ជាតិ
ភ្នំពេញ និងខេត្តចំនួន១១ អាចរងជំនន់ទឹកភ្លៀង
22, Sep 2021 , 9:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ឥទ្ធិពលសម្ពាធទាប ITCZ អូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក  និងខ្ពង់រាបឦសា នជាមួយខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា។ ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យខេត្តចំនួន១១ និងរាជធានីភ្នំពេញ មានជំនន់ទឹកភ្លៀង។


ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី២១ កញ្ញានេះ បញ្ជាក់ថា រយៈមួយសប្តាហ៍ ខាងមុខនេះ សម្ពាធទាប ITCZ និងបន្តអូសបន្លាយមកលើភាគខ្លះក្នុងប្រទេសកម្ពុជា ដែលអាចនឹងបង្កឱ្យខេត្ត និងក្រុងមួយចំនួន អាចរងនូវជំនន់ទឹកភ្លៀង។ លើសពីនេះ តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះ នៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតនៅចន្លោះគីញើន ( Qui Nhon ) និងដាណាង (Da Nang)។
 
ស្ថានភាពបែបនេះ អាចធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះ អាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តមួយចំនួនរួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ។
  


ទន្ទឹមនឹងនេះ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅបណ្ដាខេត្តជាប់ជួរភ្នំដងរែក ភាគឦសានជាប់ប្រទេសវៀតណាម និងខេត្តព្រះវិហារ រួមទាំងខេត្តឧត្តរមានជ័យ។ ចំណែកឯ តំបន់ជាប់មាត់សមុទ្រវិញ អាចនឹងមានធ្លាក់ភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តមួយចំនួននៃខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រ ក៏អាចនឹងមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម។
 
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចនឹងកើតមាន ជាពិសេសត្រូវយកចិត្តទុកដាក់ជាមួយជំនន់ទឹកភ្លៀងនៅតាមខេត្តគោលដៅទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
 
 

Tag:
 អាកាសធាតុ
  ជំនន់ទឹកភ្លៀង
  ឥទ្ធិពលសម្ពោធទាប
© រក្សាសិទ្ធិដោយ thmeythmey.com