អន្តរជាតិ
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា សាទរអាស៊ានដែលមិនអញ្ជើញមេដឹកនាំរបបយោធាចូលកិច្ចប្រជុំកំពូល
19, Oct 2021 , 8:29 am        
រូបភាព
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាដែលបង្កើតឡើងសមាជិកសភាត្រូវយោធាប្លន់អំណាច បានសាទរសេចក្តីសម្រេចអាស៊ាន ដែលមិនអញ្ជើញមេដឹកនាំរបបយោធា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួមកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលក្រៅប្រទេសនេះ អះអាងថា ខ្លួនគួរតែជាតំណាងស្របច្បាប់របស់មីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំ។


  ​
កិច្ចប្រជុំអាស៊ានដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលាខាងមុខ នឹងមិនមានវត្តមានប្រមុខរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ឬតួអង្គនយោបាយណាមួយឡើយ​។ អាស៊ានសម្រេចបែបនេះកាលពីសប្ដាហ៍មុន ដោយគ្រោងអញ្ជើញតំណាងមិនមែននយោបាយនៅមីយ៉ាន់ម៉ាឱ្យចូលរួមវិញ។ រដ្ឋាភិបាលរួបរួមជាតិដែលបង្កើតសមាជិកសភាជាប់ឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ រីករាយការសម្រេចមិនឱ្យលោក មីន អ៊ុងឡាំង ចូលរួមជំនួបកំពូលនេះ។ 
 
«អាស៊ានមិនអញ្ជើញលោកមីន អ៊ុងឡាំង ជាជំហានដ៏សំខាន់មួយ ប៉ុន្តែយើងស្នើសុំឱ្យពួកគេទទួលស្គាល់យើងជាអ្នកតំណាងស្របច្បាប់របស់មីយ៉ាន់ម៉ា»។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលបង្រួមបង្រួមជាតិមីយ៉ាន់ម៉ា លោក Sasa លើកឡើងបែបនេះនៅថ្ងៃទី១៨ ខែ តុលា។ ទោះជាយ៉ាងណា រដ្ឋាភិបាលស្រមោលដដែលនេះ ក៏បានលើកឡើងថា ខ្លួននឹងទទួលយកការអញ្ជើញតំណាងមីយ៉ាន់ម៉ាដែលមានអព្យាក្រឹត្យភាពពិតប្រាកដដូចការសម្រេចកាលពីចុងសប្តាហ៍មុនដោយអាស៊ាន។
 
ជាមួយគ្នានេះ រដ្ឋាភិបាលបង្រួមបង្រួមជាតិមីយ៉ាន់ម៉ា បញ្ជាក់ថា ឥស្សរជនមិនមែនជាអ្នកនយោបាយដែលនឹងត្រូវចូលរួមកិច្ចប្រជុំកំពូលខាងមុខ ក៏មិនត្រូវជាតំណាងរបស់របបសឹកឡើយ។
 
នៅប៉ុន្មានថ្ងៃមុន ប្រ៊ុយណេដែលជាប្រធានផ្លាស់វេនរបស់អាស៊ាន បានចេញសេចក្តីថ្លែងការណ៍មួយ​ មិនអញ្ជើញអ្នកតំណាងយោធាមីយ៉ាន់ម៉ា ដ្បិតរបបសឹកមិនបានគោរពតាមការឯកភាពចំនួន ៥ចំណុចកន្លងមក។ ក្រោយការប្រកាសនេះ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានស្តីបន្ទោសលើការសម្រេចនេះថា បានប្រឆាំងនឹងគោលបំណងរបស់អាស៊ាន ហើយប្រឆាំងធម្មនុញ្ញអាស៊ានដែលអនុវត្តគោលការណ៍ «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិក៕

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com