ជាតិ
កន្ធាយក្បាលកង្កែប​៥ក្បាល ទម្ងន់​ពី ៥ ទៅ២២គីឡូក្រាម ត្រូវបានជួយសង្គ្រោះ
10, Nov 2021 , 10:59 pm        
រូបភាព
ដោយ:
កន្ធាយក្បាលកង្កែបជំទង់ចំនួន ៥ក្បាល ដែលមានទម្ងន់​ពី៥ ទៅ២២គីឡូក្រាម​ ត្រូវបានអង្គការ WCS ​និងរដ្ឋបាលជលផល​ខេត្តក្រចេះ ជួយសង្គ្រោះ និងបាន​លែងឱ្យរស់នៅក្នុងព្រៃធម្មជាតិតាមដងទន្លេមេគង្គវិញ។

 
 អង្គការ WCS សហការជាមួយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទខេត្តក្រចេះ កាលពីថ្ងៃ​ទី២៩ ខែតុលា បានដកហូតសត្ថកន្ធាយក្បាលកង្កែបចំនួន៥ក្បាល ដែល​ត្រូវគេដាក់លក់នៅក្នុងទីផ្សារ នៃខេត្តព្រះវិហារ។
 
តាមអង្គការ WCS កន្ធាយក្បាលកង្កែបទាំង៥ក្បាលនេះ មានទម្ងន់ចន្លោះពី៥ ទៅ២២គីឡូក្រាម ក្នុងមួយក្បាល។ក្រោយសង្គ្រោះ កន្ធាយក្បាលកង្កែបទាំងនោះ ត្រូវបានក្រុមការងារលែងចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គរបស់វាវិញ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ។
 
​លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសម្តែងការសោកស្តាយដែលសត្វកម្រ នៅតែត្រូវបានគេជួញដូរ នៅតាមទីផ្សារ​។ លោក ម៉ុក ពន្លក បានទទូចឱ្យពលរដ្ឋដែលរស់នៅតាមដង ទន្លេមេគង្គ និងតាមឆ្នេរទន្លេ ចូលរួម​ជាមួយ​គម្រោងនៃការអភិរក្សប្រភេទសត្វកម្រប្រភេទនេះ ដោយកុំ​នេសាទ និងជួញដូរ​។ ​ ទន្ទឹមនឹងការអំពាវនាវនេះ នាយខណ្ឌរដ្ឋបាលជលផល ក៏លើកទឹកចិត្តឱ្យពលរដ្ឋ រាយការណ៍មកកម្លាំងមន្ត្រីជំនាញ ប្រសិនឃើញមានករណីជួញដូរប្រភេទសត្វកម្រ។

រូបភាពដោយ អង្គការ WCS

​លោក សុំ សីថា ប្រធានគម្រោងអភិរក្សអណ្ដើកនៅក្នុងខេត្តកោះកុងរបស់អង្គការ WCS បញ្ជាក់ថា ក៏សោកស្តាយចំពោះសកម្មភាពជួញដូរប្រភេទសត្វកម្រនៅកម្ពុជាដែរ ខណៈស​។ ក្នុងនាមជាអ្នកអភិរក្សសត្វ​ លោក សីថា បារម្ភថា ប្រភេទសត្វកម្រ នឹងផុតពូជ បើសកម្មភាពល្មើសនៅតែបន្តកើតមាន។ «សត្វ​ប្រភេទនេះមានមិនច្រើនទេនៅលើពិភពលោក វាស្ទើរដាច់ពូជអស់ហើយ។ ដូច្នេះនៅកម្ពុជានៅមានគួរតែជួយគ្នាថែរក្សាបន្ត។ សកម្ម​ភាព​ ជួញដូរនៅលើទីផ្សារសត្វថ្ងៃជារឿងខុសនឹងច្បាប់ ហើយបើនៅតែបន្តថ្ងៃណាមួយ វាអាចធ្វើឱ្យវត្តមានពួកវា ដាច់ពូជពីប្រទេសកម្ពុជានៅថ្ងៃណាមួយមិនខានទេ»។ នេះជាការព្រួយបារម្ភរបស់លោក សីថា៕

Tag:
 WCS
  កន្ធាយក្បាលកង្កែប
  លែង
© រក្សាសិទ្ធិដោយ thmeythmey.com