កីឡាជាតិ
ជាតិ
ក្រោយឈ្នះមេដាយមាសអន្តរជាតិ​ កីឡាការិនី យស់ សញ្ចនា កាន់តែពុះពារ​​ទៅមុខ​ក្នុងគុន​​ល្បុក្កតោ​
17, Nov 2021 , 8:59 am        
រូបភាព
កីឡាការិនី យស់ សញ្ចនា កំពុងផ្តល់បទសម្ភាសឱ្យBTV នាពេលកន្លងមក។
កីឡាការិនី យស់ សញ្ចនា កំពុងផ្តល់បទសម្ភាសឱ្យBTV នាពេលកន្លងមក។
ក្រុម​កីឡា​ល្បុក្កតោ​កម្ពុជាបានឈ្នះមេដាយមាស​៣ និង​ប្រាក់២ក្នុងការប្រកួត​កីឡាយុទ្ធគុនចម្រុះអន្តរជាតិ (2021 International Martial Arts Contest) តាមប្រព័ន្ធអនឡាញ កាលពី​ថ្ងៃទី៣១ ខែតុលា កន្លងមក ដែលក្នុងនោះ កីឡាការិនី​ យស់ សញ្ចនា ឈ្នះមេដាយ​មាស២​តែម្នាក់​ឯង​លើ​វិញ្ញាសាទ្វារមេគុណ (Bare Hands) និងវិញ្ញាសាជាក្រុម​។ ចូល​ប្រឡូក​ក្នុង ​កីឡា​​ល្បុក្កតោអស់រយៈពេល​៦​ឆ្នាំ វាជា​សមិទ្ធផល​ដ៏អស្ចារ្យ​លើក​ដំបូង​របស់​ យុវតី​វ័យ​២១​ឆ្នាំរូបនេះ។​



ដើម្បីជ្រាបច្បាស់សូម លោក-អ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 
ព្រោះតែក្តីស្រឡាញ់ និងចង់ចូលរួមលើកស្ទួយយុទ្ធគុន​ដែលជា​មរតក​ដូនតា​ កញ្ញា យស់ សញ្ចនា បាន​សម្រេចចិត្តចូល ហាត់ល្បុក្កតោ តាំងពីអំឡុងឆ្នាំ២០១៥មក។ យុវតីពី​ខេត្តកណ្តាល​រូបនេះ ប្រឹង​ប្រែង​ឥតឈប់ឈរក្នុងការ​ហ្វឹកហាត់ដើម្បី​ បំពេញ​ក្តី​សុបិន​របស់ខ្លួន បើទោះបីជាធ្លាប់​រងរបួស គ្រេចដៃ គ្រេចជើង និង​ប្រឈម​បញ្ហា​​ផ្សេងៗក៏ដោយ។
 
«យើងជានារី បើប្រៀបធៀបទៅនឹងបុរស រៀងពិបាកជាងគេបន្តិច ព្រោះត្រូវហ្វឹកហាត់តែម្ដងចេះ។ យើងត្រូវហ្វឹកហាត់ម្ដង ឬពីរដងទើបចេះ»។ នេះជាការលើកឡើងរបស់កញ្ញា សញ្ចនា ដោយការ​ប្រឹងប្រែង​នាំឲ្យនាង​ក្លាយជា​កីឡាការិនី​ល្បុក្កតោ​ ជម្រើសជាតិ ចាប់​តាំងពី​ឆ្នាំ​២០១៨មក លើ​ជំនាញ​ ទ្វារមេគុនអាវុធមានមុខនារី, ទ្វារមេគុនព្រលឹងល្បុក្កតោឯកកត្តជននារី និងទ្វារមេគុនព្រលឹងល្បុក្កតោក្រុម។
 
ព្រឹត្តិការណ៍យុទ្ធគុន​ចម្រុះអន្តរជាតិ ដែល​រៀបចំ​ដោយ​គណៈកម្មការយុទ្ធគុនអន្តរជាតិ (WoMAU) នៅប្រទេស​កូរ៉េខាងត្បូង មាន​កីឡាករ-កីឡាការិនីជាង​២០០នាក់​ មកពី​១២​ប្រទេស​ចូលរួម​។ ក្នុង​វិញ្ញាសា​ទ្វារមេគុណ សញ្ចនា ទទួល​បានពិន្ទុ​លើស​គេ​ ដោយទទួលបាន​មេដាយមាស ខណៈកីឡាការិនី​វៀតណាម Nguyen Thi Hue May បាន​មេដាយ​ប្រាក់។ មេដាយសំរឹទ្ធស្ទួន បានទៅ​លើកីឡាការិនី​វៀតណាម Nguyen Hoang Trang និង​កីឡាការិនី​អ៊ូសបេគីស្ថាន Nazarova Ozoda។


 កញ្ញា យស់ សញ្ចនា ម្ចាស់មេដាយមាស ពីការប្រកួតកីឡាយុទ្ធគុនចម្រុះអន្តរជាតិ តាមប្រព័ន្ធអនឡាញ នៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៣១តុលា ឆ្នាំ២០២១។

សម្រាប់​វិញ្ញាសាជាក្រុមចម្រុះ (Team  Mixed Gender  Group ) សញ្ចនា ឈ្នះ​មេដាយ​មាសរួម​​ជាមួយ​កីឡាករ គឹម ទិត្យសុវឌ្ឍន: កីឡាករ រុន សាលីត កីឡាករ ពន្លឺ ពេជ្រមរកត កីឡាករ  អោក រិទ្ធានី កីឡាករ ព្រំ ពេញពិសាល កីឡាករ  ឈើន វណ្ណរិទ្ធ និងកីឡាការិនី ភិរម្យ មន្នីរ័ត្ន ខណៈក្រុមហ្វីលីពីន បាន​មេដាយ​ប្រាក់ ក្រុម​អ៊ូសបេគីស្ថាន និង​ក្រុម​កូរ៉េខាងត្បូង បាន​មេដាយសំរឹទ្ធស្ទួន។
 
 ជុំវិញនៃការទទួលបានមេដាយមាសពីការប្រកួតកម្រិត​អន្តរជាតិ​នេះ សញ្ចនា​ បានរៀបរាប់​ប្រាប់សារព័ត៌មាន ThmeyThmey ដូច្នេះថា៖«យើងមានការប្រកួតក្នុងក្រុមជាមុនសិន មុនពេលបញ្ជូន​ឈ្មោះ​បេក្ខជន។ នៅក្នុងការប្រកួតនោះ ដំណាក់កាលទី១ មានបេក្ខជន​ពី​១២ប្រទេស គ្រប់បេក្ខជន​ត្រូវថតវីដេអូរៀងៗខ្លួន ហើយ Submit (ដាក់) ទៅខាងកូរ៉េ។ ដំណាក់កាល ទី២​ជ្រើសរើស៧វីដេអូ សម្រាប់ការប្រកួតនៅជុំចុងក្រោយ​ ហើយយើងក៏បានឱកាសឈ្នះមេដាយមាស»។ 
 
ការទទួលបានមេដាយមាសរបស់និស្សិតឆ្នាំទី៤ ដែលកំពុងសិក្សាលើជំនាញគណនេយ្យរូបនេះ គឺមិនមែនកើតឡើងដោយចៃដន្យឡើយ ពោលគឺ វា កើតចេញការខិតខំប្រឹងប្រែងទ្វេរដងរបស់នាងផ្ទាល់​  រួមជាមួយនឹងការរៀបចំផែនការ និងយុទ្ធសាស្ត្រ និងហ្វឹតហាត់ច្បាស់លាស់ ជាពិសេសគឺការសិក្សាពីចំណុចខ្សោយ និងភាពបរាជ័យនាពេលកន្លងមករបស់ខ្លួន។ «លោកគ្រូបង្វឹករបស់ខ្ញុំផ្ទាល់ ទាំងខ្លួនខ្ញុំផ្ទាល់ គឺយើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការបង្ហាញពីក្បាច់គុនល្បុក្កតោមួយ មានភាពហ្មត់ចត់ ហើយជាពិសេសចង់ឱ្យពិភពលោកទាំងមូល ស្គាល់ពីក្បាច់គុណល្បុក្កតោនេះទូលំទូលាយ»។ នេះជាសម្តីរបស់ កញ្ញា យស់ សញ្ចនា ។ 
 
លោក វី តារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិ នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ថា កញ្ញា សញ្ចនា គឺជាកីឡាការិនីជម្រើសជាតិមួយរូបដែលរៀនអភិវឌ្ឍបានយ៉ាងល្អ តាមរយៈការកែប្រែពីចំណុចខ្សោយរបស់ខ្លួនឱ្យ ទៅជាចំណុចខ្លាំងវិញ។ 


 កីឡាការិនី យស់ សញ្ចនា (ខាងមុខ)លើកបង្ហាញមេដាយសំរឹទ្ធ ដែលដណ្តើមបានក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩

គ្រូបង្វឹក​រូបនេះ បាន​គូស​បញ្ជាក់ថា៖«ចំណុចពិសេសរបស់ សញ្ចនា គឺលើការផ្ដោតអារម្មណ៍របស់គាត់ គាត់ព្យាយាមស្ដាប់អ្វីដែលជាដំបូន្មានរបស់យើង ក្នុងការកែប្រែ ចំណុចខ្សោយទៅជាចំណុចខ្លាំង កែពីកន្លែងមិនទាន់ល្អ ទៅជាល្អ ហើយគាត់ជាមនុស្សមានឆន្ទៈ ក្នុងការធ្វើការងារ»។ លោក បន្ថែមថា៖«អ្វីដែលជាស្មារតី ក្រុមជម្រើសជាតិរបស់យើង បើទោះលទ្ធផលការប្រកួតយ៉ាងណាក៏ដោយ ប៉ុន្តែយើងនៅតែមានស្មារតី ក្នុងការបង្ហាញចេញឱ្យអស់ពីសមត្ថភាព ឱ្យអស់ពីលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពិភពលោកឱ្យគេស្គាល់អំពីសក្ដានុពលអ្វីដែលកម្ពុជាមាន»។ 
 
បើតាមលោក វី តារ៉ា បច្ចុប្បន្ន កម្ពុជា មានកីឡាករជម្រើសជាតិផ្នែកគុនល្បុក្កតោ ចំនួន២៨នាក់។ ក្នុងនោះ មាន១១នាក់ ជាស្ត្រី ដែលកំពុងហ្វឹកហាត់ក្រោមការផ្គត់ផ្គង់ពីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក (The 2021 International martial arts contest) ឆ្នាំ២០២១ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣១តុលា កន្លងថ្មីៗនេះ កម្ពុជាដណ្ដើមបានមេដាយមួយចំនួន ក្នុងនោះបានមេដាយមាស៣ ប្រាក់២ និង​សំរឹទ្ធ១៕ 

Tag:
 ThmeyThmey25
  ល្បុក្កតោ
  សញ្ចនា
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com