COVID-19
អន្តរជាតិ
ក្រុមហ៊ុន Pfizer ស្នើសុំការអនុញ្ញាតប្រើថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ របស់ខ្លួននៅអាម៉េរិក
17, Nov 2021 , 11:26 am        
រូបភាព
ក្រុមហ៊ុន Pfizer កំពុងស្នើសុំការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក (FDA) ចំពោះ​ការ​ប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងនឹង​ជំងឺកូវីដ-១៩ របស់ខ្លួន។ បន្ថែមពីនេះ ក្រុមហ៊ុន​ផលិត​ឱសថ​មួយ​នេះក៏​មានបំណងដាក់ស្នើឱ្យប្រើប្រាស់ថ្នាំគ្រាប់របស់ខ្លួនជាសកលផងដែរ។

 
បន្ទាប់ពីបានបញ្ចប់ការសិក្សាស្រាវជ្រាវពីប្រសិទ្ធភាពនៃថ្នាំលេបព្យាបាលជំងឺកូវីដ-១៩ ក្រុមហ៊ុន Pfizer នៅថ្ងៃទី១៦ ខែវិច្ឆិកា ក៏បានបញ្ចប់ការដាក់ពាក្យសុំការអនុញ្ញាតពី FDA ឱ្យប្រើប្រាស់ឱសថគ្រាប់ Paxlovid ក្នុងស្ថានភាពអាសន្នដែរ។
 
យោងតាមលទ្ធផលការពិសោធ ថ្នាំគ្រាប់ Paxlovid ជាប្រភេទថ្នាំលេបដែលអាចជួយកាត់ បន្ថយ​ការ​ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់សម្រាប់មនុស្សពេញវ័យដែល មានជំងឺធ្ងន់ធ្ងរជាង​៨៩​ភាគរយឯណោះ។ ថ្នាំនេះក៏ជាដំណោះស្រាយដ៏ប្រសើរមួយសម្រាប់ប្រទេស និង​តំបន់​ណា​ដែល​មាន​លទ្ធភាពទាបក្នុងការទទួលបានការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩។
 
យ៉ាងណាមិញ សេចក្ដីសម្រេចរបស់ FDA លើការស្នើរបស់ក្រុមហ៊ុន Pfizer នេះមិន ទាន់​ច្បាស់​ថា​នឹង​ធ្វើឡើងនៅពេលណានោះទេ។ ចំណែកឯក្រុមអ្នកប្រឹក្សារបស់ FDA នឹងជួបប្រជុំគ្នា​ដើម្បី​ពិចារណា​លើ​របាយការណ៍ស្នើសុំនេះនៅថ្ងៃទី៣០ ខែវិច្ឆិកា។ 
 
«យើងកំពុងខិតខំធ្វើការឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីទទួលបានការព្យាបាលដ៏មាន​សក្តានុពលសម្រាប់អ្នកជំងឺ ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយ FDA លើការពិនិត្យឡើងវិញ​លើ​ពាក្យ​ស្នើសុំ និងព្រមទាំងធ្វើការជាមួយនឹងភ្នាក់ងារផ្សេងទៀតនៅជុំវិញពិភពលោក»។ លោក Albert Bourla នាយកប្រតិបត្តិរបស់ Pfizer បានបញ្ជាក់ បែបនេះក្នុងសេចក្តីប្រកាសព័ត៌មានមួយ។
 
លើសពីនេះ ក្រុមហ៊ុន Pfizer ក៏បានលើកឡើងថា ខ្លួនបានចាប់ផ្ដើមស្វែងរកការអនុញ្ញាតពី ការប្រើប្រាស់ថ្នាំរបស់ខ្លួននៅក្នុងប្រទេសមួយចំនួន ដូចជា ចក្រភពអង់គ្លេស, អូស្ត្រាលី, នូវែលសេឡង់ និងកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះ ក៏គ្រោងនឹងដាក់ស្នើទៅអង្គការអន្តរជាតិបន្ថែមទៀត។
 
នៅថ្ងៃទី១៦ ខែវិច្ឆិកាដដែល ក្រុមហ៊ុនផលិតឱសថខាងលើក៏បានអះអាងថា ខ្លួន​បាន​យល់​ព្រម​លើ​កិច្ចព្រមព្រៀងជាមួយអង្គការ Medicines Patent Pool (MPP) ដែល នឹងផ្ដល់អាជ្ញាបណ្ណដ​ល់​ក្រុមហ៊ុនក្រុមហ៊ុនផលិតឱសថដែលមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់ក្នុងប្រទេសដែលមានចំណូលទាប​និងមធ្យមចំនួន៩៥ ឱ្យផលិត និងផ្គត់ផ្គង់ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩នេះផងដែរ៕

Tag:
 Pfizer
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com