ជាតិ
សមត្ថកិច្ចបញ្ជូនចិន៣នាក់ទៅតុលាការ ពាក់ព័ន្ធនឹងការបង្ខាំងជនជាតិថៃ៩៩នាក់នៅខណ្ឌសែនសុខ
23, Nov 2021 , 2:59 pm        
រូបភាព
រូបថតកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសុក្រ ទី ១៩ វិច្ឆិកា ២០២១។
រូបថតកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសុក្រ ទី ១៩ វិច្ឆិកា ២០២១។
ភ្នំពេញ៖  សមត្ថកិច្ចបញ្ជូនជនជាតិចិន៣នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការបង្ខាំងជនជាតិថៃ៩៩នាក់ ដើម្បីជម្រិតទារប្រាក់ នៅក្នុងខណ្ឌសែនសុខ។ ជនរងគ្រោះថៃទាំងនោះ គឹត្រូវមេខ្យល់នាំមកឲ្យធ្វើការនៅក្រុមហ៊ុនលក់ផលិតផលតាមអនឡាញរបស់ចិន។

 
 
លោក ឆាយ គឹមខឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ករណីបង្ខាំងមនុស្សនៅខណ្ឌសែនសុខនេះ គឺកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន៧៤នាក់។
ប៉ុន្តែបន្ទាប់ពីសាកសួរ រកឃើញថាមានចិន៣នាក់ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសបង្ខាំងមនុស្ស។
 
ការចុះបង្រ្កាបក្រុមជនជាតិចិន នៅផ្ទះមួយកន្លែងក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញនេះ ធ្វើឡើងថ្ងៃទី១៨វិច្ឆិកា។ ពួកចិនទាំងនោះ បានបង្ខាំងជនជាតិថៃ៩៩នាក់ ដើម្បីជំរិតទារប្រាក់។ នេះបើតាមលោក ឆាយ គឹមខឿន ដោយបញ្ជាក់ថា ជនរងគ្រោះថៃទាំងនោះបានចាញ់បោកមេខ្យល់មកធ្វើការងារឲ្យក្រុមហ៊ុនចិនលក់ផលិតផលអនឡាញ។ 


 ជនជាតិថៃ ដែលរងការវាយធ្វើបាបនិងបង្ខាំង ពីជនជាតិចិន។ (រូបពី Bangkok Post)
 
អ្នកនាំពាក្យរូបនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា៖ «ចិនទាំង៧៤នាក់ដែលជាប់ពាក់ព័ន្ធនឹងការបង្ខាំងជនជាតិថៃ៩៩នាក់នោះ មាន៣នាក់ជាអ្នកធ្វើទារុណកម្មនិងបង្ខាំងមនុស្ស ទើបយើងធ្វើរបាយការណ៍ ហើយបញ្ជូនទៅតុលាការរួចហើយ។ ក្រៅពីនេះ(ចិន៧១នាក់) យើងដោះលែងវិញ ព្រោះពួកគេគ្រាន់តែជាបុគ្គលិកធ្វើការធម្មតា»។ លោកបញ្ជាក់ថា ជនជាតិចិនទាំងនោះ បានបញ្ជូនទៅតុលាការកាលពីថ្ងៃទី២២វិច្ឆិកា។ 
 
ទន្ទឹមនឹងនេះ លោក ឆាយ គឹមខឿន បានឲ្យដឹងថា ជនជាតិថៃទាំង៩៩នាក់នោះ គឺឆ្លងដែនខុសច្បាប់ដើម្បីស្វែងរកការងារធ្វើនៅកម្ពុជា៕ 

Tag:
 សង្គម
  បង្ខាំងមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com