ជាតិ
ចេញពីពន្ធនាគារបាន១០ថ្ងៃ លោក រ៉ុង ឈុន បង្ហាញជំហរបន្តតស៊ូមតិ និងចុះអង្កេតព្រំដែនទៀត ​
23, Nov 2021 , 4:59 pm        
រូបភាព
លោក រ៉ុង ឈុន និងសកម្មជនដទៃទៀត ធ្វើសន្និសីទកាសែតនៅតាមចិញ្ចើមផ្លូវលេខ៤៣០​ ក្នុងសង្កាត់ទួលទំពូង២​ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២១។
លោក រ៉ុង ឈុន និងសកម្មជនដទៃទៀត ធ្វើសន្និសីទកាសែតនៅតាមចិញ្ចើមផ្លូវលេខ៤៣០​ ក្នុងសង្កាត់ទួលទំពូង២​ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២១។
ភ្នំពេញ៖ ១០ថ្ងៃ ក្រោយចេញពីពន្ធនាគារ លោក រ៉ុង ឈុន ដែលស្គាល់ថា ជាអ្នកឈឺឆ្អាលលើបញ្ហាសង្គមនោះ បានប្រកាសរក្សាជំហរបន្តបេសកម្ម តស៊ូមតិដើម្បីស្វែងរកលទ្ធប្រជាធិបតេយ្យ សិទ្ធិសេរីភាពដល់ពលរដ្ឋកម្ពុជាទៀត ដោយពុំរួញរាឡើយ។

 
 
ទីប្រឹក្សាគ្រូបង្រៀនឯករាជ្យកម្ពុជា លោក រ៉ុង ឈុន ដែលជាប់ពន្ធនាគារដោយសារបញ្ហាព្រំដែននោះ បានអះអាងថា លោកនឹងបន្តឃ្លាំងមើលបញ្ហាព្រំដែន និងចុះអង្កេតលើបញ្ហាសង្គមផ្សេងទៀត។ ក្នុងសន្និសិទកាសែតនៅចិញ្ចើមផ្លូវលេខ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៣ វិច្ឆិកានេះ លោកថ្លែងយ៉ាងដូច្នេះថា៖ «ចំពោះបញ្ហាព្រំដែនយើងមិនបោះបង់ទេ យើងនៅតែឃ្លាំងមើលជាបន្តបន្ទាប់ ហើយយើងនឹងចុះទៅមើលបន្តបន្ទាប់ ប៉ុន្តែ យើងមិនទាន់កំណត់ពេលណាមួយនៅឡើយទេ»។ 
 
ជាមួយគ្នានេះ លោក រ៉ុង ឈុន ដែលទើបចេញពីពន្ធនាគារ កាលពីថ្ងៃទី១២ វិច្ឆិកានេះ បានបង្ហាញជំហរថា លោកនឹងបន្តបេសកម្មស្វែងរកលទ្ធិប្រជាធិបតេយ្យ ដើម្បីឲ្យពលរដ្ឋកម្ពុជាទទួលបានសិទ្ធិសេរីភាពពេញលេញ។ លោក ក៏បានអំពាវនាវឲ្យមានការទម្លាក់បទចោទទាំងស្រុង និងដោះលែងដល់សកម្មជនទាំងអស់ ដែលត្រូវបានអនុញ្ញាតឱ្យនៅឃុំនាពេលថ្មីៗនេះ រួមទាំងសកម្មជនដទៃទៀតដែលកំពុងជាប់ឃុំផងដែរ។ 
 
សូមជម្រាបថា លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពជា ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីយប់ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-វៀតណាម។ ការចាប់ខ្លួននេះ ក្រោយពីលោក​ចុះទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន និង​ជួប​អ្នក​ភូមិ​​នៅស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ កក្កដា ហើយទទួលព័ត៌មានបានថា ទាហាន​វៀតណាម បាន​ចូល​មក​ឈ្លានពាន​អធិបតេយ្យ​កម្ពុជា ហើយដេញ​អ្នកភូមិ​ត្រពាំង​ផ្លុង មិន​ឲ្យ​ធ្វើស្រែក្បែរ​តំបន់​ព្រំដែន។
 
លោក រ៉ុង​ ឈុន ត្រូវបានតុលាការសម្រេចឲ្យជាប់​ពន្ធនាគារ​ចំនួន២ឆ្នាំ និង​ពិន័យ​២លានរៀល រួមទាំង​បង្គាប់​ឲ្យសង​ជំងឺចិត្ត ​ទៅ​គណៈ​កម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា​៤០០លាន​រៀល។ 
 
ក្រោយជាប់ពន្ធនាគារជាង១ឆ្នាំ សាលាឧទ្ធរណ៍ក៏បានសម្រេចបន្ថយទោសលោក រ៉ុង ឈុន ដែលត្រូវជាប់ពន្ធនាគារ២៤ខែ (២ឆ្នាំ) មកនៅត្រឹម១៥ខែ១១ថ្ងៃវិញ កាលពីថ្ងៃទី១២ វិច្ឆិកា។ ទោស៨ខែ១៩ថ្ងៃទៀតរបស់លោក ត្រូវព្យួរ (មិនជាប់ពន្ធនាគារ)។ លោក ត្រូវតុលាការ ចេញដីកាឃុំខ្លួននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០៕ 

Tag:
 សកម្មជន
  រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com