អន្តរជាតិ
ប៉ាគីស្ថាន​អនុញ្ញាតឲ្យឥណ្ឌា​ឆ្លងកាត់ដើម្បីដឹកជំនួយ​ស្រូវ​សាលី​ទៅកាន់អាហ្វហ្គានីស្ថាន
25, Nov 2021 , 8:29 am        
រូបភាព
កុមារអាហ្វហ្គានីស្ថាន នៅតំបន់ព្រំដែន Chaman នៃព្រំប្រទល់ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។ រូបថត Xinhua
កុមារអាហ្វហ្គានីស្ថាន នៅតំបន់ព្រំដែន Chaman នៃព្រំប្រទល់ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។ រូបថត Xinhua
គណៈរដ្ឋមន្ត្រីប៉ាគីស្ថាននៅថ្ងៃទី២៣ខែវិច្ឆិកាបានប្រកាសថា ប៉ាគីស្ថាននឹងផ្តល់ការអនុញ្ញាត ឱ្យឥណ្ឌាប្រើប្រាស់ផ្លូវគោករបស់ខ្លួន ដើម្បីដឹកជញ្ជូនជំនួយស្រូវសាលីទៅកាន់អាហ្វហ្កានីស្ថាន ដែលមនុស្សរាប់លាននាក់កំពុងប្រឈមមុខ នឹងបញ្ហាកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។



ជម្លោះ គ្រោះរាំងស្ងួត និងជំងឺកូវីដ-១៩ បានធ្វើឱ្យមនុស្សរាប់លាននាក់នៅអាហ្វហ្កានីស្ថាន ប្រឈមមុខនឹងបញ្ហាកង្វះអាហារ។ អាហ្វហ្កានីស្ថាន ក៏កំពុងជួបប្រទះនឹងកង្វះខាតស្រូវ សាលីចំនួន ២,៥លានតោន ហើយបច្ចុប្បន្នមានតែប្រជាជន ៥ ភាគរយតែប៉ុណ្ណោះ ដែលមានស្បៀងអាហារគ្រប់គ្រាន់សម្រាប់បរិភោគ។
 
«ពួកយើងបានយល់ព្រមអនុញ្ញាតឱ្យមានការបញ្ជូនស្រូវសាលីចំនួន៥ម៉ឺនតោននេះ ដែលឥណ្ឌាចង់បញ្ជូនទៅកាន់អាហ្វហ្កានីស្ថាន»។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក  Fawad Chaudhry បានលើកឡើងបែបនេះ អំឡុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបរវាង គណៈរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan។ លោក Chaudhry ​ក៏ បានបន្ដថា ប៉ាគីស្ថានយល់ឃើញថា ប្រជាជនអាហ្វហ្កានីស្ថាន ត្រូវការជួយជ្រោមជ្រែងក្រោមគោលការណ៍មនុស្សធម៌។
 
ក្រៅពីនេះ យោងតាមសេចក្ដីថ្លែងការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រីប៉ាគីស្ថាន រដ្ឋបាល ទីក្រុងអ៊ីស្លាម៉ាបាដ ក៏នឹងផ្ដល់ជំនួយ​ថវិកាជាង ២៨ លានដុល្លារ, ម្ហូបអាហារ, ស្រូវសាលី ចំនួន ៥ម៉ឺន តោន, សម្ភារៈពេទ្យសង្គ្រោះបន្ទាន់, ទីជម្រកសម្រាប់រដូវរងា និងការផ្គត់ផ្គង់ ផ្សេងៗទៀតសម្រាប់ប្រជាជនអាហ្វហ្កានីស្ថានផងដែរ។ ទន្ទឹមគ្នានេះ ក្នុងសេចក្ដីថ្លែងការណ៍ខាងលើប៉ាគីស្ថាននឹងជួយសម្រួលដល់ការវិលត្រឡប់របស់អ្នកជំងឺអាហ្វហ្កានីស្ថានដែលត្រូវបានបញ្ជូនទៅឥណ្ឌាសម្រាប់ការព្យាបាលផងដែរ។
យ៉ាងណាមិញ ជុំវិញរឿងនេះ ទីក្រុង ញូវដែលី មិនទាន់បានធ្លើយតបនោះឡើយ។
 
គួរបញ្ជាក់ថា ប៉ាគីស្ថាន​បាន​បដិសេធ​ការ​តភ្ជាប់​ទំនាក់ទំនងពាណិជ្ជកម្ម ឬ​ការ​ដឹក​ជញ្ជូន​ផ្សេង​ទៀត​របស់​ឥណ្ឌា ឆ្លងកាត់ប្រទេសខ្លួន​ទៅ​អាហ្វហ្កានីស្ថាន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប្រទេសទាំងពីរនេះ​បាន​ធ្វើ​សង្គ្រាម​បី​ លើក​ចាប់​តាំង​ពី​ប៉ាគីស្ថាន​ត្រូវបានបែងចេញពីឥណ្ឌា​ក្នុង​ឆ្នាំ ១៩៤៧៕
 

© រក្សាសិទ្ធិដោយ thmeythmey.com