អន្តរជាតិ
អ្នកកាសែតអាស៊ី-អឺរ៉ុប ជជែកពីការប្រយុទ្ធព័ត៌មានក្លែងក្លាយ
24, Nov 2021 , 8:59 pm        
រូបភាព
អ្នកសារព័ត៌មានកម្ពុជា ចូលរួមក្នុងកិច្ចពិភាក្សាសាធារណៈអមវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០ នៅថ្ងៃទី២៤ ខែវិច្ឆិកា។
អ្នកសារព័ត៌មានកម្ពុជា ចូលរួមក្នុងកិច្ចពិភាក្សាសាធារណៈអមវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០ នៅថ្ងៃទី២៤ ខែវិច្ឆិកា។
និពន្ធនាយក និងអ្នកសារព័ត៌មានកម្ពុជាច្រើនរូប ព្រមទាំងអ្នកសារព័ត៌មានមកពីតំបន់អាស៊ី ហើយនិងអឺរ៉ុប នៅថ្ងៃទី២៤ ខែវិច្ឆិកា ជួបជុំគ្នាជជែកពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ក្នុងកិច្ចពិភាក្សាដែលធ្វើតាមអនឡាញ តំណាងសារព័ត៌មានអាស៊ី និងអឺរ៉ុប សុទ្ធតែយល់ឃើញដូចគ្នាពីបញ្ហាព័ត៌មានក្លែងក្លាយ និងសារសំខាន់នៃការអប់រំទាំងក្នុងចំណោមអ្នកសារព័ត៌មាន និងសាធារណជនទូទៅពីការបោសសម្អាតក្លែងក្លាយនេះ។

 
កិច្ចពិភាក្សាសាធារណៈនៅថ្ងៃទី២៤ ខែវិច្ឆិកា ជាផ្នែកមួយវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី ១០ (ASEFERT10) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ វេទិកានេះ បើកជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ហើយត្រូវចូលរួមដោយក្រុមនិពន្ធនាយក និងអ្នកសារព័ត៌មានជាតំណាងឱ្យអង្គភាពផ្សព្វផ្សាយមកពីទ្វីបអាស៊ី និងអឺរ៉ុប ។ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាមូលបទនៃវេទិកាលើកនេះ។


 
វេទិកាពីរថ្ងៃនេះ ក៏ជាព្រឹត្តិការណ៍អមនៃជំនួបកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលជាកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ព្រឹត្តិការណ៍រៀបចំពីរឆ្នាំម្ដងនេះ នឹងចាប់ធ្វើនៅថ្ងៃទី២៥ និងទី២៦ ខែវិច្ឆិកា។
 
ក្នុងបទបង្ហាញមួយ លោក Zakir Hussain មកពីសារព័ត៌មាន The Strait Times របស់សិង្ហបុរី និយាយថា ព័ត៌មានក្លែងក្លាយ ជាបញ្ហាមួយរាលដាលលឿនដោយសារការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ លោកក៏សង្កត់ធ្ងន់ពីតួនាទីរបស់សារព័ត៌មានក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការផ្សាយព័ត៌មានពិតដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ការស្វែងរកព័ស្តុតាងដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ព័ត៌មាន និងការអប់រំប្រជាជនពីវិធីសាស្រ្តក្នុងការកំណត់ព័ត៌មានណាដែលពិត ឬមិនពិតជាដើម។
 
មិនខុសពីលោក Hussain ឡើយ ចំណែកលោក ប៉ែន បូណា​ ប្រធានក្លិបអ្នកកាសែតកម្ពុជា លើកឡើងថា ព័ត៌មានក្លែងក្លាយ ជាបញ្ហាសាកលមួយ។ សម្រាប់អ្នកកាសែតជើងចាស់រូបនេះ អ្នកសារព័ត៌មានមានវិជ្ជាជីវៈ បានដឹងពីរបៀបបញ្ជាក់ការពិតក្នុងព័ត៌មានស្រេចទៅហើយ ប៉ុន្តែសាធារណជនទូទៅវិញ មិនទាន់អាចបែងចែកដាច់ ឬអាចបញ្ជាក់ព័ត៌មានបែបណានោះឡើយ។ 


 
ជុំវិញទិដ្ឋភាពច្បាប់ក្នុងការដោះស្រាយបញ្ហាព័ត៌មានក្លែងបន្លំនេះ​ តំណាងសារព័ត៌មានតំបន់អឺរ៉ុបមានស្វ៊ីស និងហុងគ្រី អះអាងថា នៅប្លុកអឺរ៉ុប មិនទាន់មានច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយឡើយ។ ប៉ុន្តែអ្នកសារព័ត៌មានហុងគ្រី បញ្ជាក់ថា រដ្ឋាភិបាលហុងគ្រី មានបញ្ជាមួយដែលចែងពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៕ 

Tag:
 ASEM
  អាស៊ី
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com