COVID-19
អន្តរជាតិ
អាហ្រ្វិកខាងត្បូង រកឃើញវីរុសបង្កជំងឺកូវីដ-១៩ ថ្មីដែលបំប្លែងខ្លួនជាង១០ដង
26, Nov 2021 , 11:08 am        
រូបភាព
ប្រជាជនអាហ្វ្រិកខាងត្បូង តម្រង់ជួរធ្វើតេស្តរកជំងឺកូវីដ-១៩ ។ រូបថត Xinhua
ប្រជាជនអាហ្វ្រិកខាងត្បូង តម្រង់ជួរធ្វើតេស្តរកជំងឺកូវីដ-១៩ ។ រូបថត Xinhua
អ្នកវិទ្យាសាស្ត្រនៅអាហ្រ្វិកខាងត្បូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ប្រកាសពីការរកឃើញវីរុសបំប្លែង​ខ្លួន​ថ្មី​ដែល​បង្កជាជំងឺកូវីដ-១៩ ដ៏គួរឱ្យបារម្ភ។ វីរុសបំប្លែងខ្លួនថ្មីនេះ បានបំប្លែងខ្លួន (Mutation) ក្នុង​កម្រិត​ធំមួយដែលមិនធ្លាប់មានពីមុនមក។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រកំពុង​តែ​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​សមត្ថភាពជាក់លាក់របស់វីរុសទម្រង់មួយនេះ។

 
តាមវិទ្យាសាស្ត្រ វីរុសបំប្លែងខ្លួនថ្មីមួយនេះមានឈ្មោះថា B.1.1.529 ។ អំឡុងសន្និសីទសារព័ត៌មាន​ថ្ងៃទី២៥​ ខែវិច្ឆិកា អ្នកឯកទេសខាងវីរុសលោក Tulio de Oliveira បានលើកឡើងថា វីរុស​បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង។ ការណ៍នេះរឹតតែ ធ្វើឱ្យ​ស្ថានភាពជំងឺកូវីដ-១៩​នៅ​ប្រទេសនេះគួរឱ្យបារម្ភថែមទៀត។
 
លោក Oliveira ក៏អះអាងថា វីរុសទម្រង់ថ្មីនេះហើយដែលបានធ្វើឱ្យចំនួនអ្នកឆ្លង ជំងឺកូវីដ-១៩នៅអាហ្វ្រិកខាងត្បូងកើនឡើងវិញ។ អ្នកឯកទេសរូបនេះបន្តថា វីរុសបំប្លែងខ្លួន​ថ្មីនេះ​ក៏​ត្រូវ​បាន​រក​ឃើញនៅបុតស្វាណា និងហុងកុងក្នុងចំណោមអ្នកធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូងផងដែរ។
 
ចំណែកអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាង ដិតដល់​ចំពោះ​វីរុសទម្រង់ខាងលើ ហើយក៏រំពឹងថា នឹងរៀបចំកិច្ចប្រជុំក្រុមបច្ចេកទេសនៅថ្ងៃទី២៦ ខែវិច្ឆិកា​ដើម្បី​កំណត់ថាវីរុសទម្រង់ B.1.1.529 គួរចាត់ថ្នាក់ក្នុងចំណោមក្រុមវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍ (Variant of interest) ឬ ក្រុមវីរុសបំប្លែងខ្លួនដែលគួរឱ្យបារម្ភ (Variant of concern)។
 
«យោងតាមការវិភាគដំបូង វីរុសបំប្លែងខ្លួនថ្មីនេះបានបំប្លែងខ្លួន ជាច្រើនដងហើយ​វាទាមទារ​ឱ្យ​ឆ្លង​កាត់​ការសិក្សាបន្ថែមទៀត។» WHO បញ្ជាក់បែបនេះ។ ឯអ្នកវិទ្យាសាស្ត្របានបង្ហាញថា វីរុសបំប្លែងខ្លួនទម្រង់ B.1.1.529 បានបំប្លែង​ខ្លួនជាង១០ដងច្រើនជាងវីរុសបំប្លែង​ខ្លួនទម្រង់​ដែលតា​ដែលបានបំប្លែងខ្លួន២ដង និងបេតាចំនួន៣ដង។
 
​អ្នកដឹកនាំបច្ចេកទេសរបស់ WHO លើជំងឺកូវីដ-១៩ លោកស្រី Maria Van Kerkhove បានថ្លែង​នៅ​ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញថា ការដែលវីរុសបានបំប្លែងខ្លួនជាច្រើនដង អាចនឹង​ជិះ​ឥទ្ធិពលទៅឥរិយាបទរបស់វីរុស។ មានន័យថា វីរុសអាចនឹងប្រែប្រួលសកម្មភាព និងសមត្ថភាព​កាច​សាហាវជាងមុន ឬក៏អាចខ្សោយជាងមុនក៏ថាបាន។ លោកស្រីបញ្ជាក់ថា ក្រុមអ្នកសិក្សាស្រាវជ្រាវ​នឹង​ត្រូវការចំណាយពេលពីរទៅបី សប្តាហ៍ដើម្បីស្វែងយល់ពីផលប៉ះពាល់​នៃវីរុសបំប្លែងខ្លួនថ្មី​នេះទៅ​លើ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
 
គួរបញ្ជាក់ថា យោងតាមវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លង (NICD) របស់អាហ្វ្រិកខាងត្បូងករណី​ឆ្លង​វីរុស​បំប្លែងខ្លួនទម្រង់ B.1.1.529 មានចំនួន ២២ ករណី៕

Tag:
 អាហ្វ្រិកខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com