អន្តរជាតិ
មេដឹកនាំរបបយោធាមីយ៉ាន់ មីន អ៊ុងឡាំង បន្តផាត់ចេញពីកិច្ចប្រជុំ ASEM
26, Nov 2021 , 2:34 pm        
រូបភាព
កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM 13) ដែលមានកម្ពុជាជាម្ចាស់ផ្ទះ មិនមានវត្តមានមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ចូលរួមនោះទេ។ នេះជាកិច្ចអន្តរជាតិទីបីហើយដែលលោក មីន​ អ៊ុងឡាំង ត្រូវផាត់ចេញ។

 
 
ប្រមុខរបបសឹកមីយ៉ាន់ម៉ាឧត្តមសេនីយ៍ មីន អ៊ុងឡាំង មិនមានវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឡើយ។ លោក មីន អ៊ុងឡាំង ត្រូវបានផាត់ចេញពីកិច្ចប្រជុំពីរលើកទៅហើយ។ នេះជាជំហររបស់អាស៊ានដែលមិនអញ្ជើញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ារូបនេះ។
 
ការបន្តប្រើអំពើហិង្សាបង្ក្រាបក្រុមបាតុករ និងប្រជាជនស៊ីវិល ហើយមិនគោរពតាម​ផែនការ​ប្រាំចំណុច​របស់អាស៊ាន ដែលកត្តាសំខាន់ដែលអាស៊ានចាត់វិធានការប្រឆាំងមេដឹកនាំយោធាមីយ៉ាន់ម៉ា។ យោង​តាមទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា មេដឹកនាំ យោធា​មីយ៉ាន់ម៉ា​ត្រូវ​បានប្រាប់ឱ្យបញ្ជូនតែអ្នកតំណាងមិនពាក់ព័ន្ធនយោបាយដើម្បីចូលរួម​កិច្ចប្រជុំ ASEM ។ ប៉ុន្តែ​របប​យោធាមីយ៉ាន់ម៉ាបានជូនដំណឹងកម្ពុជាវិញថា មីយ៉ាន់ម៉ានឹងមិនចូលរួម​ក្នុងកិច្ចប្រជុំកំពូលឡើយ។
 
ក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានខែតុលា សមាជិកអាស៊ាន៩ទៀត ជាលើកដំបូង បានដកវត្ត​មាន​មេដឹកនាំ​យោធាមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំ។ ការសម្រេចចិត្តមួយនេះបានធ្វើឡើង​បន្ទាប់ពីមេដឹកនាំ​រដ្ឋប្រហារ​បរាជ័យក្នុងស្ដារស្ថានភាពនយោបាយ និងគោរពតាមផែនការ៥ចំណុចរបស់អាស៊ាន។ នៅដើម​សប្ដាហ៍នេះ មេដឹកនាំរដ្ឋប្រហារ ក៏គ្មានមុខក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ទោះជាចិន​បាន​ព្យាយាម​បញ្ចុះបញ្ចូលរដ្ឋសមាជិកនៃប្លុកនេះឱ្យអនុញ្ញាតឱ្យមីយ៉ាន់ម៉ាមាន​វត្តមាននៅ​ក្នុងកិច្ចប្រជុំ​ក៏​ដោយ។ 
 
គួរបញ្ជាក់ថា ការណ៍ដែលអាស៊ានបានចាត់វិធានការដាក់សម្ពាធលើរបបរដ្ឋប្រហារនេះ ជារឿងមិនធ្លាប់មានពីមុនមកនោះទេ ហើយនេះក៏ងាកឆ្ងាយពីគោលការណ៍មូលដ្ឋាននៃការ មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកដែរ។ ជាការឆ្លើយតប របបយោធា បានរិះគន់​ប្លុក​នេះ​ថា​ ពួកគេមិន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ដែល​មាន​ជា​យូរ​មក​ហើយ៕

Tag:
 មីយ៉ាន់ម៉ា
  ASEM
© រក្សាសិទ្ធិដោយ thmeythmey.com