សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​ប្រាប់​តារាល្បីៗឲ្យ​ឈប់សម្ញែងទ្រព្យ និងសកម្មភាពភ្លើតភ្លើនហួសហេតុ​តាមបណ្តាញសង្គម
27, Nov 2021 , 10:24 am        
រូបភាព
ដោយ: ធីតា
 តារាល្បីៗនៅក្នុង​ប្រទេសចិន នឹងមិនអាច​បង្ហោះខ្លឹម​សារដែលអសីលធម៌នៅលើបណ្តាញសង្គម​នោះឡើយ។​ នេះជាការព្រមាន​របស់​រដ្ឋបាលទទួល​បន្ទុកគ្រប់គ្រងលំហរអ៊ីនធ័រណិត​ចិន ដោយហាមឃាត់​ការ​អួតសម្ញែងទ្រព្យសម្បត្តិ និងសកម្មភាព​សប្បាយ​ភ្លើតភ្លើនហួសហេតុ។


 
តារាល្បីៗ ក៏ដូចជាគណនីបណ្តាញសង្គមដែលគាំទ្រ (fan-club accounts) ត្រូវ​តែគោរព​សណ្តាប់ធ្នាប់សាធារណៈ និងទំនៀម​ទម្លាប់​ល្អ ប្រកាន់ខ្ជាប់​នូវការកែតម្រូវ តម្រង់ទិសមតិ​សាធារណៈ និង​ការលើ​កកម្ពស់គុណតម្លៃ​សង្គម។ សេចក្តី​ប្រកាសរបស់ស្ថាប័​នគ្រប់គ្រងអ៊ីនធីរណិត​ ធ្វើឡើង​ក្រោយពេល​ដែលបក្សកុម្មុយនីស្ត​ចិន បើក​យុទ្ធនាការប្រឆាំងនឹង​ការ​រីករាលដាល​ឧស្សាហកម្ម​កម្សាន្ត​ ជាពិសេសករណីរឿង​អាស្រូវ​របស់​តារាល្បីៗ និង​ក្រុមអ្នកគាំទ្រ​របស់ពួកគេ​តាមអនឡាញ។
 
យោងតាម​ការផ្សាយ​របស់ Business Insider អាជ្ញាធរចិន​ក៏បានហាមប្រាមតារាល្បីៗកុំឲ្យមាន​ការ​ចែក​រំលែកព័ត៌មាន​ចចាមអារ៉ាម ការបង្ហោះ​ព័ត៌មានមិនពិត ព័ត៌មាន​ឯកជន​ ការ​ជំរុញ​​ឲ្យ​ក្រុមអ្នកគាំទ្រ​វាយប្រហារ​ដោយសារសម្តីគ្នា​ទៅ​វិញទៅមក ​ក៏ដូចជា​ការ​បំផុស​បំផុល​ឲ្យអ្នកគាំទ្រ​រៃអង្គាស​ថវិកា​ដោយខុសច្បាប់ ឬការវិនិយោគ​មិនសម​ហេតុផល​ណាមួយ។
 
ជាមួយគ្នានេះដែរ សមាគម​សិល្បៈចិន បានហាមឃាត់​មនុស្ស​៨៨នាក់ពីការផ្សាយ​ផ្ទាល់ (Livestreaming) នៅលើ​បណ្តាញសង្គម ក្នុងនោះមាន​តារាចម្រៀងចិន-កាណាដា Kris Wu ដែល​រងការចោទប្រកាន់ពាក់ព័ន្ធរំលោភ​ផ្លូវភេទ​ផងដែរ។ សមាគម​សិល្បៈ​ចិន បាន​ជំរុញ​បន្ថែមឲ្យមាន​ការ​ពង្រឹងវិន័យផ្ទាល់ខ្លួន​របស់តារាគ្រប់រូបក្នុងឧស្សាហកម្ម​សិល្បៈ ដើម្បីរួមគ្នា​លុ​បបំបាត់ក្រុមសិល្បករអសីលធម៌។
 
កាលពីខែសីហា កន្លងមក ចិនបាន​លុបវត្តមាន​របស់​តារាសម្តែងដ៏ល្បី Zhao Wei ចេញពីរាល់បណ្តាញសង្គម ហើយអាជ្ញាធរក៏មិនបានបង្ហាញពីហេតុផលណាមួយនោះដែរ ខណៈ​បណ្តាញព័ត៌មាន​រដ្ឋ បាន​លើកឡើងថា តារារូបនេះពាក់ព័ន្ធរឿងអាស្រូវជាច្រើន ជាពិសេស​សំណុំរឿងវិនិយោគដែលមានទឹកប្រាក់​៧,៤៥លានដុល្លារអាមេរិក។
 
នៅចិន បណ្តាញសង្គមដូចជា Twitter, Facebook និង YouTube ជាដើម ត្រូវបាន​បិទ ខណៈការប្រើ​ប្រាស់ Weibo, Renren និង Youku ត្រូវបាន​រឹតត្បិត​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com