COVID-19
អន្តរជាតិ
WTO ពន្យារពេលកិច្ចប្រជុំសំខាន់មួយ ព្រោះបារម្ភអំពីវីរុសបំប្លែងខ្លួនអូមីក្រុង
27, Nov 2021 , 7:30 pm        
រូបភាព
អគ្គនាយិកា WTO លោកស្រី Ngozi Okonjo-Iweala ។ រូបថត Xinhua
អគ្គនាយិកា WTO លោកស្រី Ngozi Okonjo-Iweala ។ រូបថត Xinhua
 
សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី២៦ ខែវិច្ឆិកាបានយល់ព្រមគ្នាពន្យារពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែវិច្ឆិកានេះ ដោយសារបារម្ភពីវីរុសបំប្លែងខ្លួនថ្មីដែលបង្កជាជំងឺកូវីដ-១៩ ឈ្មោះអូមីក្រុង។



សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់ WTO គ្រោងរៀបចំឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃ ទី៣ ខែធ្នូ នៅទីស្នាក់ការកណ្ដាលរបស់ WTO ស្ថិតនៅទីក្រុងហ្សឺណែវ។ ប្រទេសជាសមាជិករំពឹងជួបជុំគ្នាផ្ទាល់ដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗ និងកិច្ចព្រមព្រៀងដែលមិនត្រូវបានពិភាក្សាជាយូរមកហើយរួមមានការទប់ស្កាត់ការនេសាទលើសចំណុះក្នុងតំបន់សមុទ្រអន្តរជាតិ និងការព្យួរសិទ្ធិប៉ាតង់វ៉ាក់សាំងកូវីដ-១៩ជាដើម។

យ៉ាងណាមិញ រដ្ឋមន្ត្រីតំណាងឱ្យប្រទេសសមាជិក WTO ទាំង១៦៤ បានឯកភាពគ្នាពន្យារពេលកិច្ចប្រជុំខាងលើបន្ទាប់ពីស្វ៊ីសបានចាត់់វិធានការរឹតត្បិតការធ្វើដំណើរចូលប្រទេសខ្លួនដើម្បីទប់ទល់នឹងការកើតឡើងវីរុសបង្កជំងឺកូវីដ-១៩ ទម្រង់ថ្មី។ ការជួបជុំ តាមប្រព័ន្ធអនឡាញក៏ទំនងមិនមែនជាជម្រើសជំនួសនោះដែរ។ នេះបើយោងតាមមន្ត្រី WTO ម្នាក់។

កាលពីឆ្នាំ២០២០ សន្និសីទរដ្ឋមន្ត្រីលើកទី១២ បានគ្រោងរៀបចំកិច្ចប្រជុំនៅទីក្រុង Nur-Sultan ទឹកដីកាហ្សាក់ស្ថាន ហើយក៏ត្រូវបានផ្អាកដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩ដែរ។ នេះជាលើកទីពីរហើយដែលកិច្ចប្រជុំខាងលើនេះត្រូវបានពន្យារពេល។ ចំពោះកាលបរិច្ឆេទថ្មីមិនទាន់ត្រូវបានកំណត់នោះទេ។

ជុំវិញរឿងនេះ អគ្គនាយិកា WTO លោកស្រី Ngozi Okonjo-Iweala បានលើកឡើងថា ការ សម្រេចចិត្តឱ្យមានការពន្យារពេលនេះ មិនជារឿងស្រួលនោះទេ តែក្នុងនាមជាប្រមុខ WTO កិច្ចការដែលសំខាន់សម្រាប់លោកស្រីគឺត្រូវរក្សាសុខភាព និងសុវត្ថិភាពរបស់តំណាងប្រទេសទាំងអស់ដែលត្រូវចូលរួម។ លោកស្រី Okonjo-Iweala ក៏បានសង្កត់ធ្ងន់ថា ការពន្យារពេលនេះមិនមានន័យថា ការចរចាគួរតែបញ្ឈប់ឡើយ។

«វីរុសបំប្លែងខ្លួនទម្រង់ថ្មីនេះរំលឹកពួកយើងម្តងទៀតអំពីភាពបន្ទាន់នៃការងារដែលយើងទាំងអស់គ្នាត្រូវទទួលខុសត្រូវ»។ អគ្គនាយិកា WTO បន្តបែបនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា រាល់ជើងហោះហើរត្រង់ពីអាហ្វ្រិកខាង ត្បូងទៅកាន់ស្វ៊ីសត្រូវបានហាមឃាត់។ បន្ថែមពីនេះ អ្នកធ្វើដំណើរមកពីតំបន់ អាហ្វ្រិកខាងត្បូង, បែលហ្ស៊ិក, ហុងកុង, អ៊ីស្រាអែល និងប្រទេសផ្សេងទៀតដែលត្រូវបានរកឃើញវីរុសទម្រង់អូមីក្រុង  ត្រូវតែបង្ហាញការធ្វើតេស្តជំងឺកូវីដ-១៩អវិជ្ជមាន ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ៕





Tag:
 WTO
© រក្សាសិទ្ធិដោយ thmeythmey.com