អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃឌិនថា ប្រទេសផ្សេងទៀត ត្រូវតែបរិច្ចាគវ៉ាក់សាំងបន្ថែមដើម្បីបញ្ចប់ជំងឺកូវីដ-១៩
27, Nov 2021 , 9:30 pm        
រូបភាព
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី ២៦ ខែវិច្ឆិកា បាននិយាយថាប្រទេសផ្សេងៗ ត្រូវតែដើរតាមគន្លងសប្បុរសធម៌របស់អាម៉េរិក ហើយបរិច្ចាគវ៉ាក់សាំងកូវីដ-១៩បន្ថែមដល់ប្រទេសខ្វះខាត។ ការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ធ្វើឡើងស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងវីរុសបង្កកូវីដ-១៩ បំប្លែងថ្មី។

«ជំងឺរាលដាលនេះនឹងមិនអាចបញ្ចប់ទេ រហូតដល់ប្រជាជនលើពិភពលោកទទួលបានការចាក់វ៉ាក់សាំង»។ លោក ចូ បៃឌិន បានលើកឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ក្នុងសេចក្តីថ្លែងការណ៍មួយពីកោះ Nantucket ដែលជាកន្លែងដែលលោកកំពុងអបអរបុណ្យ Thanksgiving។ មេដឹកនាំអាម៉េរិករូបនេះ ក៏បានអំពាវនាវឱ្យប្រទេសនានាចែករំលែកបច្ចេកវិទ្យាផលិតវ៉ាក់សាំង និងឈប់ខ្វល់ពីរឿងកម្មសិទ្ធិបញ្ញា ដើម្បីអនុញ្ញាតឱ្យមានការផលិតវ៉ាក់សាំងនៅទូទាំងពិភពលោក។
ទាក់ទងនឹងបញ្ហាបរិច្ចាគវ៉ាក់សាំងនេះ លោក បៃឌិនបានអះអាងថា អាម៉េរិកបានបរិច្ចាគវ៉ាក់សាំងច្រើនជាងចំនួនវ៉ាក់សាំងនៃប្រទេសដទៃទៀតបរិច្ចាគបូកបញ្ចូលគ្នាទៅទៀត។ លោក ក៏បានប្រាប់ឱ្យប្រទេសដទៃទៀត បរិច្ចាគវ៉ាក់សាំងបន្ថែមដើម្បីតាមឱ្យទាន់ការបរិច្ចាគរបស់អាម៉េរិកផងដែរ។

ការអំពាវនាវជាបន្ទាន់ ពីប្រធានាធិបតីអាម៉េរិកនេះ បានកើតឡើងនៅពេលដែល អាម៉េរិកបានហាមប្រាមអ្នកដំណើរពីប្រទេសចំនួនប្រាំបីនៅអាហ្វ្រិកខាងត្បូងចូលទឹកដីអាម៉េរិក។ ថ្មីៗនេះ គេបានរកឃើញវីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង នៅទ្វីបអាហ្រ្វិក ដែលបានកម្រិតគ្រោះថ្នាក់ខ្ពស់។

បើយោងតាមទិន្នន័យពីក្រសួងការបរទេសអាម៉េរិក គិតត្រឹមថ្ងៃទី ២១ ខែវិច្ឆិកា អាម៉េរិកបានបញ្ជេញវ៉ាក់សាំងជាង២៦០លានដូសទៅជាង ១១០ ប្រទេសតាមយន្តការ COVAX ក៏ដូចជាតាមកិច្ចព្រមព្រៀងទ្វេភាគីរួចមកហើយ។ កន្លងមកអាម៉េរិកធ្លាប់បានសន្យាថា នឹងបរិច្ចាគវ៉ាក់សាំងឱ្យបាន ១,២ពាន់លានដូសទៅកាន់ប្រទេសជុំវិញពិភពលោក។

មកទល់ពេលនេះ អាម៉េរិកបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ប្រមាណ៤៩លានករណី ខណៈចំនួនអ្នកស្លាប់មានជាង៧សែន៩ម៉ឺនករណី។ លើសពីនេះដែរ ចំនួនប្រជាជនអាម៉េរិកដែលបានទទួលវ៉ាក់សាំងរួចមានជាង៥៩,១ភាគរយនៃចំនួនប្រជាជនសរុប៕


Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com