ជាតិ
ស្លឹកកប៉ាល់ហោះ ឬស្ពៃទឹក ជាបន្លែព្រៃដែលមានរសជាតិឆ្ងាញ់
12, Dec 2021 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅតាមព្រៃភ្នំភាគច្រើនមានរុក្ខជាតិពណ៌បៃតងច្រើន មានខ្លះអាចបរិភោគបាន និងខ្លះទៀតជា រុក្ខជាតិពុលមិនអាចបរិភោគបាន។ ចំពោះស្លឹកកប៉ាល់ហោះ ឬស្លឹកស្ពៃទឹក ភាគច្រើនត្រូវបានពលរដ្ឋយក ប្រើប្រាស់តាមតម្រូវការ ទៅតាមតំបន់ និងតាមទម្លាប់ផងដែរ។



«ស្លឹកកប៉ាល់ហោះ ឬស្លឹកស្ពៃទឹក» ជាភាសាដែលត្រូវបានពលរដ្ឋហៅតាមតំបន់។ ឈ្មោះស្លឹកកប៉ាល់ហោះ ជាភាសារបស់ពលរដ្ឋរស់នៅភូមិភាគឦសានដូចជា មណ្ឌលគិរី និងរតនគិរី។ ចំណែកឯ ឈ្មោះស្លឹកស្ពៃទឹកជាភាសារបស់ពលរដ្ឋរស់នៅតាមជួរភ្នំឱរ៉ាល់ ដូចជានៅខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត’។ ប៉ុន្ដែជាភាសាបច្ចេកទេស​ មិនទាន់អាចបញ្ជាក់បាននៅឡើយទេថាមានឈ្មោះអ្វីឱ្យប្រាកដ។

ដើមកប៉ាល់ហោះ ឬស្ពៃទឹក 
 
សណ្ឋានស្លឹករបស់រុក្ខជាតិព្រៃមួយប្រភេទនេះ មានរាងឆែកៗ ពណ៌បៃតង និងរោមតូចៗជាប់នឹងស្លឹក។ ចំណែកដើមវា សម្បូរដោយជាតិទឹក មើលទៅថ្លាៗ និងមានពណ៌បៃតងស្រាល។
 
បន្លែព្រៃមួយប្រភេទនេះ គេអាចយកទៅស្លប្រហើរ ស្លម្ជូរ​ កកូរ ធ្វើអន្លក់ទឹកគ្រឿង បន្លែសម្រាប់ផ្ទាប់ជាមួយប្រហុក ផ្អក អន្លក់នំបញ្ចុក បាញ់ឆែវ និងអាចយកធ្វើជ្រក់ដូចស្ពៃក៏បាន។ សម្រាប់រសជាតិរបស់វា  ផ្អែមស្រាល និងក្លិនប្រហើរនៅពេលស្លឆ្អិន ហើយរសជាតិហាក់ប្លែកជាងបន្លែដទៃ។ ក្លិន និងរសជាតិ​របស់រុក្ខជាតិនេះ អាចធ្វើឱ្យអ្នកបរិភោគមានអារម្មណ៍ស្រស់ស្រាយ។ ប្រសិនបើគេយកវាជាបន្លែស្រស់ធ្វើជាអន្លក់វិញ រសជាតិប្រហែលទៅនឹងត្រួយកាហ្វេ ប៉ុន្ដែវាមិនចត់ និងទន់ជាងត្រួយកាហ្វេ។

 ផ្កាកប៉ាល់ហោះ ឬស្ពៃទឹកនៅពេលទុំ
 
ស្លឹកកប៉ាល់ហោះ ឬស្ពៃទឹកនេះ ភាគច្រើនសម្បូរនៅរដូវវស្សា នៅពេលមានភ្លៀងធ្លាក់ជោកជាំ។​ វាតែងដុះដោយសេរីនៅតាមជើងភ្នំ និងតំបន់ព្រៃដែលមានអាកាសធាតុត្រជាក់ និងសម្បូរដោយសំណើម។ ចំណែកឯ នៅរដូវប្រាំងវានឹងងាប់ ដោយសារខ្សោះទឹក និងដីគ្មានសំណើមគ្រប់គ្រាន់។ មួយវិញទៀត នៅភូមិភាគឦសានបន្លែប្រភេទនេះ សម្បូរពេញមួយរដូវ ដោយវាត្រូវបានប្រជាពលរដ្ឋយកទៅដាំនៅក្បែរផ្ទះ ឬក្នុងចម្ការ ដោយបានមើលថែដូចជា បន្លែផ្សេងទៀតដែរ៕

Tag:
 បន្លែព្រៃ
  ស្លឹកកប៉ាល់ហោះ
  ស្ពៃទឹក
  ច្នៃ
© រក្សាសិទ្ធិដោយ thmeythmey.com