ជាតិ
លោក ហៃ លីអ៊ាង ជាប់ជ័យលាភីលេខ១ ពានរង្វាន់សហគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ២០២១
× ភ្នំពេញ៖ លោក ហៃ លីអ៊ាង ជាម្ចាស់សហគ្រាស ខនហ្វីវេល បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងចំណោមស្ថាបនិកសហគ្រាសធនតូច និងមធ្យម(SME) ចំនួន២០នាក់ទូទាំងប្រទេស ដែលបានប្រកួតប្រជែងយកពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកទី២ ប្រចាំឆ្នាំ២០២១។
ពានរង្វាន់សហគ្រិនថ្នាក់ជាតិលេខ១នេះ បានផ្តល់ឱ្យ លោក ហៃ លីអ៊ាង កាលពីថ្ងៃទី ១១ ខែធ្នូ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់សហគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ចាប់ពីជ័យលាភីលេខ១ដល់លេខ៤។ រីឯអ្នក ទទួលបានជ័យលាភីលេខ២នៃពានរង្វាន់សហគ្រិនថ្នាក់ជាតិនេះ គឺបានទៅលើ លោកស្រី ឆាប៉ូច អឺប៉េពណ៌រេពាថាម៉ារី ម្ចាស់សហគ្រាស ឡាផ្លេនថេសិន នៅខេត្តកំពត និងម្ចាស់ជ័យលាភីលេខ៣ គឺ លោក យិន សុភាព ម្ចាស់សាលារៀនគ្រូយើង នៅខេត្តរតនគិរី និងម្ចាស់ជ័យលាភីលេខ៤ គឺ លោកស្រី រី ថានី ម្ចាស់នរាអង្គរ ហេនឌីក្រាហ្វ នៅខេត្តសៀមរាប។
កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកទី២ ប្រចាំឆ្នាំ២០២១នេះ បង្កើតឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការរៀបចំជាមួយសហគ្រិនខ្មែរ តាមរយៈជំនួយរបស់រដ្ឋាភិបាលកម្ពុជា ដៃគូនានាដើម្បីធ្វើការងាររួមគ្នាជាមួយសហគ្រិន អ្នកបង្កើតគំនិតថ្មីៗ នវានុវត្តន៍ និងអ្នកដឹកនាំអាជីវកម្មក្នុងការរៀបចំការប្រកួតប្រជែងលើប្រធានបទជាក់លាក់រៀងរាល់ឆ្នាំ តាមរយៈការរៀបចំឱ្យមានការប្រកួតប្រជែងនៅថ្នាក់តំបន់ និងថ្នាក់ជាតិកម្ពុជា។
លោក វង្សី វីស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានលើកឡើងថា កម្មវិធីវេទិកាសហគ្រិននេះ គឺអាចឱ្យសហគ្រិនទទួលបានបទពិសោធជាច្រើន ជាពិសេសនោះ ក៏ជំរុញឱ្យវិស័យឯកជនកាន់តែមានសហគ្រិនជាច្រើនថែមទៀត។ លើសពីនេះ រដ្ឋាភិបាលនឹងបន្តគាំទ្រ ដល់ភាពរីកចម្រើនសហគ្រិន។ លោក វង្សី វីស្សុត បានអះអាងដូច្នេះ៖«យើងមានឱកាសដែលរដ្ឋាភិបាលផ្ដល់ឱកាសឱ្យច្រើនជាងមុន និងយកចិត្តទុកផ្ដល់អទិភាពដល់វិស័យឯកជន»។
ជាមួយគ្នានេះ លោក ហ៊ីង ស៊ីដេត អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានអះអាងថា កម្មវិធីប្រកួតប្រជែងនេះ គឺជាការបង្ហាញ និងជំរុញសហគ្រិននៅកម្ពុជា ដែលមានសមត្ថភាព ភាពច្នៃប្រឌិត ព្រមទាំងបានចូលរួមដល់ការផ្លាស់ប្ដូរថ្មីនៃភាពជាសហគ្រិននៅកម្ពុជា។ លោកបន្តថា ក្រសួងការងារ និងវិជ្ជាជីវៈ នឹងពង្រីកការគាំទ្រ សកម្មភាពរបស់សហគ្រិន ដែលប្រកបដោយភាពច្នៃប្រឌិត និងមហិច្ឆតា ដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រកួតលើឆាកអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com