អន្តរជាតិ
អ៊ុយក្រែនចោទអតីតប្រធានាធិបតី Poroshenko ពីបទក្បត់ជាតិ ![អតីតប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko ។ រូបថត AFP](https://image.thmeythmey.com/pictures/2021/12/21/uk.jpg)
អតីតប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko ។ រូបថត AFP
×![]()
អាជ្ញាធរអ៊ុយក្រែននៅថ្ងៃទី២០ ខែធ្នូ បានដាក់អតីតប្រធានាធិបតីលោក Petro Poroshenkoឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការពាក់ព័ន្ធនឹងការក្បត់ជាតិ។ លោក Poroshenko រងការចោទប្រកាន់ថា បានគាំទ្រផ្នែកហិរញ្ញវត្ថុ និងជួយកងកម្លាំងបំបែកខ្លួននៅក្នុងតំបន់ Donbass លើការលក់ធ្យូងថ្ម។
បើតាមការិយាល័យស៊ើបអង្កេតរដ្ឋរបស់អ៊ុយក្រែន អតីតប្រធានាធិបតី Petro Poroshenko ត្រូវជាប់សង្ស័យពាក់ព័ន្ធអំពើក្បត់ជាតិ និងគាំទ្រសកម្មភាពអង្គការភេរវករ។ អង្គការភេរវករនេះ គឺសំដៅលើកងកម្លាំងបំបែកខ្លួននៅក្នុងតំបន់ Donbass Donetsk និង Lugansk ដែលត្រូវបានគាំទ្រពីរុស្ស៊ី។
បើតាមអាជ្ញាធរអ៊ុយក្រែន ឧក្រិដ្ឋកម្មជាច្រើនដែលអាចជាប់ពាក់ព័ន្ធនឹងលោក Poroshenko កំពុងត្រូវបានស៊ើបអង្កេត។ ក្រៅតែពីអតីតប្រធានាធិបតីរូបនេះ លោក Viktor Medvedchuk សមាជិកសភាគាំទ្ររុស្ស៊ី ក៏កំពុងជាប់ទាក់ទងទៅនឹងការចោទប្រកាន់ស្រដៀងគ្នានេះដែរ។ លោក Medvedchuk ត្រូវបានអាជ្ញាធរឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជាងប្រាំមួយខែមកហើយ។
ពាក់ព័ន្ធនឹងបទចោទក្បត់ជាតិនេះ លោក Poroshenko ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។
ក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យស៊ើបអង្កេតរដ្ឋ ក្នុងអំឡុងពេលធ្វើជាប្រធានាធិបតីពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៩ លោក Poroshenko ជួយឱ្យតំបន់ Donetsk និង Lugansk ដែលប្រកាសឯករាជ្យពីអ៊ុយក្រែនដោយខ្លួនឯង លក់ធ្យូងថ្មមានតម្លៃជាង៥៤លានដុល្លារនៅទីក្រុងកៀវ។
យ៉ាងណាមិញ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អតីតប្រធានាធិបតីលោក Poroshenko អតីតប្រធានសភាលោក Oleksandr Turchynov បានបដិសេធរាល់កំហុសឆ្គងរបស់ Poroshenko។ លោក Turchynov អះអាងថា ការចោទប្រកាន់នេះ ជារឿងប្រឌិតតាមបញ្ជាផ្ទាល់របស់ប្រធានាធិបតីដែលកំពុងកាន់អំណាច។
លើសពីនេះដែរ គណបក្សលោក Poroshenko កាលពីខែតុលា ចាត់ទុកបទចោទប្រកាន់នេះ ជាទង្វើដើម្បីបង្វែរការយកចិត្តទុកដាក់លើសកម្មភាពខុសឆ្គងរបស់រដ្ឋាភិបាលបច្ចុប្បន្នប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com