ជាតិ
មេភូមិត្រពាំងធំ ប្ដេជ្ញាចិត្ត​អភិវឌ្ឍភូមិឱ្យកាន់តែប្រសើរជាងមុន
22, Dec 2021 , 8:59 am        
រូបភាព
ដោយ៖ សារឿន ស៊ីណាតវត្តី (យុវជនឃុំជុំគ្រៀល)
 
កំពត៖ អ្នកស្រី ផេង អែម ជាមេភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។ តួនាទីជាមេភូមិរយៈពេល១៥ឆ្នាំនេះ អ្នកស្រី អែម ធ្វើការងារច្រើន និងជួយសម្របសម្រួលដល់ពលរដ្ឋក្រីក្រទាំងសេវាសុខាភិបាល ផ្ដល់សេវាសាធារណៈផ្សេងៗ និងដោះស្រាយអំពើហិង្សាជាដើម។ អ្នកស្រី ស្រឡាញ់ការងារនេះ និងប្ដេជ្ញាបន្តការអភិវឌ្ឍភូមិឱ្យប្រសើរបន្ថែមទៀត។



អ្នកស្រី ផេង អែម ជាមេភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្ដកំពត។ អ្នកស្រី អែម បម្រើការងារជាមេភូមិតាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្នរយៈពេល១៥ឆ្នាំហើយ។ តួនាទីជាមេភូមិនេះ អ្នកស្រី ផេង អែម ធ្វើការងារច្រើនពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋខ្លួន។ អ្នកស្រី ស្រឡាញ់ការងារមួយនេះ បើទោះជាពេលខ្លះនឿយហត់ និងផ្ដល់ផលលំបាកមួយចំនួនដល់អ្នកស្រីក៏ដោយ។ 

 អ្នកស្រី ផេង អែម មេភូមិត្រពាំងធំ
 
«ការងារមួយនេះធ្វើឱ្យខ្ញុំមានភាពហត់នឿយ។ ប៉ុន្តែវាក៏ផ្ដល់អនុស្សាវរីយ៍ជាច្រើនដល់ខ្ញុំ ដូចជាការជួយដល់ប្រជាជននៅក្នុងភូមិដែលមានការខ្វះខាត»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ផេង អែម មេភូមិត្រពាំងធំ ដោយបន្តថា ការងារមួយចំនួនផ្ដល់ផលលំបាកដល់អ្នកស្រី ព្រោះពុំមានការសហការគ្នាល្អពីអ្នកផ្សេង។
 
មេភូមិវ័យ៧០ឆ្នាំរូបនេះអះអាងថា នៅភូមិ-ឃុំ អ្នកស្រីការផ្ដល់សេវាសាធារណៈមានភាពល្អប្រសើរជាងមុន ព្រោះមន្ត្រីដែលផ្ដល់សេវាទាំងអស់នោះ យកចិត្តទុកដាក់ចំពោះពលរដ្ឋប្រកបដោយតម្លាភាព និងមិនយកប្រាក់ពីពលរដ្ឋឡើយ។ អ្នកស្រី ផេង អែម សប្បាយចិត្តនឹងការងារខ្លួន ហើយប្ដេជ្ញាធ្វើការងារឱ្យកាន់តែល្អ ដើម្បីអភិវឌ្ឍភូមិ-ឃុំ មានភាពរីកចម្រើន។

 លោក ជា សុវណ្ណារ៉ា ជំទប់ឃុំត្រពាំងធំ 
 
ជាមួយគ្នានេះ លោក ជា សុវណ្ណារ៉ា ជំទប់ឃុំត្រពាំងធំ ពេញចិត្ត និងសរសើរចំពោះការបំពេញការងារជាមេភូមិរបស់អ្នកស្រី ផេង អែម ផងដែរ។ លោក អះអាងដូច្នេះថា៖«ទោះគាត់មានវ័យ៧០ឆ្នាំក៏ពិតមែន ប៉ុន្តែគាត់នៅតែសកម្មចំពោះការងារ និងមិនត្អូញត្អែរចំពោះការងារឡើយ។ អ្នកស្រី នៅតែពេញចិត្តបម្រើប្រជាជនក្នុងភូមិជានិច្ច»។ 
 
លោក បានបន្ថែមថា ស្រ្តី និងបុរស គឺមានសមត្ថភាពដឹកនាំភូមិ-ឃុំឱ្យមានការរីកចម្រើនដូចគ្នា ប៉ុន្ដែវាក៏អាស្រ័យទៅលើការស្រឡាញ់ និងការខិតខំប្រឹងប្រែងធ្វើការផងដែរ។ លោក ជា សុវណ្ណារ៉ា ក៏ចង់ឃើញមានស្ត្រីកាន់តែច្រើន ជាពិសេសយុវជនជំនាន់ក្រោយ ចូលរួមនៅក្នុងការងារនៅក្នុងថ្នាក់ឃុំ-សង្កាត់៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
​អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ​នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​៕

Tag:
 យុវជនសកម្ម សេវាល្អ
© រក្សាសិទ្ធិដោយ thmeythmey.com