ជាតិ
ប្រធានរដ្ឋវៀតណាម ចូលសាកសួរព្រះរាជសុខភាពសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស
22, Dec 2021 , 10:34 am        
រូបភាព
លោកប្រធានាធិបតីវៀតណាម  ង្វៀន សួនហ៊្វុក បានចូលថ្វាយបង្គំគាល់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស។ រូបថត AKP
លោកប្រធានាធិបតីវៀតណាម ង្វៀន សួនហ៊្វុក បានចូលថ្វាយបង្គំគាល់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស។ រូបថត AKP
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ២ថ្ងៃនៅកម្ពុជា លោកប្រធានាធិបតីវៀតណាម  ង្វៀន សួនហ៊្វុក បានចូលថ្វាយបង្គំគាល់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ នេះ។



ក្នុងជំនួបនោះ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានចាត់ទុកដំណើរទស្សនកិច្ចប្រធានរដ្ឋវៀតណាម ជាផ្នែកមួយដែលធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម កាន់តែត្រូវបានពង្រឹង។ យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) នេះក៏ជាឱកាសដែលលោក ង្វៀន សួនហ៊្វុក ចូលសាកសួរពីព្រះរាជសុខភាពរបស់សម្តេចសង្ឃកម្ពុជាផងដែរ។

ប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ពីព្រះរាជសកម្មភាពរបស់សម្តេចសង្ឃ ទេព វង្ស ដែលបានលើកស្ទួយវិស័យព្រះពុទ្ធសាសនា ជាពិសេសបានជំរុញឲ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រះពុទ្ធសាសនា រវាងកម្ពុជា និងវៀតណាម ឲ្យមានការរីកចម្រើន។

នាពេលព្រះរាជសុខភាពចុះខ្សោយកន្លងមក សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដែលមានព្រះជន្ម៩០ព្រះវស្សា បានយាងព្យាបាលព្រះកាយនៅប្រទេសវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ៊្វុក ដែលទើបតែកាន់តំណែងជាប្រធានាធិបតីវៀតណាម បានចូលថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចព្រះសង្ឃរាជ បួរ គ្រី។


ក្រៅពីការចូលហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន រួមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ង្វៀន សួនហ្វ៊ុក ក៏មានជំនួបទ្វេរភាគី ជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com