អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រទេសអភិវឌ្ឍតិចតួច ជួបគ្នាដោះស្រាយបញ្ហាប្រឈមរួម នាខែក្រោយនៅកាតា
22, Dec 2021 , 10:33 am        
រូបភាព
កាតាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពី​ប្រទេសអភិវឌ្ឍតិចតួចលើកទី ៥ នាចុងខែមករា។ រូបភាពពី  AFP
កាតាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពី​ប្រទេសអភិវឌ្ឍតិចតួចលើកទី ៥ នាចុងខែមករា។ រូបភាពពី AFP
ភ្នំពេញ៖ កិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី៥ស្តីពីប្រទេសអភិវឌ្ឍតិចតួច(UNLDC5) នឹងត្រូវរៀបចំឡើងនៅចុងខែមករាខាងមុខនៅក្នុងប្រទេសកាតា។  សន្និសីទកំពូលនេះនឹងក្លាយជាវេទិកាចរចា និងពិភាក្សាដ៏សំខាន់សម្រាប់ការឈានទៅដោះស្រាយបញ្ហាប្រឈមរួមរបស់បណ្តាប្រទេសអភិវឌ្ឍតិចតួចនៅលើសាកលលោក។

 
កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីប្រទេសអភិវឌ្ឍតិចតួចលើកទីប្រាំនឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃ ២៣ ដល់ថ្ងៃ ២៧ ខែមករា។  វេទិកានេះប្រមូលផ្តុំមេដឹកនាំពិភពលោកក្នុងកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ក្រៅពីតំណាងប្រជាជាតិក្នុងកម្រិត ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល តួអង្គសំខាន់ ផ្សេងទៀតដែលនឹងមានវត្តមានដែរនោះ មានដូចជា អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន រួមជាមួយតំណាងយុវជនដែលមកពីរដ្ឋអភិវឌ្ឍតិចតួចផងដែរ។ 
 
តាមពិតទៅ យន្តការនៃការចាត់ចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧១ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដើម្បីកំណត់ប្រទេសដែលងាយរងគ្រោះស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ។ ការធ្វើបែបនេះគឺ ដើម្បីគាំទ្រនិងឈានទៅស្វែងរកដំណោះស្រាយសមស្របឆ្លើយតបនឹងបញ្ហាប្រឈមដែលរាំងស្ទះដល់ការអភិវឌ្ឍ ក៏ដូចជាឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាពរបស់បណ្តាប្រជាជាតិដែលងាយរងគ្រោះទាំងនោះដែរ។
 
បើតាមនិយមន័យដែលផ្តល់ដោយអង្គការសហប្រជាជាតិ បណ្តារដ្ឋអភិវឌ្ឍតិចតួចគឺ សំដៅលើប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងកម្រិតទាប តែងាយរងគ្រោះខ្លាំងពីបញ្ហាខាងក្រៅជាពិសេសវិបត្តិសេដ្ឋកិច្ច និងបញ្ហាបរិស្ថាន ហើយក៏មានធនធានមនុស្សតិចតួចទៀត។
 
បច្ចុប្បន្ននេះ ប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់ជារដ្ឋអភិវឌ្ឍតិចតួចនេះមានសរុបចំនួន ៤៦ នៅទូទាំងពិភពលោក ក្នុងនោះមានប្រទេសចំនួន ៣៣ នៅទ្វីបអាហ្វ្រិក ១២ នៅអាស៊ី និង ១ នៅក្នុងតំបន់អាមេរិកឡានទីន។ សមាជិក៤៦ សុទ្ធសឹងជាប្រទេសក្រីក្រងាយរងគ្រោះ ក៏ដូចជាប្រទេសកោះ និងគ្មានសមុទ្រ។ 
 
ចំណែកលក្ខខណ្ឌដើម្បីអាចឈានទៅរួចផុតពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចនេះ រដ្ឋនីមួយៗត្រូវមានបំពេញចំនួនពីរក្នុងចំណោមបីក្នុងនោះមានដូចជា សន្ទស្សន៍នៃការអភិវឌ្ឍធនធានមនុស្ស(HAI) កម្រិតចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ(GNI)  និងសន្ទស្សន៍នៃភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច (EVI)  ហើយរដ្ឋនោះត្រូវបំពេញលក្ខខណ្ឌតម្រូវនេះក្នុងការវាយតម្លៃពីរដងជាប់គ្នា។
 
ឯការវាយតម្លៃលើការបំពេញលក្ខខណ្ឌរបស់រដ្ឋជាសមាជិកនេះវិញ វាគឺជាតួនាទីរបស់របស់គណៈកម្មការសម្រាប់ការអភិវឌ្ឍគោលនយោបាយនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ហើយការវាយតម្លៃនេះធ្វើឡើងរៀងរាល់បីឆ្នាំម្តង។
 
គេរំពឹងថា សន្និសីទនេះនឹងក្លាយជា វេទិកាដ៏មានមានសារសំខាន់ខ្លាំង ដ្បិតថាវាកើតឡើងក្នុងបរិបទដែលពិភពលោកកំពុងប្រឈមបញ្ហាច្រើនជាពិសេសជំងឺឆ្លងរាតត្បាតកូវីដ ១៩ ដែលវាបានបង្កផលប៉ះពាល់ខ្លាំងដល់ការប្រឹងប្រែងអភិវឌ្ឍរបស់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសបណ្តាប្រទេសក្រីក្រ និងមានអភិវឌ្ឍតិចតួច។   
 
ម្យ៉ាងវិញទៀត វាក៏កើតឡើងក្នុងទសវត្សរ៍ចុងក្រោយ មុននឹងប្រទេសសមាជិកអង្គការសហប្រជាជាតិ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ផងដែរ។ 
 
ប្រធានផ្នែកតស៊ូមតិ និង ផ្សព្វផ្សាយនៃអង្គការសហប្រជាជាតិ លោក Conor O'Loughlin បានលើកឡើងថា កិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចនាពេលនេះគួរតែជាពេលវេលាដែលភាគីទាំងអស់អាចពួតដៃគ្នា ដោះស្រាយបញ្ហា និង អនុវត្តតាមការសន្យារបស់ខ្លួនដើម្បីធានាបានការអភិវឌ្ឍន៍ដោយចីរភាព។
 
«ខ្ញុំគិតថា យើងពិតចង់ឃើញសន្និសីទលើកទីប្រាំនេះមិនក្លាយជាពេលវេលាបង្កើតកិច្ចព្រមព្រៀងច្រើនឡើងមកទេ តែគួរជាពេលដែលការប្រឹងប្រែង និងភាពជាដៃគូត្រូវបានបណ្តុះឡើងមក ដើម្បីធានាថា ១០ ឆ្នាំក្រោយ រាល់ការប្តេជ្ញាចិត្តទាំងអស់ត្រូវបានអនុវត្តតាម»។ នេះជាការលើកឡើងរបស់អ្នកជំនាញរូបនេះ ដោយឆ្លើយតបនឹងសំនួររបស់សារព័ត៌មានថ្មីៗ។ 
 
គេអាចរំពឹងអ្វីខ្លះពីកិច្ចប្រជុំនេះ?
 
តាមពិតទៅ កិច្ចប្រជុំកំពូលនេះត្រូវធ្វើឡើងរៀងរាល់ ១០ឆ្នាំម្តង។ ដូច្នេះហើយ ក្នុងសន្និសីទនេះ ភាគី ពាក់ព័ន្ធជា ពិសេសប្រទេសសមាជិកនឹងត្រួតពិនិត្យមើលសមិទ្ធផលដែលខ្លួនសម្រេចបានតាមរយៈការអនុវត្តកម្មវិធីសកម្មភាពទីក្រុងអ៊ីស្តង់ប៊ុល ដែលត្រូវបានអនុម័តឡើងកាលពី១០ឆ្នាំមុនពោល គឺក្នុងឆ្នាំ២០១១ (The Istanbul Programme of Action) ។
 
បន្ទាប់ពីពិនិត្យមើលលទ្ធផល ក៏ដូចជាគោលដៅដែលសមាជិកមិនទាន់អាចសម្រេចបាន ភាគីពាក់ព័ន្ធទាំងអស់នឹងឈានទៅកំណត់បញ្ហារាំងស្ទះនានាដែលបណ្តាប្រទេសអភិវឌ្ឍតិចតួចកំពុងជួបប្រទះ ជាពិសេសបញ្ហាដែលផុសឡើងដោយសារជំងឺឆ្លងកូវីដ-១៩។ 
 
វាប្រាកដណាស់ថា សន្និសីទកំពូលនៅទីក្រុងដូហានេះក៏នឹងក្លាយជាវេទិកាសំខាន់សម្រាប់ភាគីពាក់ព័ន្ធ កៀរគរការគាំទ្រក្នុងក្របខណ្ឌអន្តរជាតិ និងបង្កើតភាពជាដៃគូនៃបណ្តារដ្ឋជាសមាជិកអង្គការ សហប្រជាជាតិដើម្បីដោះស្រាយ បញ្ហាប្រឈមរួមជាពិសេសគាំទ្រប្រទេសងាយរងគ្រោះ។
 
គេមើលឃើញថា កង្វល់និងបញ្ហាសំខាន់ៗដែលប្រទេសអភិវឌ្ឍតិចតួចកំពុងជួបប្រទះរួមមាន បញ្ហាខូចខាតនៃបរិស្ថាន ការងើបឡើងវិញនៃសេដ្ឋកិច្ច ការចែករម្លែកឬផ្ទេរបច្ចេកវិទ្យា  និងការផ្តល់លក្ខខណ្ឌអនុគ្រោះនានាជាពិសេសផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មសម្រាប់បណ្តាប្រទេសក្រីក្រ និងងាយរងគ្រោះផង នឹងគ្របដណ្តាប់លើរបៀបវារៈនៃកិច្ចប្រជុំនេះដែរ។ 
 
ក្រោយការចរចា និងពិភាក្សាគ្នាចប់សព្វគ្រប់ កម្មវិធីសកម្មភាពក្រុងដូហា (Doha Programme of Action)  នឹងត្រូវអនុម័តឡើងដោយរដ្ឋជាសមាជិកដើម្បីកំណត់បញ្ហាធំៗរួមដែលបណ្តាប្រទេសក្រីក្រទាំងអស់កំពុងប្រឈម រួមជាមួយយន្តការនិងផែនការសកម្មភាពចម្បងៗដែលឆ្លើយតប នឹងបញ្ហាទាំងនោះផងដែរ។
 
កម្ពុជាឈានឆ្ពោះទៅចេញផុតពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច 
 
កម្ពុជា ស្ថិតក្នុងចំណោមរដ្ឋស្ថិតនៅតំបន់អាស៊ីទាំង ១២ ស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចដែរនៅពេលបច្ចុប្បន្ននេះ។ ប៉ុន្តែ ឆ្នាំ ២០២១នេះជាឆ្នាំលើកដំបូង ដែលកម្ពុជាអាចសម្រេចបានគ្រប់សន្ទស្សន៍ទាំងបីដែលជាលក្ខខណ្ឌតម្រូវចម្បងសម្រាប់រដ្ឋដែលត្រូវចាកផុតពីការចាត់ថ្នាក់ជាប្រទេសអភិវឌ្ឍតិចតួច។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់គណៈកម្មការសម្រាប់ការអភិវឌ្ឍគោលនយោបាយ។
 
យ៉ាងណាក៏ដោយ ដើម្បីឈានទៅរៀបចំចាកចេញពីចំណាត់ថ្នាក់នេះ វាត្រូវឆ្លងកាត់ ការវាយតម្លៃម្តងទៀតក្នុងរយៈពេលបីឆ្នាំក្រោយ។ ក្នុងករណីដែលកម្ពុជានៅបន្តរក្សាបានសន្ទស្សន៍ទាំងនេះក្នុងការវាយតម្លៃជាលើកទីពីរ មហាសន្និបាតអង្គការសហប្រជាជាតិអាចចេញដំណោះស្រាយណែនាំប្រទេសសាមីរៀបចំខ្លួនសម្រាប់ការចាកចេញនិងទ្រទ្រង់ដំណើរការនៃការរៀបចំខ្លួននេះ ដើម្បីធានាថា កម្ពុជាមិនប្រឈមបញ្ហាច្រើននិងអាចត្រឡប់ក្លាយជាប្រទេសអភិវឌ្ឍតិចតួចឡើងវិញនោះឡើយ។

ហេតុអ្វីកិច្ចប្រជុំនេះសំខាន់សម្រាប់កម្ពុជា?
 
នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោក ឆេង គឹមឡុង លើកឡើងថា កិច្ចប្រជុំកំពូលក្របខណ្ឌអន្តររដ្ឋាភិបាលដែលផ្តោតការយកចិត្តទុកដាក់លើប្រទេសក្រីក្រ និងងាយរងគ្រោះនេះនឹងមានតួនាទីសំខាន់ក្នុងការផ្តល់សំឡេង និងការគាំទ្រដល់ប្រទេសទាំងនោះក្នុងការស្ថានភាពចាំបាច់។ 
 
លោកបន្ថែមថា វានឹងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរយោបល់ជាពិសេសកង្វល់រួមក្នុងឋានៈជាប្រទេសក្រីក្រ  និងអាចចែករម្លែកបទពិសោធន៍ខ្លះទាក់ទិននឹងការដោះស្រាយបញ្ហា ជាពិសេសភាពជោគជ័យអាចរៀនសូត្រពីគ្នា និងអនុវត្តបានថែមទៀតផង។ 
 
«វេទិកាខ្លះប្រមូលផ្តុំប្រទេសអ្នកមាន ឬអាចនិយាយម្យ៉ាងទៀតបានថា មានសេដ្ឋកិច្ចរីកចម្រើនលូតលាស់ខ្លាំង។ វេទិកាខ្លះទៀត ប្រមូលផ្តុំសមាជិកចម្រុះដោយរដ្ឋអ្នកមានផង និងអ្នកក្រផង។ ដូច្នេះហើយសម្រាប់វេទិកាដែលប្រមូលផ្តុំប្រទេសក្រីក្រ ខ្ញុំយល់ថា វាវមានសារសំខាន់ផ្តល់ឱកាសស្វែងយល់ទុក្ខលំបាកប្រហាក់ប្រហែលគ្នា ក្នុងនោះបញ្ហាអភិវឌ្ឍន៍សង្គម កង្វះបច្ចេកវិទ្យា កង្វះធនធានវិនិយោគ គ្រោះធម្មជាតិ ក៏ដូចជាប្រឈមនឹងបញ្ហាសន្តិសុខមនុស្សជាតិមានជម្លោះប្រដាប់អាវុធ និងហិង្សាជាដើម»។ លោក ឆេង គឹមឡុងពន្យល់ដូច្នេះ។ 
 
ងាកមកផ្តោតលើកម្ពុជាវិញម្តង។  លោក គឹមឡុង បានគូសបញ្ជាក់ថា បញ្ហាប្រឈមសាកលដូចជាជំងឺឆ្លងរាតត្បាតកូវីដក្នុងរយៈពេលពីរឆ្នាំមកនេះមិនត្រឹមតែបង្កផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តៃវាក៏បានរារាំងកម្ពុជាមិនឱ្យឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួនតាមការកំណត់ដែរ។ 
 
សម្រាប់កម្ពុជា បញ្ហាប្រឈមធំជំរុញការប្រើប្រាស់បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល ធានាពីសន្តិសុខស្បៀង ការបង្កើនគុណភាពុអប់រំនិងអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាបន្តលើកស្ទួយវិសមភាពភេទ និងឈានទៅដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថានដូចជាប្រែប្រួលអាកាសធាតុជាដើម។
 
ដូច្នេះហើយ លោកយល់ឃើញថា សន្និសីទកំពូលនេះនឹងធ្វើឡើងក្នុងពេលវេលាសមស្របមួយ ដែលអនុញ្ញាតឱ្យកម្ពុជាស្វះស្វែងរកការគាំទ្របន្ថែមទៀតដើម្បីធានាថា ខ្លួននឹងបន្តអភិវឌ្ឍទៅមុខ និងអាចដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការអភិវឌ្ឍបាននាពេលអនាគត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com