អន្តរជាតិ
វិបត្តិអ៊ុយក្រែន៖ លោក ពូទីន ថា រុស្ស៊ីគ្មានមូលហេតុអ្វីដែលត្រូវដកថយឡើយ
22, Dec 2021 , 12:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបថតពីវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបថតពីវេបសាយប្រធានាធិបតីរុស្ស៊ី
រុស្ស៊ី​គ្មាន​មូលហេតុត្រូវដកថយ​ពីការ​ការ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​អាម៉េរិក​ជុំវិញរឿង​អ៊ុយក្រែន​នោះទេ ហើយ​រុស្ស៊ីនឹងឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​លោកខាងលិចនៅតែ​​បន្តឈ្លានពាន​បន្ទាត់​ក្រហម​។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងបែបនេះនៅចំពោះមុខមន្ត្រីយោធារុស្ស៊ីនៅថ្ងៃទី២១ ខែ​ធ្នូ។


 
«អ្វី​ដែល​អាម៉េរិក​កំពុង​ធ្វើ​នៅ​អ៊ុយក្រែន ​គឺ​ស្ថិតនៅ​មាត់​ទ្វារ​របស់​យើង ហើយ​ពួកគេ​គួរ​តែ​យល់​ថា ​យើង​គ្មានមូលហេតុអ្វីដែល​ត្រូវ​ដក​ថយ​ទៀត​ទេ។ តើ​ពួកគេ​គិត​ថា​ យើង​នឹង​ឈរមើល​ដោយ​នៅស្ងៀមស្ងាត់​ឬ?» ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បញ្ជាក់បែបនេះទៅកាន់ក្រុមមន្ត្រីយោធារុស្ស៊ី។​ លោកក៏ព្រមានទៀតថា ប្រសិនបើលោកខាងលិចនៅបន្តសកម្មភាព​ឈ្លានពាននេះទៀតនោះ​រុស្ស៊ីនឹង​មិនរាក់​ទាក់​ទៀតឡើយ ហើយរុស្ស៊ីនឹងចាត់ចំណាត់ការយោធាយ៉ាងម៉ឺងម៉ាត់ដើម្បីឆ្លើយតបទៅវិញ។
 
ប្រមុខរដ្ឋរុស្ស៊ី មិនបានបញ្ជាក់ច្បាស់ពីចំណាត់ការនោះឡើយ។ យ៉ាងណាមិញ ឃ្លាដែលលោក​បាន​លើកឡើងខាងលើទំនងជាដូចអ្វីដែលអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Ryabkov បាននិយាយ​ថ្មីៗ​នេះថា រុស្ស៊ីអាចនឹងដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ​ចម្ងាយមធ្យមដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​លោក​ខាងលិច។
 
ជាថ្មីម្ដងទៀត លោក ពូទីន ក៏បានទាមទារឱ្យលោកខាងលិចធានាសន្តិសុខរបស់រុស្ស៊ីដោយច្បាប់តែម្ដង ​ប៉ុន្តែលោកដាក់ផ្លែផ្កាដែរថា លោកពិបាកនឹងជឿទុកចិត្តលើអាម៉េរិកចំពោះការគោរពសន្ធិសញ្ញា ឬច្បាប់​ណាមួយណាស់។ ត្រង់នេះ មេដឹកនាំរុស្ស៊ីរូបនេះលើកឡើងថា៖ «យើងត្រូវការការធានាដោយ​ច្បាប់​រយៈពេលវែង។ ប៉ុន្តែការធានាផ្នែកច្បាប់របស់ពួកគេក៏មិនអាចជឿទុកចិត្តបានដែរ ពីព្រោះអាម៉េរិក​ងាយស្រួលដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិក្រោមមូលហេតុបាត់បង់ផលប្រយោជន៍ខ្លួន ឬ​ហេតុផលផ្សេងទៀត ហើយពេលខ្លះក៏មិនផ្តល់ការពន្យល់អ្វីទាំងអស់»។
ក្រៅពីនេះ ក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃទី២១ ខែធ្នូជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង លោក ពូទីន បានសង្កត់ធ្ងន់ពីការកោះប្រជុំក្រុម Normandy ដែលអាចនឹងជួយជំរុញ​ឱ្យអ៊ុយក្រែន​អនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់។ ក្រុម Normandy មានរុស្ស៊ី អ៊ុយក្រែន បារាំង និង​អាល្លឺម៉ង់។ យ៉ាងណាមិញ អ៊ុយក្រែនបានវាយបកទៅវិញថា រុស្ស៊ីនោះទេដែលមិនព្រមចូលរួម​គោរព​កិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ទាំងនោះ៕

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com