អន្តរជាតិ
ចិន ដាក់ទណ្ឌកម្មសងសឹកលើមន្រ្តីអាម៉េរិក ជុំវិញបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង
22, Dec 2021 , 2:08 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
ដោយ:
ក្រសួងការបរទេសចិន នៅថ្ងៃទី២១ ខែធ្នូ បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកចំនួន ៤រូបនៃគណៈកម្មការ ទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ(USCIRF) របស់អាម៉េរិក។ នេះ គឺជា​ការ​សងសឹករបស់ចិន​លើអាម៉េរិក ដែលបាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ខ្លួន ​ជុំវិញការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង។

 
ចិន និងអាម៉េរិក តែងទាស់សម្តីគ្នាជុំវិញបញ្ហាការបំពានសិទ្ធិជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត នៅក្នុងតំបន់ស្វយ័តស៊ីនជាំង។ ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មជាច្រើនលើកមកលើមន្រ្តីនៅក្នុងតំបន់ស៊ីនជាំង និងក្រុមហ៊ុនចិនមួយចំនួនផងដែរ។ 
 
ជាការឆ្លើយតប ក្រសួងការបរទេសចិននៅថ្ងៃទី២១ ខែធ្នូ បានប្រកាសដាក់ទណ្ឌកម្មសងសឹកលើមន្ត្រីនៃគណៈកម្មការទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិរបស់អាម៉េរិកចំនួន ៤ រូប។ ការដាក់ទណ្ឌកម្មសងសឹកបែបនេះ បានបន្ថែមភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ជុំវិញបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ 
 
«ចិនសម្រេចចាត់វិធានការតប ដោយផ្អែកលើច្បាប់ប្រឆាំងទណ្ឌកម្មរបស់បរទេស»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយបន្ថែមថា មន្រ្តីអាម៉េរិកចំនួន ៤រូបនោះ នឹងត្រូវហាមឃាត់ចូលមកចិនដីគោក ហុងកុង និងម៉ាកាវ។ ចំណែកទ្រព្យសម្បត្តិរបស់អ្នកទាំង ៤ នឹងត្រូវបង្កក ខណៈប្រជាជនចិន និងស្ថាប័នចិន ក៏ត្រូវហាមឃាត់ធ្វើជំនួញជាមួយដែរ។
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន បុគ្គលទាំង ៤រូបនោះមានដូចជា អ្នកស្រី  Nadine Maenza ជាប្រធាន USCIRF, លោក Nury Turkel ជាអនុប្រធាន USCIRF, លោកស្រី Anurima Bhargava និង លោក James W. Carr។ យ៉ាងណាមិញ លោកZhao មិនបានបញ្ជាក់ឡើយ ថាតើពួកគេមានទ្រព្យសម្បត្តិនៅចិនឬយ៉ាងណា។
 
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យអាម៉េរិកដកទណ្ឌកម្មលើមន្រ្តីចិន និបញ្ឈប់ការជ្រៀតជ្រែកកិច្ចការក្នុងតំបន់ស៊ីនជាំង  និងកិច្ចការផ្ទៃក្នុងរបស់ចិនទៀត។ លោក Zhao បានព្រមានថា ចិននឹងចាត់វិធានការតបបន្ថែមទៀត ប្រសិនបើស្ថានការណ៍នៅតែបន្តវិវដ្ដ។
 
គួររំលឹកថា សភាអាម៉េរិកនៅសប្តាហ៍មុន បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីការហាមឃាត់នាំចូលទំនិញពីតំបន់ស៊ីនជាំង។ លើសពីនេះ អាម៉េរិក ក៏បានប្រកាសធ្វើពហិការការទូត នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្នុងទីក្រុងប៉េកាំង នៅខែកុម្ភៈខាងមុខនេះផងដែរ ក្រោមហេតុផលសិទ្ធិមនុស្ស៕ 

Tag:
 អាម៉េរិក
  ចិន
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com