ជាតិ
អគារដ្ឋបាលគយ និងរដ្ឋាករ៣៥ជាន់ សាលាជាតិគយ និងសារមន្ទីរគយ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ
23, Dec 2021 , 6:59 pm        
រូបភាព
ដោយ: រួបរួម
អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមទាំងសាលាជាតិគយ និងសារមន្ទីរ ដែលចំណាយអស់ថវិកាជាង៥០លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ក្រោមអធិបតីយភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

 
អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់៣៥ជាន់ ចំណាយទឹកប្រាក់អស់៣៣,៥លានដុល្លារអាមេរិក ដោយចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០១៧ ហើយបញ្ចប់នៅខែកក្កដា ឆ្នាំ២០២០។ អគារនេះ មានចំណតយានយន្ត សាលប្រជុំធំៗ អាហារដ្ឋាន ក្លិបហាត់នៅជាន់ទី៣១ ស្កាយបារនៅជាន់ទី៣៣ និង៣៤។


 
រីឯអាគាសាលាជាតិគយ ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ ហើយបញ្ចប់នៅខែតុលា ឆ្នាំ២០២១ ក្នុងទឹកប្រាក់១៤,៥លានដុល្លារអាម៉េរិក ដោយមានទីតាំងនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។ ដោយឡែកអគារសារមន្ទីរគយ ត្រូវបានរៀបចំជួសជុល កែលម្អឡើងវិញ អស់ទឹកប្រាក់៣៨ម៉ឺនដុល្លារ។


 
ពិធីសម្ពោធអគារទាំងបីនេះ កើតឡើងចំខួប៧០ឆ្នាំនៃការបង្កើតស្ថាប័នគយ និងរដ្ឋាការកម្ពុជា ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍រំលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័នគយនេះឡើង។ 
 
«មានសម្ភារទំនើប អគារទំនើប តែមនុស្សមិនទំនើបទេ កុំសង្ឃឹម»។ នេះជាការក្រើនរំលឹករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយជំរុញឲ្យមន្ត្រីរបស់ខ្លួនបន្តបេសកកម្មបម្រើជាតិប្រកបដោយស្មារតីទទួលខុសត្រូវ។


 
អគ្គនាយកដ្ឋានគយ និងរដ្ឋាករត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមដោយព្រះរាជក្រមកាលពីឆ្នាំ១៩៥១។ កិច្ចដំណើរការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ក្រោមរបបខ្មែរក្រហម។ អង្គភាពនេះចាប់ដំណើរការឡើងវិញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម។ 
 
អង្គភាពនេះត្រូវបានផ្ទេរទៅនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈអនុក្រឹត្យ នាឆ្នាំ១៩៨៨។ ទីចាត់ការគយនិងរដ្ឋាករត្រូវបានតម្លើងជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យលេខ ១៣៤ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨។ អគរ គឺជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕


 

Tag:
 គយ
© រក្សាសិទ្ធិដោយ thmeythmey.com