ជាតិ
អភិបាលខេត្តកំពង់ស្ពឺ មានមោទកភាពដែលខេត្តខ្លួនរីកមុខមាត់ដោយសារទេសចរណ៍
23, Dec 2021 , 10:29 pm        
រូបភាព
 រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ
រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ
ដោយ:
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បង្ហាញពីក្ដីរំភើប ដែលក្នុងបរិបទកូវីដ-១៩ ខេត្តកំពង់ស្ពឺ បែរជាក្លាយជាគោលដៅទេសចរណ៍មួយសម្រាប់ទេសចរផ្ទៃក្នុង។ អភិបាលខេត្តរូបនេះ អរគុណដល់ភ្ញៀវជាតិ ដែលបានកែប្រែពីខេត្តគេមើលរំលងក្លាយជាខេត្តពេញនិយមសម្រាប់ការដើរកម្សាន្ត។ លោកក៏បានតាំងចិត្តជំរុញ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ទេសចរ។


សូមអញ្ជើញលោក អ្នកនាង ស្ដាប់បទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដូចតទៅ៖
 

ឆ្នាំ២០២១ កម្ពុជាបានប្រឈមមុខយ៉ាងខ្លាំងក្លាជាមួយវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យវិស័យទេសចរណ៍ ទទួលរងផលប៉ះពាល់យ៉ាងដំណំ។ ខេត្តមួយចំនួនស្ទើរតែគ្មានសកម្មភាពទេសចរណ៍ ព្រោះបាត់វត្តមានភ្ញៀវអន្តរជាតិ។ តែបើក្រឡែកមើលខេត្តកំពង់ស្ពឺឯណោះវិញ បែរជាបង្ហាញសក្តានុពលយ៉ាងខ្លាំងក្លាល្បីរន្ទឺ ក្នុងបរិបទកូវីដ-១៩ ។
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងពីមូលហេតុខ្លះៗ ដែលធ្វើឱ្យខេត្តកំពង់ស្ពឺ បានដក់ជាប់ក្នុងបេះដូងអ្នកទេសចរ ព្រោះជាខេត្តក្បែរក្រុង មានហេដ្ឋារចនាសម្ព័ន្ធផ្លូវល្អច្រើន និងសម្បូរដោយតំបន់ទេសចរណ៍ធម្មជាតិ។ លោក វ៉ី សំណាង ប្រាប់សារព័ត៌ThmeyThmey២៥ ដូច្នេះថា៖ «ពីមុនខេត្តកំពង់ស្ពឺ អ្នកណាឮក៏ញាក់សាច់ដែរ ព្រោះជាតំបន់សមរភូមិអាវុធចុងក្រោយ អ៊ីចឹងគេមិនសូវហ៊ានមកលេងទេ។ គេខ្លាចអសន្តិសុខ ប៉ុន្តែឥឡូវសន្តិសុខ គឺយើងធានា។ ហើយសម្រាប់អ្នកចូលចិត្តទៅកម្សាន្តនៅធម្មជាតិ ខេត្តកំពង់ស្ពឺ មានតំបន់ធម្មជាតិច្រើនកន្លែង ដូចជាតំបន់ទឹកជ្រោះ តំបន់ឡើងភ្នំ និងចូលព្រៃ។ កំពង់ស្ពឺប្រែក្លាយជាតំបន់ប្រយុទ្ធ ទៅជាកន្លែងទេសចរណ៍វិញ»។


 លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ

ការដើរកម្សាន្តរបស់ទេសចរជាតិ ក្នុងបរិបទកូវីដ-១៩ ទៅកាន់ខេត្តកំពង់ស្ពឺ បានធ្វើឱ្យជីវភាពប្រជាជននៅតាមសហគមន៍ តំបន់ទេសចរណ៍ល្អប្រសើរឡើង។ បើតាមអភិបាលខេត្តកំពង់ស្ពឺ ប្រជាជននៅតាមតំបន់ធម្មជាតិ ឈប់ចូលព្រៃកាប់ឈើ និងងាកមកបម្រើសេវាកម្មទេសចរណ៍វិញ។ ប្រជាជនក្នុងខេត្តនេះមួយចំនួន ក៏បានសាងសង់ផ្ទះស្នាក់ និងកន្លែងកម្សាន្ត ដើម្បីបង្កើនចំណូលបន្ថែមទៀតផងដែរ។
 
តាមរយៈកំណើនភ្ញៀវទេសចរនេះ បានធ្វើឱ្យ លោក វ៉ី សំណាង មានមោទកភាព ដែលខេត្តកំពង់ស្ពឺបានក្លាយជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ និងមានភាពទាក់ទាញក្នុងប្រទេសកម្ពុជា។ លោក បានថ្លែងអំណរគុណ ដល់ភ្ញៀវទេសចរដូច្នេះថា៖ «ខ្ញុំសូមអរគុណដល់បងប្អូ ប្រជាពលរដ្ឋដែលបានមកកម្សាន្តនៅខេត្តកំពង់ស្ពឺ។ ការមកដល់របស់បងប្អូនទេសចរ បានផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តរបស់យើង។ អ្នកមួយចំនួនគាត់បានប្ដូរពីចូលព្រៃមកបម្រើសេវាកម្មទេសចរណ៍វិញ »។
 
ក្រៅពីការអរគុណ អភិបាលខេត្តរូបនេះ តាំងចិត្តអភិវឌ្ឍទេសចរណ៍នៅខេត្តកំពង់ស្ពឺឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។ លោកបានលើកឡើងដូច្នេះថា៖ «យើងនឹងកែប្រែហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅកន្លែងផ្សេងឱ្យកាន់តែល្អប្រសើរ។ យើងនឹងបន្តណែនាំបងប្អូនសហគមន៍ ឱ្យគាត់ខិតខំយកចិត្តទុកដាក់លើអនាម័យ រក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ។ ជាពិសេសយើងនឹងរៀបចំឱ្យមានបន្ទប់ទឹកនៅតាមតំបន់ទេសចរណ៍» ។
 
ជាមួយគ្នានេះ លោក វ៉ី សំណាង បានទទួលសំណើរពីភ្ញៀវទេសចរពាក់ព័ន្ធនឹងរឿងកង្វះបន្ទប់ទឹកនៅតំបន់ទេសចរណ៍ធម្មជាតិមួយចំនួន។ ដូច្នេះ លោកបានទាក់ទងទៅក្រុមហ៊ុនឯកជនមួយ ដើម្បីធ្វើបន្ទប់ទឹកនៅខ្នងផ្សាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
 
 
 

Tag:
 កំពង់ស្ពឺ
  សម្ភាស
  សំឡេង
© រក្សាសិទ្ធិដោយ thmeythmey.com