ជាតិ
ក្រចេះ ទឹកដីសំណង់​ប្រវត្តិសាស្រ្ត និងជម្រកសត្វផ្សោត
02, Jan 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ក្រចេះជាខេត្តមួយនៃភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ខេត្តនេះស្ថិតនៅសងខាងដងទន្លេមេគង្គ ចន្លោះខេត្តកំពង់ចាម និងស្ទឹងត្រែង។ ក្រចេះត្រូវបានល្បីថា​ ជាខេត្តអំណោយផលធនធានចម្រុះជាច្រើនប្រភេទ សំណង់ប្រវត្តិសាស្រ្ត ជាពិសេសគឺសត្វផ្សោត។


ខេត្តក្រចេះ មានផ្ទៃដី ១១ ០៩៤ គីឡូម៉ែត្រការ៉េ ដែលមានទន្លេមេគង្គហូរកាត់ពីជើងទៅត្បូងប្រវែង ១៤០គីឡូម៉ែត្រ។​ ក្រុងក្រចេះសម្បូរដោយដើមគគីខ្ពស់ៗ លាតសន្ធឹងតាមផ្លូវជាតិលេខ៧  និងចម្ងាយ២២០គីឡូម៉ែត្រតាមដងទន្លេ។ បើតាមសៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា«ដំណើរតាមដងទន្លេមេគង្គលើ» ខេត្តនេះមានអ្វីៗជាច្រើន ដែលអាចបណ្តាលឱ្យចិត្តទេសចរចង់ទៅទស្សនាដូចជា វត្តចាស់ៗ ផ្ទះបុរាណខ្មែរ ស្ថានីយប្រវត្តិសាស្រ្ត និងធម្មជាតិ ផ្សោតក្នុងទន្លេមេគង្គ។ 
 
សក្តានុពលធម្មជាតិក្នុងខេត្តក្រចេះមានដូចជា កោះ​ព្រហ្មចារី កោះ​សាមសិប និងរមណីយដ្ឋានអន្លង់ផ្សោតកាំពី។ ទេចសរ ដែលទៅកម្សាន្តនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី អាចជិះទូកទស្សនាសត្វផ្សោតពេញមួយថ្ងៃ និងអាចគយគន់ដើមឈើតូចធំដុះក្នុងទន្លេមេគង្គផងដែរ។ ចំពោះចំនួនសត្វផ្សោត ក្នុងខេត្តក្រចេះ លោក ច័ន្ទ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានប្រាប់សារព័ត៌មានថ្មីៗ២៥ឱ្យដឹងថា« សត្វផ្សោតក្នុងខេត្តក្រចេះមានចំនួន ៧០ភាគរយ ទៅ៧៥ភាគរយ ក្នុងចំណោមសត្វផ្សោតទាំងអស់ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ដូច្នេះ ក្នុងខេត្តក្រចេះមានសត្វផ្សោតសរុប ៨០ក្បាល»។
 
ក្រៅពីនេះ ខេត្តក្រចេះក៏មានព្រះវិហារសសរ១០០ ដែលស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងស្រុកសម្បូណ៍ ដែលមានចម្ងាយ៣៦គីឡូម៉ែត្រក្រុងក្រចេះ។ វត្តសសរ១០០ ជារមណីយដ្ឋានប្រវត្តិសាស្រ្ត ដែលគេនិយមចូលចិត្តទៅលេងពេលមានបុណ្យទាន។ កាលពីដើម ព្រះវិហារមានសសរ១០០ ធ្វើពីឈើលាបពណ៌ម្រ័ក្សណ៍ខ្មៅរលោង និងដំបូលប្រក់ក្បឿង។ ផ្នែកខ្លះនៃព្រះវិហារនេះត្រូវបានភ្លើងឆេះម្តង តែនៅក្នុងសម័យប៉ុល ពត គេបានរុះរើព្រះវិហារនេះ។ ឯព្រះវិហារសព្វថ្ងៃនេះជាសំណង់ថ្មី ដែលមានសសរ១១៦ ធ្វើពីបេតុង ហើយបានសម្ពោធនៅឆ្នាំ១៩៩៤។ 
 
លើសពីនេះ ក៏មានភ្នំសំបុក ដែលមានកម្ពស់ ៩៣ម៉ែត្រ ស្ថិតក្នុងភូមិថ្មគ្រែ ចម្ងាយ ១០គីឡូម៉ែត្រពីក្រុងកំពត។ ភ្នំនេះមានកំពូលពីរ គឺភ្នំប្រុស និងភ្នំស្រី ជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ។ ទេសចរអាចទៅដល់កន្លែងនោះ ដោយចុះពីផ្លូវជាតិ ហើយចូលទៅតាមដីមួយចម្ងាយ ៥០០ម៉ែត្រ។ តាមផ្លូវចូលទៅនេះ ទេសចរអាចគយគន់ទេសភាពស្រស់ស្អាត និងផ្ទះបុរាណខ្មែរ។ ជណ្តើរ១៦០កាំ អមដោយដើមឈើធំៗ នាំយើងទីតាំងចន្លោះភ្នំប្រុស និងភ្នំស្រី។ ភ្នំប្រុសមានព្រះវិហារធំមួយ និងតាជីយាយជីនៅជាសំណាក់ធម៌។ ចំណែកភ្នំស្រី មានកំពូលខ្ពស់ជាង មានព្រះសង្ឃធ្វើសមាធិ និងសាលតូចមួយសម្រាប់ដាក់រូបលោកតាលោកយាយ៕​
 

Tag:
 ថ្មីៗ២៥
  អង្គការស៊ីប៉ា
  ខ្ញុំចង់ដឹង
  ដំណើរឡើងតាមទន្លេមេគង្គលើ
© រក្សាសិទ្ធិដោយ thmeythmey.com