អន្តរជាតិ
WHO៖ គ្មានព័ស្តុតាងបង្ហាញពីតម្រូវការដូសជំរុញសម្រាប់កុមារនិងក្មេងជំទង់ឡើយ
19, Jan 2022 , 7:29 pm        
រូបភាព
បុគ្គលិកសុខាភិបាលអ៊ីស្រាអែល ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យកុមារីម្នាក់។ រូបថត Xinhua
បុគ្គលិកសុខាភិបាលអ៊ីស្រាអែល ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យកុមារីម្នាក់។ រូបថត Xinhua
បច្ចុប្បន្ននេះគ្មានព័ស្តុតាងណាមួយបញ្ជាក់ថា កុមារ និងក្មេងជំទង់ដែលមានសុខភាពល្អ ត្រូវការទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញនោះឡើយ។ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី Soumya Swaminathan អះអាងបែបនេះនៅថ្ងៃទី១៨ ខែមករា។ លោកស្រី ក៏បញ្ជាក់ថា ផ្ទុយទៅវិញអ្នកដែលត្រូវការដូសជំរុញជាងគេនោះគឺក្រុមដែលមានហានិភ័យខ្ពស់ដូចជាមនុស្សចាស់ជាដើម។

 
ថ្លែងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែមករា លោកស្រី Soumya Swaminathan ប្រធានក្រុមអ្នកវិទ្យាសាស្រ្តរបស់ WHO លើកឡើងថា ខណៈដែលអាចមានការថយចុះភាពស៊ាំនៃវ៉ាក់សាំងក្នុងរយៈពេលណាមួយប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ការស្រាវជ្រាវបន្ថែមទៀត ត្រូវតែធ្វើឡើងដើម្បីបញ្ជាក់ថាក្រុមមនុស្សបែបណាខ្លះដែលត្រូវការដូសជំរុញ។ លោកស្រីបន្តថា ក្រុមមនុស្សដែលត្រូវការចាំបាច់ គឺក្រុមមានហានិភ័យ។
 
«បច្ចុប្បន្ននេះមិនមានព័ស្តុតាងដែលបញ្ជាក់ថា កុមារដែលមានសុខភាពល្អ ឬក្មេងជំទង់ដែលមានសុខភាពល្អ ត្រូវការដូសជំរុញឡើយ។ វាគ្មានព័ស្តុតាងអ្វីទាំងអស់»។ ប្រធានផ្នែកវិទ្យាសាស្ត្រខាងលើបញ្ជាក់បែបនេះ មុនបន្តថា ក្រុមអ្នកជំនាញរបស់ WHO នឹងជួបប្រជុំនៅចុងសប្តាហ៍នេះដើម្បីផ្ដល់យោបល់សម្រាប់ប្រទេសនានាក្នុងការផ្តល់ដូសជំរុញដល់ប្រជាជនរបស់ពួកគេ។
 
លើសពីនេះ លោកស្រីក៏បានសង្កត់ធ្ងន់ថា គោលបំណងរបស់ WHO គឺចង់ការពារក្រុម ដែលងាយនឹងរងគ្រោះ និងមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ និងស្លាប់ដោយសារជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ។ ក្រុមមនុស្សទាំងនោះរួមមានមនុស្សចាស់, មនុស្សដែលមានជំងឺរ៉ាំរ៉ៃ និងបុគ្គលិកពេទ្យជាដើម។
 
គួរបញ្ជាក់ថា ថ្មីៗនេះប្រទេសមួយចំនួន បានចាប់ផ្ដើមផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញសម្រាប់កុមារ និងក្មេងជំទង់ទៅហើយ។ អ៊ីស្រាអែល បានចាប់ផ្តើមផ្តល់ដូសជំរុញដល់កុមារដែលមានអាយុក្រោម១២ឆ្នាំ។ ចំណែកឯរដ្ឋបាលចំណីអាហារ និងឱសថរបស់អាម៉េរិកនៅដើមខែមករា បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សម្រាប់ដូសទី៣ សម្រាប់កុមារដែលមានអាយុពី១២ឆ្នាំទៅ១៥ឆ្នាំ។
 
ទន្ទឹមគ្នានេះ កាលពីសប្តាហ៍មុន អាល្លឺម៉ង់ក៏បានណែនាំឱ្យកុមារទាំងអស់ដែលមានអាយុចន្លោះពី១២ ទៅ១៧ឆ្នាំ ទៅទទួលដូសជំរុញ ហើយហុងគ្រីក៏បានធ្វើដូច្នេះដែរ៕
 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com