អន្តរជាតិ
នាយករដ្ឋមន្រ្តីតាលីបង់ អំពាវនាវឱ្យប្រទេសមូស្លីមទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន
20, Jan 2022 , 10:29 pm        
រូបភាព
ដោយ:
នាយករដ្ឋមន្រ្តីរបបតាលីបង់ Mohammad Hassan Akhund អំពាវនាវឱ្យរដ្ឋាភិបាលអន្តរជាតិទាំងអស់ ជាពិសេសរដ្ឋាភិបាលបណ្តាប្រទេសមូស្លីម ឱ្យទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការ។

 
តាំងពីតាលីបង់ដណ្តើមអំណាចនៅអាហ្វហ្គានីស្ថានកាលពីខែសីហា ឆ្នាំ២០២១មក មិនទាន់មានប្រទេសណាមួយទទួលស្គាល់រដ្ឋាភិបាលថ្មីដែលបង្កើតដោយក្រុមតាលីបង់នៅឡើយទេ។ បណ្តាប្រទេសនានាកំពុងមើលថាតើ ក្រុមឥស្លាមជ្រុលនិយមនេះដែលបានរំលោភសិទ្ធិមនុស្ស អំឡុងពេលកាន់អំណាចចន្លោះឆ្នាំ១៩៩៦និង២០០១ នឹងគ្រប់គ្រងអាហ្វហ្គានីស្ថានលើកនេះដោយរបៀបណា?
 
«ខ្ញុំអំពាវនាវឱ្យបណ្តាប្រទេសមូស្លីមនាំមុខ ហើយទទួលស្គាល់យើងជាផ្លូវការ។ បន្ទាប់មក ខ្ញុំសង្ឃឹមថា យើងនឹងអាចអភិវឌ្ឍប្រទេសបានយ៉ាងឆាប់រហ័ស»។  នាយករដ្ឋមន្រ្តីអាហ្វហ្កានីស្ថានលោក Hassan Akhund ថ្លែងបែបនេះនៅសន្និសីទសារព័ត៌មានមួយនៅទីក្រុងកាប៊ុលនៅថ្ងៃទី១៩ ខែមករាស្តីពីការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅអាហ្វហ្គានីស្ថាន។ មន្ត្រីរបស់អង្គការសហប្រជាជាតិ (UN) ក៏មានវត្តមាននៅសន្និសីទនេះដែរ។
 
លោក Akhund ដែលក្លាយជានាយករដ្ឋមន្រ្តីកាលពីខែកញ្ញា ឆ្នាំ២០២១ អះអាងថា តាលីបង់មិនចង់បានការជួយពីនរណាម្នាក់ទេ ហើយការអំពាវនាវសុំឱ្យទទួលស្គាល់កម្រិតការទូតនេះ មិនមែនដើម្បីប្រយោជន៍មន្រ្តីតាលីបង់ទេ ប៉ុន្តែដើម្បីប្រជាជនអាហ្វហ្គានីស្ថាន។ បន្ថែមពីនេះ លោកលើកឡើងថា កន្លងមក តាលីបង់បានបំពេញលក្ខខណ្ឌចាំបាច់ដើម្បីស្តារសន្តិសុខ និងសន្តិភាពឡើងវិញហើយ។
 
អំឡុងពេលសន្និសីទដដែល លោក Akhund និងមន្ត្រីរដ្ឋាភិបាលតាលីបង់ផ្សេងទៀតអំពាវនាវឱ្យមានការបន្ធូរបន្ថយការរឹតបន្តឹងលំហូរប្រាក់ទៅក្នុងអាហ្វហ្គានីស្ថាន តែក៏ឆ្លៀតបន្ទោសអន្តរជាតិពីការបង្កកលុយដែលនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ចផងដែរ ។ ចំណែកឯ  អ្នកតំណាងពិសេសរបស់អគ្គលេខាធិការ UN ប្រចាំអាហ្វហ្គានីស្ថាន Deborah Lyons ប្រាប់សន្និសីទនេះដែរថា UN កំពុងដោះស្រាយបញ្ហាសេដើម្បីឱ្យសេដ្ឋកិច្ចអាហ្វហ្គានីស្ថានលូតលាស់ឡើងវិញ។
 
ចាប់តាំងពីតាលីបង់ចូលកាន់អំណាចមក កញ្ចប់ជំនួយអន្តរជាតិត្រូវបានផ្អាក ខណៈអាហ្វហ្គានីស្ថានដជាប្រទេសពឹងផ្អែកខ្លាំងលើជំនួយអន្តរជាតិ​។ ការបង្កកទ្រព្យសម្បត្តិ ទណ្ឌកម្មដែលជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ក៏បង្កផលប៉ះពាល់ដល់សេវាមូលដ្ឋានជាច្រើនរួមមានអគ្គិសនី សេវាសុខភាព និងការអប់រំ៕
 
 

Tag:
 តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com