អន្តរជាតិ
អាម៉េរិក ជំរុញឱ្យចិនឱ្យបន្ធូរបន្ថយវិធានចត្តាឡីស័កសម្រាប់អ្នកការទូតរបស់ខ្លួន
28, Jan 2022 , 7:29 pm        
រូបភាព
ទីក្រុងវ៉ាស៊ីនតោន ​បានស្នើឱ្យទីក្រុងប៉េកាំងបន្ធូរបន្ថយវិធានចត្តាឡីស័កសម្រាប់អ្នកការទូតអាម៉េរិក ដោយលើកមូលហេតុថា វិធានការរឹតត្បិតនេះប្រឆាំងនឹងអភ័យឯកសិទ្ធិការទូត។

 
អាជ្ញាធរចិន នៅតែបន្តអនុវត្តគោលនយោបាយរឹតត្បិតយ៉ាងតឹងរ៉ឹងចំពោះការទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ហើយចិនក៏បានដាក់តម្រូវការឱ្យមានការធ្វើចត្តាឡីស័ក យ៉ាងហោចណាស់​១៤ថ្ងៃ​សម្រាប់អ្នកដំណើរមកពីក្រៅប្រទេស។ វិធានការនេះ ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់សឹងគ្មានករណីលើកលែង។ អាម៉េរិក ហាក់មិនសប្បាយចិត្តនឹងចំណាត់ការតឹងរ៉ឹងបែបនេះឡើយ។ 
 
អំឡុងសន្និសីទកាសែតថ្ងៃទី២៧ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក Ned Price បានលើកឡើងថា អាម៉េរិកបានពិភាក្សាជាមួយចិនអំពីបញ្ញត្តិចត្តាឡីស័ក និងការធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលផ្ទុយនឹងអភ័យឯកសិទ្ធិរប​ស់តំណាងអាម៉េរិក។
 
«ពួកយើងបានផ្តល់អនុសាសន៍ដែលពួកយើងគិតថា ជាជម្រើសសមហេតុផល និងត្រូវគ្នាជាមួយនឹង​វិធានការបន្ធូរបន្ថយសម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងស្របតាមបទដ្ឋានការទូត​អន្តរជាតិ​ផង​ដែរ»។ លោក Price បញ្ជាក់បែបនេះ។
 
បើតាមមន្រ្តីក្រសួងការបរទេសអាម៉េរិកដដែលនេះ ស្ថានទូតអាម៉េរិក​ក្នុង​ទីក្រុង​ប៉េកាំងនៅតែ​មិនផ្លាស់​ប្តូរ​ស្ថានភាព​ប្រតិបត្តិការខ្លួនឡើយ​ ទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភជុំវិញផលប៉ះពាល់លើអ្នកការទូតដូចបាន​រៀបរាប់ខាងលើ​ក៏​ដោយ៕
 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com