អន្តរជាតិ
តំណាងតាលីបង់ទៅហ្សឺណែវដើម្បីពិភាក្សាពីវិបត្តិមនុស្សធម៌នៅអាហ្វហ្កានីស្ថាន
09, Feb 2022 , 8:29 pm        
រូបភាព
ប្រជាជនអាហ្វហ្កានីស្ថានតម្រង់ជួរទទួលនំប៉័ង។ រូបថត Xinhua
ប្រជាជនអាហ្វហ្កានីស្ថានតម្រង់ជួរទទួលនំប៉័ង។ រូបថត Xinhua
ប្រតិភូតាលីបង់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទជាស៊េរីនៅទីក្រុងហ្សឺណែវចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ដើម្បីពិភាក្សាជាមួយស្ថាប័នមនុស្សធម៌អន្តរជាតិលើការចែកជំនួយដល់ប្រជាជនអាហ្វហ្កានីស្ថានដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ និងបញ្ហាទាក់ទងសិទ្ធិមនុស្ស។ យ៉ាងណាមិញ វត្តមាននៅទឹកដីស្វ៊ីសពេលនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសស្វ៊ីសបញ្ជាក់ថា  មិនមែនជាការទទួលស្គាល់របបក្រុមតាលីបង់ឡើយ។

 
ក្រោយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់កាលពីខែសីហាឆ្នាំមុន អាហ្វហ្គានីស្ថានបានធ្លាក់ខ្លួនក្នុងភាពវឹកវរ និងជួបបញ្ហាជាច្រើនរួមមានអតិផរណា អត្រាអត់ការងារ ជាពិសេសបញ្ហាមនុស្សធម៌ដែលកាន់តែអាក្រក់ក្នុងរយៈពេលចុងក្រោយនេះ។
 
ក្នុងសេចក្ដីថ្លែងការណ៍មួយ មូលនិធិ Geneva Call ដែលជាស្ថាប័នធ្វើការដើម្បីការពារជនស៊ីវិលក្នុងពេលមានជម្លោះបានបញ្ជាក់ថា ពួកគេធ្វើជាម្ចាស់ផ្ទះសម្រាប់សន្និសីទស្តីពីវិបត្តិនៅអាហ្វហ្គានីស្ថានចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែកុម្ភៈ ក្នុងគោលបំណងជំរុញការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនប្រទេសមួយនេះ។
 
បើតាមស្ថាប័នដដែល អាហ្វហ្កានីស្ថានកំពុងជួបនឹងហានិភ័យជាច្រើនមានផលវិបាកនៃសង្គ្រាមជាច្រើនឆ្នាំ ការរីករាលដាលជំងឺកូវីដ-១៩ និងផលវិបាកផ្នែកសង្គមនិងសេដ្ឋកិច្ច ព្រមទាំងបញ្ហាធាតុអាកាស។ បច្ចុប្បន្នប្រជាជនអាហ្វហ្កានីស្ថានជាង២៣លាននាក់ កំពុងប្រឈមមុខកង្វះអាហារូបត្ថម្ភ ហើយ៩៧ភាគរយនៃប្រជាជនទាំងអស់កំពុងរស់នៅក្រោមកម្រិតនៃភាពក្រីក្រ។ ហេតុដូច្នេះ មូលនិធិ Geneva Call បានសម្រេចចិត្តអញ្ជើញមេដឹកនាំតាលីបង់មកពិភាក្សាក្នុងរឿងនេះ។ 
 
«តំណាងតាលីបង់ចូលរួមក្នុងសន្និសីទដើម្បីពិភាក្សាអំពីស្ថានការណ៍នៃជំនួយមនុស្សធម៌, ការការពារប្រជាជន, ការគោរពចំពោះការថែទាំសុខភាពនិងបញ្ហាមីន ហើយនិង សំណល់ជាតិផ្ទុះបន្សល់ក្រោយពីសង្គ្រាម។ មូលនិធិខាងលើអះអាងបែបនេះ។
 
បើតាមទីភ្នាក់ងារព័ត៌មានស្វ៊ីស ATS តំណាងតាលីបង់នៅទីក្រុងហ្សឺណែវដឹកនាំដោយលោក Latifullah Hakimi និងមន្រ្តីប្រហែល ១០ នាក់ទៀត។ អ្នកតំណាងទាំងនេះក៏នឹងជួបជាមួយមន្ត្រីស្វ៊ីស និងមន្ត្រីអឺរ៉ុប ផ្សេងទៀត រួមទាំងអង្គការកាកបាទក្រហមផងដែរ។
 
កាលពីសប្ដាហ៍មុន បន្ទាប់ពីត្រឡប់ពីកិច្ចចរចាជាមួយមហាអំណាចលោកខាងលិចនៅទីក្រុងអូស្លូ រដ្ឋមន្ត្រីការបរទេសរបបតាលីបង់ Amir Khan Muttaqi បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ពួកគេកំពុងខិតជិតទៅរកការទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសស្វ៊ីស អះអាងថា វត្តមានរបស់តាលីបង់ពេលនេះមិនមានន័យជាការទទួលស្គាល់រដ្ឋាភិបាលតាលីបង់នេះឡើយ៕
 

Tag:
 តាលីបង់
  មនុស្សធម៌
© រក្សាសិទ្ធិដោយ thmeythmey.com