ជាតិ
អន្តរក្រសួង ប្រជុំឱ្យយោបល់លើរបាយការណ៍ESIA នៃគម្រោងសង់ខ្សែកាបអុបទិកក្រោមសមុទ្រហុងកុង-ព្រះសីហនុ
11, Feb 2022 , 7:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឆ្លងកាត់ដែនសមុទ្រកម្ពុជា ប្រវែង ៣២៣,៥គីឡូម៉ែត្រ។ បើតាមកិច្ចប្រជុំអន្តរក្រសួង ដែលរៀបចំឡើងកាលពីថ្ងៃទី១០កុម្ភៈនេះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឆ្លងកាត់ដែនសមុទ្រកម្ពុជាហើយនោះ ក្នុងគម្រោងនេះ ក៏នឹងមានការសង់ស្ថានីយខ្សែកាប្លិ៍អុបទិក នៅក្នុងភូមិសាស្រ្តភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ផងដែរ។

 
ក្រសួងបរិស្ថាន បានចុះផ្សាយលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងនេះ អង្គប្រជុំគាំទ្រចំពោះគម្រោងសាងសង់នេះ ហើយបានស្នើឱ្យក្រុមហ៊ុនសាងសង់ ត្រូវកាត់បន្ថយការសាយភាយកករល្អក់នៅពេលជីកកប់ខ្សែកាប្លិ៍អុបទិក ចៀសវាងប៉ះពាល់ជីវៈចម្រុះសមុទ្រ។ 
 
អន្តរក្រសួង ក៏ស្នើឱ្យក្រុមហ៊ុនសាងសង់ រៀបចំផែនការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងត្រូវសិក្សាឱ្យបានច្បាស់លាល់ ទាក់ទងនឹងផ្កាថ្មនៅតំបន់គម្រោងដែរ។ ក្នុងករណីពេលជីកកប់ខ្សែកាបអុបទិកប៉ះពាល់ផ្កាថ្ម ក្រុមហ៊ុនត្រូវផ្អាកសកម្មភាព ហើយបញ្ចៀសដើម្បីកាត់បន្ថយការប៉ះពាល់ផ្កាថ្ម។ នេះជាសំណើរបស់អន្តរក្រសួងជាមួយនឹងការគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនសាងសង់ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា បញ្ចូលមតិយោបល់វិជ្ជមានរបស់អង្គប្រជុំ ទៅក្នុងរបាយការណ៍ESIA ឱ្យបានត្រឹមត្រូវដែរ។


រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន

បើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន ក្រុមហ៊ុន CRCC Harbour & Channel Engineering Bureau Group Co., Ltd. ជាអ្នកទទួលខុសត្រូវលើការងារសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រហុងកុង-ព្រះសីហនុនេះ ហើយក្រុមហ៊ុនទីប្រឹក្សា Creative Green Research Co., Ltd. ជាអ្នកសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA)។
 
សូមជម្រាបថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២ កំពុងដំណើរការគម្រោងខ្សែកាបអុបទិក តាំងពីឆ្នាំ២០១៧មក។ គម្រោងទី១ ភ្ជាប់តាមប្រព័ន្ធMCT (ម៉ាឡេស៊ី-កម្ពុជា-ថៃ) ដែលមានប្រវែងសរុប ១ ៣០០គីឡូម៉ែត្រ ក្នុងនោះ៤៧០គីឡូម៉ែត្រស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលភ្ជាប់ពីម៉ាឡេស៊ី មកក្រុងព្រះសីហនុ។ ចំណែកគម្រោងមួយទៀត ភ្ជាប់តាមប្រព័ន្ធ AAE-1 (អាស៊ី-អាហ្វ្រិក-អឺរ៉ុបទី១) មានប្រវែងសរុប ២៥ ០០០គីឡូម៉ែត្រ៕
 

Tag:
 ខ្សែកាបអុបទិក
 អ៊ីនធឺណិត
 បច្ចេកវិទ្យា
 ហុងកុង-ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com