អន្តរជាតិ
រោងចក្រផលិតថាមពលពីធ្យូងថ្មដ៏ធំបំផុតរបស់អូស្ត្រាលី នឹងបិទទ្វារក្នុងឆ្នាំ២០២៥ ខាងមុខ
19, Feb 2022 , 9:59 am        
រូបភាព
រូបថត AFP
រូបថត AFP
រោងចក្រផលិតថាមពលពីធ្យូងថ្មដ៏ធំបំផុតរបស់អូស្ត្រាលី គ្រោងនឹងបិទនៅឆ្នាំ២០២៥ ខាងមុខ។ ការបិទនេះ មានរយៈពេលលឿនជាងការគ្រោងទុក៧ឆ្នាំ។ បើតាមការប្រកាសរបស់ប្រតិបត្តិកររោងចក្រនៅថ្ងៃទី១៧ ខែកុម្ភៈ រោងចក្រនេះលែងដំណើរការដោយសារថាមពលកកើតឡើងវិញបច្ចុប្បន្នមានតម្លៃទាប។


ក្រុមហ៊ុន Origin Energy ដែលធ្វើប្រតិបត្តិការនៅរោងចក្រផលិតថាមពលដោយធ្យូថ្មប្រាប់វិនិយោគិនខ្លួនថា តម្លៃទាបនៃថាមពលកកើតឡើងវិញ បានធ្វើឱ្យប៉ះពាល់ដល់ការលក់ថាមពលបានមកពីធ្យូងថ្ម ដែលនេះនាំឱ្យមានការបិទរោងចក្រ Eraring ដែលជារោងចក្រផលិតថាមពលដ៏ធំនៅភាគខាងជើងទីក្រុងស៊ីដនី។
 
បច្ចុប្បន្ន រោងចក្រនេះមានម៉ាស៊ីនបំប្លែងធ្យូងថ្មទៅជាថាមពល៧២០មេហ្គាវ៉ាត់ចំនួន ៤ និងម៉ាស៊ីនភ្លើងដើរដោយប្រេងម៉ាស៊ូតទំហំ៤២មេហ្គាវ៉ាត់មួយ ដែលផ្គត់ផ្គង់ថាមពលដល់រដ្ឋ New South Wales។ រដ្ឋ New South Wales ជារដ្ឋមួយរបស់អូស្ត្រាលីដែលមានប្រជាជនច្រើនជាងគេ និងប្រើប្រាស់ថាមពលអគ្គិសនីប្រមាណមួយភាគបួននៃថាមពលដែលបានប្រើប្រាស់សរុបនៅអូស្ត្រាលី។
 
ពាក់ព័ន្ធនឹងការបិទរោងចក្រនេះ នាយកប្រតិបត្តិក្រុមហ៊ុន Origin Energy លោក Frank Calabria រំពឹងថា រោងចក្រ Eraring អាចនឹងត្រូវបិទនៅពាក់កណ្តាលឆ្នាំ ២០២៥ ខាងមុខ។ លើសពីនេះដែរ លោកក៏បានទទួលស្គាល់ថាការការផ្លាស់ប្តូរនេះ នឹងប៉ះពាល់ដល់បុគ្គលិករាប់រយនាក់ដែលកំពុងធ្វើការ។
 
«ការពិតគឺសេដ្ឋកិច្ចនៃរោងចក្រផលិតថាមពលពីធ្យូងថ្ម កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងដោយសារថាមពលកកើតឡើងវិញមានតម្លៃទាប រួមមានថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងអាគុយជាដើម»។ លោក Calabria បានលើកឡើងបែបនេះនៅថ្ងៃទី១៧ ខែកុម្ភៈ។
 
គួរបញ្ជាក់ថា រោងចក្រ Eraring បានដំណើរការអស់រយៈពេលជិត៤០ ឆ្នាំមកហើយ ខណៈកន្លងមកត្រូវបានរំពឹងថា នឹងបិទដំណើរការនៅឆ្នាំ២០៣២ ឯណោះ។ Eraring គឺជារោងចក្រថាមពលដើរដោយធ្យូងថ្មដ៏ធំបំផុតក្នុងចំណោមរោងចក្រដែលនៅសេសសល់ទាំង១៦ ដែលផ្គត់ផ្គង់ថាមពលក្នុងទីផ្សារក្នុងស្រុក។ ក្រៅតែពីរោងចក្រ Eraring រោងចក្រ៧ផ្សេងទៀត ក៏គ្រោងនឹងបិទនៅឆ្នាំ២០៣៥ផងដែរ ខណៈរោងចក្រថាមពលដើរដោយធ្យូងថ្មចុងក្រោយនឹងបិទនៅឆ្នាំ២០៥១។ 
 
បើទោះបីជាង៦០ភាគរយនៃថាមពលរបស់អូស្រ្តាលីផលិតចេញពីធ្យូងថ្មក្តី ចំនួននេះបានធ្លាក់ចុះពីការប្រើប្រាស់សរុប៨៧ភាគរយនៅឆ្នាំ២០០៦។ អូស្ត្រាលីជាប្រទេសផលិតធ្យូងថ្ម ធំជាងគេមួយលើពិភពលោក។ លើសពីនេះដែរ ការនាំចេញធ្យូងថ្មក៏ជាប្រភពចំណូលដ៏សំខាន់មួយរបស់អូស្រ្តាលីផងដែរ៕
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com