COVID-19
ជាតិ
ថ្នាក់ណា មានគ្រូ ឬសិស្សឆ្លងកូវីដ ត្រូវបិទទ្វារយ៉ាងតិច១សប្តាហ៍សិន ហើយរៀនតាមអនឡាញជំនួសវិញ
19, Feb 2022 , 1:59 pm        
រូបភាព
សិស្សានុសិស្សនៃវិទ្យាល័យសន្ធរម៉ុក រាជធានីភ្នំពេញ កំពុងស្ថិតក្នុងបន្ទុកសិក្សា។ រូប ត្រូវបានថតកាលពីខែកញ្ញា ឆ្នាំ២០២១។
សិស្សានុសិស្សនៃវិទ្យាល័យសន្ធរម៉ុក រាជធានីភ្នំពេញ កំពុងស្ថិតក្នុងបន្ទុកសិក្សា។ រូប ត្រូវបានថតកាលពីខែកញ្ញា ឆ្នាំ២០២១។
ក្នុងករណីថ្នាក់រៀនណា មានគ្រូ ឬសិស្ស ឆ្លងជំងឺកូវីដ-១៩ គ្រឹះស្ថានសិក្សា ត្រូវផ្អាកដំណើរការថ្នាក់រៀននោះជាបណ្តោះអាសន្នយ៉ាងតិច១សប្តាហ៍សិន ហើយត្រូវជំនួសមកវិញ ដោយការបង្រៀនតាមអនឡាញ។ នេះបើតាមសេចក្តីណែនាំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ដែលចេញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។


លោក ហង់ជួន ណារ៉ុន ចេញសេចក្តីណែនាំនេះ ដើម្បីបន្តជំរុញឲ្យមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ប្រភេទអូមីក្រុង។ លោក ណែនាំថា គ្រឹះស្ថានសិក្សា ដែលមានសិស្សច្រើន ត្រូវកាត់បន្ថយចំនួនសិស្ស ដែលទៅរៀនដោយផ្ទាល់ ដោយត្រូវរៀបចំការរៀនឆ្លាស់វេនគ្នា។ ឧទាហរណ៍ថា ១សប្តាហ៍ សិស្ស ត្រូវទៅថ្នាក់រៀនផ្ទាល់ក្នុងថ្នាក់ និង១សប្តាហ៍ទៀត សិស្ស ត្រូវរៀនតាមអនឡាញ ឬពីចម្ងាយ។ នេះជាការលើកឧទាហរណ៍របស់លោក ទៅកាន់មន្រ្តីអប់រំ។ 
 
លោករដ្ឋមន្រ្តីអប់រំ បន្តថា គ្រឹះស្ថានអប់រំ ត្រូវរៀបចំឲ្យមានការរក្សាគម្លាតសុវត្ថិភាព លើកកម្ពស់អនាម័យ និងបរិយាកាសល្អក្នុងបន្ទាន់រៀន។ 
 
បន្ថែមពីនេះ លោក បានប្រាប់គ្រូតាមថ្នាក់រៀននីមួយៗ ឲ្យស្រង់ស្ថិតិសិស្សានុសិស្ស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងសិស្សានុស្ស ដែលមិនទាន់បានចាក់ រួចបញ្ជូនទៅគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា។ បន្ទាប់មក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវជំរុញឲ្យបុគ្គលិកអប់រំ និងសិស្សានុសិស្ស ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា៕ 
 

Tag:
 COVID-19
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com