សុខភាព
អន្តរជាតិ
ការសិក្សា៖ ស្រាបៀត្រឹមមួយកែវ អាចប៉ះពាល់ដល់សុខភាពខួរក្បាល
26, Mar 2022 , 10:29 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ការសិក្សាថ្មីមួយ បានរកឃើញថា ការទទួលទានស្រាបៀតែមួយកែវ ឬស្រាក្រហមត្រឹមកន្លះកែវក្នុងមួយថ្ងៃអាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពខួរក្បាលយ៉ាងខ្លាំង។ លើសពីនេះ វាអាចបំផ្លាញកោសិកាខួរក្បាលកាន់តែច្រើនឡើង ប្រសិនបរិមាណនៃការទទួលទានកើនឡើងបន្ថែមរាល់ថ្ងៃ។ នេះមានន័យថា វាធ្វើឱ្យខួរក្បាលមនុស្សឆាប់ចាស់ មុនអាយុដែលរួមមានការថយចុះការចងចាំ និងសមត្ថភាពគិតពិចារណាជាដើម។

 
ការសិក្សាថ្មីមួយ ដែលចុះផ្សាយលើទិនានុប្បវត្ដិ Natural បានបង្ហាញថា ការទទួលទានស្រាបៀត្រឹមតែមួយកែវ ឬស្រាក្រហមកន្លះកែវក្នុងមួយថ្ងៃជាប្រចាំអាចប៉ះពាល់ដល់ខួរក្បាលធ្វើឱ្យខួរក្បាលរួមតូច ដែលមានន័យថាផ្នែកខ្លះនៃខួរក្បាលមិនអាចបំពេញមុនងារបានល្អ។ វាធ្វើឱ្យខួរក្បាលចាស់ជាងអាយុ ប្រៀបដូចជាខួរក្បាលមនុស្សចាស់ដែលមិនសូវចងចាំល្អ និងថយចុះសមត្ថភាពគិតពិចារណាជាដើម។
 
តាមការសិក្សា មនុស្សពេញវ័យអាយុ៥០ឆ្នាំដែលបានទទួលទានស្រាបៀមួយកែវ ឬស្រាក្រហមប្រមាណ ១៧៥មីលីលីត្រក្នុងមួយថ្ងៃ មានខួរក្បាលចាស់ជាងអ្នកដែលទទួលទានស្រាបៀកន្លះកែវដល់ទៅ២ឆ្នាំ។ ចំណែកអ្នកដែលបានទទួលទានស្រា៣កែវក្នុងមួយថ្ងៃ មានខួរប្រផះ និងខួរសតិចជាងធម្មតា ហើយខួរក្បាលចាស់ជាងអាយុពិតជិត៤ឆ្នាំ។
 
ចំពោះអ្នកមិនដែលទទួលទានស្រា ដែលចាប់ផ្តើមទទួលទានជាមធ្យមកន្លះកែវក្នុងមួយថ្ងៃ ការសិក្សាបានបង្ហាញថា ពួកគេមានខួរក្បាលចាស់ជាងអាយុពិតកន្លះឆ្នាំ។ បើសិនផឹកស្រា ២កែវក្នុងមួយថ្ងៃវិញ អ្នកនឹងមានខួរក្បាលចាស់ជាងអាយុដល់ទៅជាង ១០ឆ្នាំ។ លើសពីនេះ វាអាចបំផ្លាញកោសិកាខួរក្បាលកាន់តែច្រើនឡើង ហើយចាស់កាន់តែខ្លាំង ប្រសិនបរិមាណនៃការទទួលទានកើនឡើងបន្ថែមរាល់ថ្ងៃ។
 
កន្លងមកអ្នកជំនាញជឿថា ជាតិអាល់កុលក្នុងកម្រិតមធ្យមអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព ជាពិសេសបេះដូង និងខួរក្បាល ប៉ុន្តែការស្រាវជ្រាវថ្មីៗនេះមួយចំនួនបានរកឃើញថា ការផឹកស្រាមិនថាក្នុងបរិមាណណាក៏ដោយ មិនបានជួយឱ្យមានសុខភាពល្អនោះទេ។ ជាក់ស្តែងនាពេលថ្មីៗនេះ សមាគមន៍ប្រឆាំងជំងឺបេះដូងពិភពលោកក៏បានអះអាងដែរថាមិនមានបរិមាណណាមួយនៃការទទួលទានគ្រឿងស្រវឹងដែលមានសុវត្ថិភាពសម្រាប់សុខភាពនោះទេ៕ 
 

Tag:
 ស្រា
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com